កាសែត​និង​ទស្សនា​វ​ដ្តី​វៀតណាម​កំពុង​ស្លាប់​បណ្តើរៗ ចំពេល​អ្នកអាន​ងាក​មករក​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត​

1275
ចែករម្លែក

“​សួស្ដី​។ ទិញ​កាសែត​ទេ​?” លោក ត្រឹ​ន កុក កុង អ្នកលក់កាសែត​ពិការភ្នែក​នៅ​ទីក្រុង​សាយ​ហ្គ​ន សួរ​ទៅ​អ្នកដើរ​កាត់ ជា​ភាសា​អង់គ្លេស​។ ដោយ​មិន​យក​ភ្នែក​មើល​សូម្បីតែ​បន្តិច​នោះ អ្នក​ថ្មើរ​ជើងបាន​ដើរ​ផុត បុរស​សម្បុរ​ខ្មៅ​មាឌតូច​ឈរ​កាន់​កាសែត Times កាសែត Le Monde និង​កាសែត New York Times នៅក្នុង​ដៃ​ពេញ​។​

​លោក​កុង​បាន​លក់​កាសែត​និង​ទស្សនា​វ​ដ្តី​បរទេស​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ហើយ​អាច​ចំណាំ​កាសែត​នីមួយៗ​ទៅតាម​ទំហំ​របស់​វា​។ លោក​ក៏បាន​ធ្វើ​អាជីវកម្ម​នៅ​កន្លែង​ល្អ​បំផុត​មួយ​ដែរ​ដើម្បី​លក់​កាសែត​នៅ​សាយ​ហ្គ​ន គឺ​នៅ​ម្តុំ​ផ្លូវ​ដុង​ខូ​យ ក្នុង​តំបន់​ទេសចរណ៍​សំខាន់ នៅ​ជិត​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​ល្អៗ​។ ប៉ុន្តែ​នេះ​មិនបាន​បញ្ឈប់​អតិថិជន​ពី​ការធ្លាក់ចុះ​សន្សឹមៗ​បាន​នោះទេ​។​

​លោក​កុង​និយាយថា “​បើ​ធ្លាប់មាន​អ្នកទិញ ១០ នាក់ ឥឡូវនេះ​មានតែ ៣ នាក់​ទេ​”​។ គាត់​បាន​និយាយថា “​ខ្ញុំ​បាន​ឮថា​ពួកគេ​អាន​ព័ត៌មាន​តាម​អ៊ិន​ធឺ​ណេ​ត​ជំនួស​វិញ​”​។​

​ការធ្លាក់ចុះ​នៃ​ការបោះពុម្ពផ្សាយ​ព័ត៌មាន​នៅ​វៀតណាម​បានឃើញ​ស្តែងៗ​កាន់តែច្បាស់ នៅពេលដែល​អ្នក​ក្រឡេក​មើលថា​តើ​អ្នកលក់កាសែត​នៅ​សេសសល់​ប៉ុន្មាន​នាក់​កំពុងតែ​តស៊ូ​លក់​នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ធំៗ ដូចជា​ហាណូយ​និង​សាយ​ហ្គ​ន​។​

​លោកស្រី​យ៉ុង ដែលមាន​តូប​កាសែត​មួយ​នៅលើ​ផ្លូវ​លី​ចិញ​ថា​ង ក្នុង​សង្កាត់​លេខ ៣ អស់​រយៈពេល ១៨ ឆ្នាំ​មកហើយ​នោះ ចងចាំ​ឥត​ភ្លេច​ឡើយ​នៅ​គ្រាមួយ ដែល​តំបន់​នេះ​ធ្លាប់​តែមាន​តូប​លក់​កាសែត និង​អ្នកលក់ដូរ​ច្រើន​ស្អេកស្កះ​។​

​លោកស្រី​រំលឹកថា “​វា​ទើបតែ​៥​ឆ្នាំមុន​ប៉ុណ្ណោះ​។ កាលណោះ ខ្ញុំ​អាច​លក់បាន​រាប់រយ​ច្បាប់​ក្នុង​មួយថ្ងៃ​។ ឥឡូវនេះ​បើ​ខ្ញុំ​លក់​កាសែត​បានតែ​បួនដប់​ច្បាប់ ខ្ញុំ​គិតថា​វា​ជា​ថ្ងៃ​ល្អ​ប្រពៃ​ណាស់​ទៅហើយ​”​។​

​លោកស្រី​យ៉ុង​គ្រោង​នឹង​បោះបង់​មុខរបរ​នេះ​នាពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។ លោកស្រី​និយាយថា “​មិនមាន​មនុស្ស​ច្រើន​ទេ​ទិញ​កាសែត ដូច្នេះ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​ប្តូរ​ទៅរក​ការងារ​ធ្វើ​នៅផ្ទះ​ឬអ្វី​ផ្សេងទៀត​”​។​

​ម្ភៃ​ឆ្នាំ​ក្រោយពី​កាសែត​អន​ឡាញ​ដំបូង​របស់​ប្រទេស​វៀតណាម​បានចាប់ផ្តើម​គឺ​វេ​ប​សាយ Que Huong អ្នកអាន​វៀតណាម​បាន​ស្វែងរក​ព័ត៌មាន​ច្រើនឡើង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ជាពិសេស​អ្នកអាន​វ័យក្មេង​។​

​ជាមួយ​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​ចំនួន ៩០ លាន​នាក់​របស់ខ្លួន ប្រទេស​វៀតណាម​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​ប្រទេស​កំពូល​ទាំង ២០ នៅលើ​ពិភពលោក ដែលមាន​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ ២០១៦​។​

​ស្របពេល​ជាមួយគ្នានេះដែរ ជាមួយ​តួលេខ​ប្រហែល ៣៥ ភាគរយ​នៃ​ប្រជាជន​កំពុងកាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ ឧបករណ៍​អេឡិចត្រូនិក​បាន​ចូលមក​ជំនួស​កាសែត​យ៉ាង​ឆាប់រហ័ស ក្នុងនាម​ជា​ប្រភពព័ត៌មាន​ដ៏​សំខាន់​។​

​ជាការ​ពិត ការស្រាវជ្រាវ​ថ្មីៗ​នេះ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន TSN និង Google បាន​បង្ហាញថា ៦៥ ភាគរយ​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​វៀតណាម​បាន​មើល​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ឆែក​មើល​ព័ត៌មាន​និង​អាកាសធាតុ​ជា​រៀងរាល់ថ្ងៃ​។​

​ជា​លទ្ធផល ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​ពុំ​សូវ​ចង់​ផ្សាយ​លើ​ទំព័រ​កាសែត​ទេ ហើយ​ឥឡូវនេះ ចំណូល​ដ៏​សំខាន់​នៅ​ពីក្រោយ​ឧស្សាហកម្ម​កាសែត​វៀតណាម​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​៕ ដោយ៖ កញ្ញាដាលីស

OLYMPUS DIGITAL CAMERA

កាសែត​និង​ទស្សនា​វ​ដ្តី​វៀតណាម​កំពុង​ស្លាប់ទៅ​បណ្តើ​រហើយ ដោយសារ​ព័ត៌មាន​លើ​អន​ឡាញ​កំពុង​ពេញនិយម