កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវបាន​ថៅកែ​អូស្ត្រាលី លក់​បន្តទៅ​ឲ្យ​ថៅកែ​ម៉ាឡេស៊ី ហើយ​នៅ​ចេញផ្សាយ​ធម្មតា​

1837
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ត្រូវបាន​ក្រុមហ៊ុន​អូស្ត្រាលី លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកវិនិយោគ​ជា​ជនជាតិ​ម៉ាឡេស៊ី Sivakumar G. ( Siva )​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តំណាង​ក្រុមហ៊ុន Post Media Ltd​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨ លោក Bill Clough ដែលជា​ម្ចាស់​ក្រុមហ៊ុន Post Media Ltd និង​ជា​ចាងហ្វាង​ការផ្សាយ​របស់​កាសែត Phnom Penh Post បាន​លើកឡើងថា លោក Siva ដែល​បាន​ទិញយក​កាសែត Phnom Penh Post គឺជា​អ្នកសារព័ត៌មាន​ដ៏​ល្បីល្បាញ និង​ដ៏​មានបទពិសោធន៍ ហើយក៏​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន​ដ៏​ធំ​របស់​ម៉ាឡេស៊ី​។​

​ក្នុង​សេចក្តីប្រកាស​ដដែល លោក Bill Clough បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដោះស្រាយ​រួចរាល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ពន្ធដារ ដែល​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​កន្លងមក ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ចំណែក​ករណី​នៅ​តុលាការ ដែល​អតីត​បុគ្គលិក​ជាន់​ខ្ពស់​ជនជាតិ​បរទេស បាន​ប្តឹងផ្តល់​នោះ កំពុង​បន្ត​ដោះស្រាយ នៅ​តុលាការ ហើយ​ក្រុមហ៊ុន បាន​បញ្ជាក់ថា ការអនុវត្ត​ដីកា​រឹបអូស​ទ្រព្យ សម្បត្តិ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវបាន​ផ្អាក រង់ចាំ​តុលាការ​កំពូល ជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​។​

​យ៉ាងណា ក៏ដោយ ក្រុមហ៊ុន កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បញ្ជាក់ថា ទោះបីជា​សេចក្តីសម្រេច​របស់​តុលាការ បែប ណាក៏ដោយ ក៏​កាសែត Phnom Penh Post មិន​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​ដំណើរការ​នៃ​ការងារ​របស់ខ្លួន​ឡើយ​។​

​គិតដល់​ខែឧសភា​ឆ្នាំ​២០១៨​នេះ អស់​រយៈពេល ២៦ ឆ្នាំ​ហើយ សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចាប់តាំងពី​បង្កើត​ដំបូង​ដោយ​លោក Michael Hayes នៅ​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន Post Media បាន​ទិញ​កាសែត​ភ្នំពេញ ពី​លោក Michael Hayes ហើយ​ចេញផ្សាយ​ប្រចាំថ្ងៃ​នូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​នៅ​ឆ្នាំ​២០០៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​៕MN