កាសែត​រស្មី​កម្ពុជា​គម្រប់​ ២៦​ឆ្នាំ​លើ​វិថី​បម្រើ​មិត្ត​អ្នកអាន

926
ចែករម្លែក
  • 9
    Shares

​កាលពី​ថ្ងៃ​សុក្រ​ ទី​៩ ​ខែមេសា ​ឆ្នាំ​១៩៩៣ កាសែត​រស្មី​កម្ពុជា​ដែលជា​កាសែត​ចេញផ្សាយប្រចាំថ្ងៃ​បោះពុម្ព​ជា​ពណ៌​ធម្មជាតិ​ បានចេញ​ផ្សាយ​លេខ​ដំបូង​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ​បើទោះបីជា​ស្ថានភាព​ទូទៅ​នៃ​បច្ចេកវិទ្យា​នាពេលនោះ​មិន​ដូច​ពេល​នេះក្តី​។​មកដល់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​នេះ ​កាសែត​ស្មី​កម្ពុជា​បានចេញ​ផ្សាយ​គម្រប់​២៦​ឆ្នាំ​ ជាមួយនឹង​ការចេញ​ផ្សាយបាន​ចំនួន ​៧.៩០៦ ​លេខ​។​

​ដោយ​រំលឹក​ទៅរក​អតីតកាល​នៃ​ការចេញដំណើរ​របស់ខ្លួន​ យើង​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​ស្ថាបនិក​និង​អ្នកដឹកនាំ​ដំបូង​នូវ​កាសែត​ឯកជន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​។ នោះគឺ ឯកឧត្តម នឹម ច័ន្ទ​តារា លោក កក ក្វាន់​ហុង ជា​នាយក​គ្រប់គ្រង លោក ប៉ែន សមិទ្ធិ ជា​និពន្ធ​នាយក ពិសេស​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​ជាមួយនឹង​ដៃគូ​ក្រុមហ៊ុន​នៃ​ប្រទេស​ថៃ និង​អ្នកនិពន្ធ អ្នកយកព័ត៌មាន ដែល​បាន​រួមគ្នា​សម្រេច​ចេញ​ជា​សមិទ្ធិ​នេះ​ឡើង​។ ជាពិសេស​ថែមទៀត​នោះ​គឺ​រដ្ឋាភិបាល​នាពេលនោះ​បានអនុញ្ញាត​ដោយ​ពុំ​មានការ​រួញរា បើទោះបីជា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងស្ថិត​ក្នុងស្ថានភាព​មួយ​រពើតរពើង​ក៏ដោយ​។​

​គេ​អាច​នៅចាំ​បាន​ថា​ ការចេញផ្សាយ​របស់​កាសែត​រស្មី​កម្ពុជា​នាពេលនោះ​គឺ​ជាង​មួយខែ​មុន​ការបោះឆ្នោត​សកល​លើកដំបូង​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​។ ពេលនោះសង្គ្រាម​ផ្ទៃក្នុង​ពុំទាន់​បានបញ្ចប់​នៅឡើយ​ ដោយសារតែ​ភាគី​ខ្មែរក្រហម​បានធ្វើ​ពហិការ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​អ៊ុនតាក់​ក៏​មិន​អាចធ្វើ​អ្វី​ដល់​ខ្មែរក្រហម​ក្បាលរឹង​នេះបាន​។ ចំណែក​ភាគី​ខ្មែរ​បី​ទៀត​កំពុង​ជះ​ស្រោច​ដាក់គ្នា​នូវ​ការឃោសនា​ផ្សេងៗ​។ ដូចនេះ វា​មិន​សាមញ្ញ​ពេក​ទេ​សម្រាប់​រស្មី​កម្ពុជា​ដែល​ប្រកាស​ខ្លួន​ធ្វើដំណើរ​លើ​មាគ៌ា​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ព័ត៌មាន​ត្រង់ ដោយ​ឈរលើ​វិជ្ជាជីវៈ គោលការណ៍​ឯករាជ្យ ​មិន​លំអៀងរបស់ខ្លួន​។​

​កាសែត​រស្មី​កម្ពុជា បាន​វិវឌ្ឍន៍​ជា​ដំណាក់ៗ ដូចគ្នា​នឹង​ការវិវឌ្ឍ​នៃ​សង្គម​នយោបាយ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ដែរ ។ កាសែត​រស្មី​កម្ពុជា​បាន​វិវឌ្ឍន៍​ខ្លួន​ពី​ការបោះពុម្ព​នៅប្រទេស​ថៃ និង​ដឹកជញ្ជូន​តាម​យន្ត​មក​បោះពុម្ព​ក្នុង​ទឹកដី​កម្ពុជា​ខ្លួន​និង​ដឹកជញ្ជូន ចែកចាយ​ទូទាំងប្រទេស​ដោយ​រថយន្ត​។​រស្មី​កម្ពុជា​បាន​ពង្រីក​ចំនួន​ទំព័រ​ចេញផ្សាយ​របស់ខ្លួន​ពី​ចំនួន​ពីរ​ផ្នែក​(​ក​និង​ខ​)​ដែលមាន​១៦​ទំព័រ​ទៅដល់​បី​ផ្នែក​(​ផ្នែក​ក​,​ខ និង​គ​) ដែលមាន​២៤​ទំព័រ​​ ដើម្បី​ឆ្លើយតបនឹងអ្នកអាន​និង​ដៃគូ​ពាណិជ្ជកម្ម​។​

​ពី​ពេល​ចាប់ផ្តើម​ដំបូង​ក៏ដូចជា​ពេលនេះ​កាសែត​រស្មី​កម្ពុជា​បាន​ស្ថិតក្នុង​ជំហរ​របស់ខ្លួន​ដដែល​គឺ​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​វិស័យ​សារព័ត៌មាន​ដោយ​ឈរលើ​គោលការណ៍​វិជ្ជាជីវៈ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ស្មោះត្រង់​ចំពោះ​អ្នកអាន​គ្រប់​ប្រភេទ ​គ្រប់​ស្រទាប់វណ្ណៈ នៃ​សង្គម គោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​។​

​យើង​ទទួលស្គាល់ថា​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​លឿន​ស្លេវ​និង​សម្បូរបែប​នោះ បាន​ជំរុញ​កាសែត​បោះពុម្ព​ឬ​ហៅ​ម្យ៉ាង​ថា កាសែត​បែប​ប្រពៃណី​នោះបាន​ឈានដល់​ស្ថានភាព​ថ្មី​មួយ​។ គឺ​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ប្រកួតប្រជែង​​ទាំង​ការផ្សព្វផ្សាយ​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ យុគ​ឌីជីថលនាពេល​បច្ចុប្បន្ន​មិន​ត្រឹមតែ​ចាប់បង្ខំ​ឲ្យ​កាសែត​បែប​ប្រពៃណី​កែប្រែ​នូវការផ្សាយ​អត្ថបទ​ទាំងឡាយ​និង​ឥរិយាបថ​ទម្លាប់​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ការប្រកួតប្រជែង​ទីផ្សារ​ពាណិជ្ជកម្ម​ក៏​ត្រូវតែ​កែសម្រួល​ហើយ​វិ​វ​ឌ្ឍ​ន៍ខ្លួន​ពី​បែប​ប្រពៃណី​ទៅកាន់បែប​ឌីជីថល​ឲ្យ​​បាន​ទាន់ពេលវេលា​ផងដែរ​។​យុគសម័យ​ថ្មី​ទាំង​បច្ចេកវិទ្យា ទាំង​សម្ភារ ទាំង​មធ្យោបាយ​ក្នុង​ការទទួល​ព័ត៌មាន ទាំង​ចំណង់​ចំណូលចិត្ត​អ្នកអាន​ តម្រូវ​ឲ្យ​រស្មីកម្ពុជា​ត្រូវតែ​ធ្វើដំណើរ​ដោយ​ការខិតខំ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ការទទួល​ធាតុ​ថ្មី និង​បណ្តុះបណ្តាល​ដល់​អ្នកនិពន្ធ អ្នកយកព័ត៌មាន​ពី​ស្ថានភាព​ថ្មី​និង​ចំណេះដឹង​ថ្មី ។ ឈរ​ស្ងៀម​នាពេលនេះ បានសេចក្តីថា​រត់​ថយ​ក្រោយ​ទៅរក​សេចក្តីស្លាប់​ដោយខ្លួនឯង​!​។​

​ពិតណាស់​ក្នុងស្ថានភាព​ថ្មី​ កាសែត​រស្មី​កម្ពុជា​បាន​សម្រប​និង​អភិវឌ្ឍន៍​ខ្លួន​ទៅតាម​បរិបទ​ថ្មី​ បើទោះបី​មិនបាន​ប្រសើរ​ឥតខ្ចោះ​ក៏ដោយ​។​រស្មី​កម្ពុជា​បានរៀបចំ​ឲ្យ​មាននូវ​គេហទំព័រ​ឬ​វេ​ប​សាយ​របស់ខ្លួន​ដែលមាន​អាសយដ្ឋាន​www.rasmeinews.com,​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឬ​ផេ​ក​ដែលមាន​ឈ្មោះថា រស្មី​កម្ពុជា ដេលី (Rasmei KampucheaDaily)​។​ក្នុង​ផេ​ករ​បស់កាសែត​រស្មី​កម្ពុជា​ក៏មាន​ប្រអប់​ព័ត៌មាន​ជាច្រើន​ដូចជា​ព័ត៌មាន​ផ្សាយ​ផ្ទា​ល់ពី​ហេតុការណ៍ សន្តិសុខ​សង្គម សេដ្ឋកិច្ច​វប្បធម៌​, ព័ត៌មាន​ដោយ​រូបភាព​និង​ព័ត៌មាន​អមដោយរូបភាព និង​ការអាន​ផ្ទាល់​ដោយ​អ្នកព័ត៌មាន​របស់​យើង​។ វេ​ប​សាយ​រស្មី​កម្ពុជា​ក៏មាន​អេប (App)​របស់ខ្លួន​។​ទន្ទឹមនេះ​កាសែត​រស្មី​កម្ពុជា​ក៏បាន​រៀបចំ​ឲ្យ​មាន​ជា​ទម្រង់​អេឡិចត្រូនិក ក្នុង​ទម្រង់​ភី​ឌី​អេ​ហ្វ​ ​(PDF)​ ដែល​មិត្ត​អាន​អាច​មើល​បាន​យ៉ាង​ងាយ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាយ​ភេត​,​កុំព្យូទ័រ​។​ល​។​ហើយ​អាច​ជាវ​បាន​យ៉ាង​ងាយស្រួល​។​

​គម្រប់​២៦​ឆ្នាំ​របស់ខ្លួន​និង​ឈាន​ចូលឆ្នាំថ្មី​ កាសែត​រស្មី​កម្ពុជា មិន​ភ្លេច មិន​បំភ្លេច ឬធ្វើជា​ភ្លេច​ជាដាច់ខាត​ចំពោះ​ការគាំទ្រ​របស់​មិត្ត​អ្នកអាន​, របស់​សាធារណជន​គ្រប់ស្រទាប់វណ្ណៈ​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​គាំទ្រ​កាសែត​រស្មី​កម្ពុជា​គេហទំព័រ​រស្មីកម្ពុជា ទំព័រ​ហ្វេ​ស​ប៊ុ​ករ​ស្មី​កម្ពុជា កាសែត​រស្មី​កម្ពុជា​ក្នុង​ទម្រង់​ភី​ឌី​អេ​ហ្វ​រហូតមក ​ដោយមិន​មានការ​ស្រកស្រុត​។​ជាពិសេស​គឺដៃគូ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​របស់​រស្មី​កម្ពុជាទាំងអស់​ដែល​តែង​រួមចំណែក​ផ្សព្វផ្សាយ​ជាមួយ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា​។​ការរួមចំណែក​របស់​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ គឺមាន​តម្លៃ​ជា​សារវន្ត​សម្រាប់​ដំណើរការ​ដ៏​រលូន និង​ការអភិវឌ្ឍ​រស្មី​កម្ពុជា​ទៅតាម​យុគ​ថ្មី​នៃ​បច្ចេកវិទ្យា​។​

​រស្មី​កម្ពុជា​ក៏​មិន​ភ្លេច​នឹង​សូម​អរគុណ និង​កោតសរសើរ​បំផុត​ចំពោះ​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​នៃ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា អ្នកនិពន្ធ អ្នកយកព័ត៌មាន អ្នកឆ្លើយឆ្លង ព័ត៌មាន​គ្រប់​ខេត្ត បុគ្គលិក​ទាំងអស់​។​ការចូលរួម​ប្រកបដោយ​ការលះបង់ យោគយល់ ការបង្កើន​កម្រិត​សមត្ថភាព​ព័ត៌មានវិទ្យា​និង​សាមគ្គីគ្នា​យ៉ាង​ល្អ គឺជា​មូលដ្ឋាន​នៃ​ការឈានទៅ​មុខ​យ៉ាងរឹងមាំ​របស់​កាសែតរ​ស្មី​កម្ពុជា លើ​មាគ៌ា​ក្នុង​វិស័យ​ផ្សព្វផ្សាយ​។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ដែល​ឈាន​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខ ​កាសែត​រស្មី​កម្ពុជា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិក្នុង​លោក​សូមជួយ​ប្រោះព្រំ​សព្ទសាធុការ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ជូន​ចំពោះ​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ដៃគូ​ពាណិជ្ជកម្មទាំងអស់ សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​រស្មី​កម្ពុជា​សូម​ប្តេជ្ញា​សន្យា​បន្ត​នាំមក​នូវ​ព័ត៌មាន​ថ្មីៗ លឿន ពេញលេញ​និង​ប្រកបដោយគុណប្រយោជន៍​សម្រាប់​អ្នកអាន​និង​ការអភិវឌ្ឍ​ប្រទេស​របស់​យើង​៕ ដោយៈ​ស្រីនាថ​/Ha