កាសែត​បោះ​ពុ​ម្ភ នៅ​វៀតណាម​និង​កម្ពុជា ប្រឈមមុខ​ដូចគ្នា​នឹង​ការធ្លាក់ចុះ​អ្នកអាន

722
ចែករម្លែក
  • 3
    Shares

ដោយ:​សុផល​/​ភ្នំពេញ ៖ ការឈាន​មកដល់​នូវ​យុគសម័យ​ឌីជីថល​និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ពត៌មាន ព្រមទាំង​ការរីក​សុះសាយ​របស់​បណ្តាញ​សង្គម ​(Social Media) អ៊ី​ន​ធើ​ណិ​ត និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន បានធ្វើឱ្យ​កាសែត​បោះ​ពុ​ម្ភ​នៅ​ពាសពេញ​ពិភពលោក​ប្រឈម​នឹង​បញ្ហា​ស្រដៀងៗ​គ្នា​គឺ​ការថយចុះ​នូវ​ចំនួន​អ្នកអាន និង​ការធ្លាក់ចុះ​ការផ្សាយពាណិជ្ជកម្ម​ដែលជា​ចំណូល​ដ៍​ធំ​សម្រាប់​សារពត៌មាន​។​
​ ​

នៅ​កម្ពុជា កាសែត​ប្រពៃណី ក៏​ប្រឈម​នឹង​បញ្ហា​ដូចគ្នានេះដែរ បន្ទាប់ពី​ការវាយលុក និង​ការកើនឡើង​របស់​កាសែត​តាម​អន​ឡាញ​និង​បណ្តាញ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក​ជាដើម​។​ចំណែក​នៅ​ប្រទេស​វៀតណាម ក៏​ប្រឈម​បញ្ហា​ដូចគ្នា​។​
​ ​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទីក្រុង​ហូជីមិញ ទីក្រុង​ហាណូយ​និង​ខេត្ត​និ​ញ​ប៊ិ​ញ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​របស់​អ្នកកាសែត​កម្ពុជា​ចំនួន​១០រូប ​មកពី​ស្ថាប័នរដ្ឋ​និង​ឯកជន​តប​តាម​ការអញ្ជើញ​របស់​ក្រសួងពត៌មាន​និង​សារ​ទូរគមនាគមន៍ បច្ចេកវិទ្យា​វៀតណាម​នោះ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នេះ និង​ការផ្លាស់ប្តូ​រលើ​វិស័យ​ពត៌មាន​រវាង​ប្រទេស​ទាំងពីរ​។​

សូមជម្រាបថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ គណៈប្រតិភូ​អ្នក​សារពត៌មាន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​បានធ្វើ​ទស្សនកិច្ច​និង​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​នៅ​ស្ថាប័ន​កាសែត​ច្បាប់​ទីក្រុង​ហូជីមិញ​(PHAP LUAT),​សមាគម​អ្នកកាសែត​វៀតណាម​ក្រុង​ហូជីមិញ ,​អតីត​វិមាន​រដ្ឋ​នៃ​ប្រធានាធិបតី​វៀតណាម​ខាងត្បូង​,​កាសែត​សេដ្ឋកិច្ច​សៃ​ហ្គ​ន​ថា​ម​,​ស្ថានីយ៍វិទ្យុផ្សាយសម្លេង​វៀតណាម VOV,​កាសែត​កីឡាបាល់ទាត់ Bongda,​កាសែត​វប្បធម៌​VAN HOA,​កាសែត​កសិកម្ម NONG THON Ngay Nay ,​ទស្សនា​កម្សាន្ត​នៅ​វត្ត​បៃ​ឌី​ញ​និង​រមណីយដ្ឋាន​ទេសចរណ៍ ឆាង​អាន (Trang An)​ខេត្ត និ​ញ​ប៊ិ​ញ ។​

​លោក ស្រី ឡេ​ថា​ញ់ ង៉ា ជំនាញការ​នៃ​ការិយាល័យ​បណ្ដុះបណ្ដាល​សារព័ត៌មាន និង​ទំនាក់ទំនង​ការទូត ក្រសួង​ព័ត៌មាន និង​សារគមនាគមន៍ បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បញ្ជាក់ថា​៖​ក្រសួង​ព័ត៌មាន​និង​សារគមនាគមន៍ បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម បាន​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា បានមក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ​នាពេលនេះ គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​ព័ត៌មាន វៀតណាម​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត លើ​វិស័យ​ព័ត៌មាន​។ ក្រៅពី​គម្រោង កិច្ចសហប្រតិបត្តិការ លើ​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍ ផ្នែក​វិស័យ​ព័​ត៏​មាន ភាគី​វៀតណាម ចង់​ឲ្យ​គណៈប្រតិភូ​កម្ពុជា មានឱកាស​បានមក​ទ​ស្សនា អំពី​អ​តី​តៈ​អគារ​វិមាន​រដ្ឋ អគារ​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​វៀតណាម​និង​តំបន់​ទេសចរ​ផងដែរ​។​

លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័​ត៌​មាន តំណាង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន និង​ជា​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​វៀតណាម បាន​បញ្ជាក់ថា​ ​ដំណើរ​ទស្សនៈ​ជា​ផ្លូវការ​របស់​អ្នកកាសែត​កម្ពុជា​នៅ​ប្រទេស​​​វៀតណាម​នាពេលនេះ​តាម​កម្មវិធី​ស្នើសុំ​របស់​ភាគី​វៀតណាម ទៅតាម​គម្រោង កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា​និង​ក្រសួង​ព័ត៌មាន​និង​សារ​ទូរគមនាគមន៍ បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ធ្វើយ៉ាងណា បានផ្ដល់​ឱកាស ជូន​ដល់​មន្ត្រី​ផ្នែក​ព័ត៌មានឬអ្នកកាសែត​កម្ពុជា បានមក​បំពេញ​ទស្សនកិច្ច ដើម្បី​ផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍ លើ​វិស័យ​ព័ត៌មាន គ្រប់គ្រង​ព័ត៌មាន​គ្រប់គ្រង​ការចេញផ្សាយ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​វិជ្ជាជីវៈ​របស់ខ្លួន ។​
​ ​

នៅក្នុង​ជំនួប​ពិភាក្សា ជារួម​ភាគី​ទាំងពីរ​បាន​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ពត៌មាន ចំណេះដឹង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ។​ក្នុងចំណោម​នោះ​ប្រធានបទ​ការធ្លាក់ចុះ​កាសែត​បោះ​ពុ​ម្ភ​និង​ដំណោះស្រាយ​បញ្ហា​នេះ ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​និង​ចែករម្លែក​ផងដែរ​។​

​លោក Mai Ngoc Phu អគ្គនាយក​កាសែត​ច្បាប់​វៀតណាម​ឈ្មោះ​ផាប​លុត បាន​មានប្រសាសន៍ថា​៖​បច្ចុប្បន្ន អ្នកអាន​ចូលចិត្ត​អាន​ពត៌មាន​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​បណ្តាញ​សង្គម​មិនសូវ​ចូលចិត្ត​អាន​កាសែត​បោះ​ពុ​ម្ភ​ដូច​មុន​ទេ​។​ដូច្នេះ​ដើម្បី​ទប់​ការធ្លាក់ចុះ​នេះ​ផាប​លុត​បាន​បង្កើត​គេហទំព័រ​អន​ឡាញ​ដើម្បី​ទាក់ទាញ​អ្នកអាន​។​
​លោក​បាន​បញ្ជាក់ថា​៖«​ដើម្បី​រក្សា​ការអាន​កាសែត​បោះ​ពុ​ម្ភ​ឱ្យនៅ​គង់វង្ស​ពត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​អន​ឡាញ គឺ​សម្រាប់តែ​ពត៌មាន​ទាន់​ហេតុការណ៍ និង​គ្រាន់តែ​ជម្រាប​ជា​ដំណឹង តែ​កាសែត​បោះ​ពុ​ម្ភ ត្រូវ​សរសេរ​លម្អិត វិភាគ​ស៊ីជម្រៅ​និង​ធ្វើកំណែទម្រង់​ថ្មីៗ​»​។​

លោក Mai Ngoc Phuoc​បាន​លើកឡើងថា «​ចង់​លឿន រហ័ស ខ្លីៗ ទាន់​ហេតុការណ៍​ត្រូវ​អាន​សារព័ត៌មាន​Online ប៉ុន្តែ​ប្រសិន​ចង់​លម្អិត ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ត្រូវ​អាន​កាសែត​» ។​

លោក Mai Ngoc Phuoc បាន​បង្ហើប​ពី​របៀប​ដែល​នាំ​ឲ្យ​កាសែត​ខ្លួន នៅតែ​ពេញ​និយម​សម្រាប់​អ្នកអាន​ថា ការបង្កើត​កាសែត​Online ឬ​ព័ត៌មាន​Online ពី​កាសែត​បោះ​ពុ​ម្ភ​គឺជា​រឿង​ចាំបាច់ និង​ស្របតាម​កាលៈទេសៈ នៃ​ភាពទាន់សម័យ​។ ប៉ុន្តែ​មិនអាច​ព្រោះតែ​រត់តាម​ភាពទាន់សម័យ ត្រូវ​សម្លាប់​ការផ្សាយ​របស់​កាសែត​បោះ​ពុ​ម្ភ​របស់ខ្លួន​ទេ ដូច្នោះ​ជា​យុទ្ធសាស្ត្រ​ត្រូវ ឲ្យ​អ្នកអាន​មាន​ជម្រើស ក្នុង​បរិបទ​២ នោះ​បើ​ចង់​រហ័ស លឿន ខ្លី អាន​Online តែបើ​ចង់​លម្អិត អាន​កាសែត​បោះ​ពុ​ម្ភ​។ និពន្ធ​នាយក​នៃ​កាសែត Phapluat ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩០​បាន​បន្តទៀតថា ភាព​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​ខ្លឹមសារ គឺជា​អ្វីដែល​ស្ថាប័ន​កាសែត​បោះ​ពុ​ម្ភ ត្រូវ​រក្សា​ឲ្យ​បាន ដើម្បី​ប្រកួតប្រជែង​នឹង​សារព័ត៌មាន​Online​។​

គួរ​ជម្រាប​ថា​ PHAPLUAT ជា​កាសែត មាន​ឥទ្ធិពល​ខ្លាំងជាងគេ​នៅ​ទីក្រុង​ហូជីមិញ បោះ​ពុ​ម្ភ​ក្នុង​មួយ​ថ្ងែ​ចំនួន ៦​ម៉ឺន​ច្បាប់ ចំណែក​អន​ឡាញ មាន​អ្នកមើល​ពី​៧​សែន​ទៅ​១​លាន​នាក់ ក្នុង​១​ឆ្នាំ​រកចំណូលបាន​ប្រមាណ​៦០​ពាន់​លាន​ដុង និង​មាន​បុគ្គលិក​ជិត​២០០​នាក់​។​

ចំណែក លោក ចាន់ មិញ​ហ៊ុ​ង​(Tran Minh Hung) និពន្ធ​នាយក​កាសែត​សេដ្ឋកិច្ច Saigon Time Group ដែលមាន​អាយុកាល​ជិត​៣០​ឆ្នាំ បាន​មានប្រសាសន៍ថា​៖​កាសែត Saigon Time បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩១ ស្ថិតក្នុង​សាជីវកម្ម​របស់​ក្រុមហ៊ុន Saigon Time Group ជា​កាសែត​សេដ្ឋកិច្ច​សៃ​ហ្គ​ន​ដ៏​ធំ​មួយ មាន​ទាំង​កាសែត​បោះ​ពុ​ម្ភ ដែល​ចេញផ្សាយ​ជា​ភាសារ​វៀតណាម និង​ភាសារ​អង់គ្លេស និង​មាន​ជា​គេហទំព័រ ឬ​ហៅថា​កាសែត​Online​។ ជា​រៀងរាល់ថ្ងៃ​កាសែត​នេះ​បាន​ផ្សាយ​ដោយ​ផ្តោតជាសំខាន់ លើ​ព័ត៌មាន​សេដ្ឋកិច្ច​,​ព័ត៌មាន​តម្លៃ​ទីផ្សារ​,​ការទិញ​លក់​អចលនទ្រព្យ -​ល​-​។

​លោក​បាន​លើកឡើងថា​លោក​យល់ស្រប​ដែរ​ថា ព័ត៌មាន​Online បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការលក់​កាសែត​បោះ​ពុ​ម្ភ ប៉ុន្តែ Saigon Time បាន​សិក្សា និង​យល់ច្បាស់​ថា អតិថិជន​គោលដៅ​របស់ខ្លួន ភាគច្រើន​អ្នក​ធុរកិច្ច អ្នកគ្រប់គ្រង អ្នកជំនាញការ និស្សិត និង​ពលរដ្ឋ​ទូទៅ​ដែល​ចាប់អារម្មណ៍​ពី​សេដ្ឋកិច្ច​នៅតែ​ចូលចិត្ត​អាន​កាសែត​ជាង​អាន​តាម​ទូរ​សព្ទ័​ព្រោះតែ​កាសែត​បាន​បែងចែក​ទម្រង់​ព័ត៌មាន​ជា​២​ប្រភេទ​។

លោក​អគ្គនាយក Saigon Time បាន​ឲ្យ​ដឹងថា​«​យុទ្ធសាស្ត្រ ដែល​នាំ​ឲ្យ​អតិថិជន​នៅតែ​ស្មោះស្ម័គ្រ​ថា គេហទំព័រ​ព័ត៌មាន Saigon Time គ្រាន់តែ​ជា​អ្វីដែល​យើង​បន្ថែម ពីលើ​កាសែត​បោះ​ពុ​ម្ភ ប៉ុន្តែ​អត្ថបទ​វិភាគ​ស៊ីជម្រៅ​ផ្នែក​សេដ្ឋកិច្ច នឹង​មានតែ​ក្នុង​កាសែត​បោះ​ពុ​ម្ភ​ប៉ុណ្ណោះ »​។​

លោក លី វ៉ាន់​ហយ និពន្ធ​នាយករង​កាសែត​កសិកម្ម បាន​លើកឡើងថា សម័យ​បច្ចេកវិទ្យា​ពត៌មាន​និង​ការ​លុកលុយ​ពី​បណ្តាញ​សង្គម កាសែត​កសិកម្ម​ក៏​ទទួលរង​សម្ពាធ​ពី​អន​ឡាញ​ដែរ​។​ដូច្នេះ​កាសែត​កសិកម្ម​បានធ្វើ​កំណែទម្រង់​និង​ធ្វើ​បច្ចុប្បន្នភាព​(Update)​ជាប្រចាំ ដើម្បី​ទាក់ទាញ​អ្នកអាន​។​កាសែត​បោះ​ពុ​ម្ភ​ត្រូវតែ​សរសេរ​លម្អិត​គ្រប់​ជ្រុងជ្រោយ​និង វិភាគ​ស៊ី​ម្រៅ ឯ​អន​ឡាញ គ្រាន់តែ​ជាការ​ជូនដំណឹង​។​ជា​លទ្ធផល កាសែត​បោះ​ពុ​ម្ភ​នៅតែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ ចំណូល​៧០​ទៅ​៨០​ភាគរយ បាន​ពី​កាសែត​បោះ​ពុ​ម្ភ​។​គួរ​ជម្រាប​ថា កាសែត​កសិកម្ម​បោះ​ពុ​ម្ភ​៦​ម៉ឺន​ច្បាប់​ក្នុង​១​ថ្ងៃ​និង​កាសែត​អន​ឡាញ​មាន​អ្នកមើល​ប្រហែល​១​លាន​នាក់​ក្នុង​១​ថ្ងៃ​។​មាន​បុគ្គលិក ជាង​២០០​នាក់​។​

លោកស្រី ថាច់​ធី ធិ​ន​ថាវ និពន្ធ​នាយករង​កាសែត​កីឡា Bongda Newspaper បានឱ្យដឹងថា​ ​កាសែត​បុ​ង​ដា និយាយ​តែ​ពី​កីឡាបាល់ទាត់​ក្នុងស្រុក​និង​អន្តរជាតិ​។​ស្ថាប័ន​នេះ​មាន​កាសែត​បោះ​ពុ​ម្ភ​និង​អន​ឡាញ​។​កាសែត​ប្រពៃណី​នេះ ប្រឈម​នឹង​បញ្ហា ការលក់​ធ្លាក់ចុះ​ដោយសារ​ឌីជីថល​វាយលុក​។​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​កាន់​តែខ្លាំង បុ​ង​ដា បាន​បង្កើត​កាសែត​អន​ឡាញ​មួយទៀត​។​ ក្រោយមក​កាសែត​បោះ​ពុ​ម្ភ​បុ​ង​ដា បានធ្វើ​កំណែទម្រង់​ជាច្រើនលើក​ច្រើនសារ​ ដើម្បី​ទាញ​អ្នកអាន​ត្រឡប់មកវិញ ទីបំផុត​កាសែត​បោះ​ពុ​ម្ភ​បានទទួល​ការគាំទ្រ​ច្រើន​ឡើងវិញ​។​

ចំណែក​លោកស្រី និពន្ធ​នាយក​កាសែត​វប្បធម៌​បានឱ្យដឹងថា​កាសែត​វប្បធម៌​ក៏​ប្រឈម​នឹង​ការធ្លាក់ចុះ​ដែរ​សម័យ​ឌីជីថល​។​កាសែត​នេះ រកចំណូលបាន​ពី​ការលក់​កាសែត ការផ្សាយពាណិជ្ជកម្ម និង​ប្រភព​ផ្សេងៗ​ទៀត ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​ជួយ​បន្ថែម​ទើប​អាច​នៅរស់​ដល់​សព្វថ្ងៃ​៕B/