កាសែត​៖ នាយករដ្ឋមន្ត្រី​ជប៉ុន​តែងតាំង​ត្រាំ​សំរាប់​រង្វាន់​ណូបែល​សន្តិភាព​តាម​សំណើ​អាមេរិក​

489
ចែករម្លែក
  • 74
    Shares

​កាសែត​ជប៉ុន​Asahi បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ បានតែងតាំង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​សំរាប់រ​ង្វាន់​​ណូបែល​សន្តិភាព​កាល​ពី​សរទរដូវ​មុន ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក​។​

​របាយការណ៍​នេះ​កើត​ឡើង​បន្ទាប់ពី​លោក​ត្រាំ​បាន​អួតអាង​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កុម្ភៈ​ថា​លោក​អាបេ​បាន​តែងតាំង​លោក​សំរាប់រ​ង្វាន់​ណូបែល​សន្តិភាព​ដោយសារតែ​ការបើក​​កិច្ច​ពិ​ក្សាបន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ជប៉ុន នៅ​ក្រុង​តូ​ក្យូ បាន​និយាយថា​ខ្លួន​ដឹង​អំពី​ការអះអាង​របស់​លោក​ត្រាំ តែ​ទប់​មិន​និយាយ​អំពី​ការទាក់ទង​រវាង​មេដឹកនាំ​ទាំង​ពីរ​។​មន្ត្រី​​សេត​វិមាន​ក៏​ត្រូវ​បាន​ទាក់ទង​សុំ​ការបំភ្លឺ តែ​បាន​បដិសេធ​មិន​ផ្តល់​ចម្លើយ​។​

​មូលនិធិ​ណូបែល​បាន​និយាយ​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ការតែងតាំង​ណាមួយ​សំរាប់​រង្វាន់​ណូបែល​សន្តិភាព​អាច​ត្រូវ​បញ្ជូន​មក​ដោយ​នរណាម្នាក់ អោយតែ​ការតែងតាំង​​នោះ​គ្រប់​លក្ខណៈវិនិច្ឆ័យ រួមទាំង​ប្រមុខរដ្ឋ​កំពុងកាន់​អំណាច​ផង​។​

​ក្រោយ​ច្បាប់​របស់​មូលនិធិ ឈ្មោះ​និង​ព័ត៌មាន​របស់​បេក្ខជន​ដែល​មិន​ជាប់​បាន​ទទួល​រង្វាន់ នឹង​មិន​ត្រូវ​បញ្ចេញ​អោយដឹង​ទេ​ក្នុង​រយៈពេល​៥០​ឆ្នាំ​៕​ដោយ​៖​វាសនា

ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងអំឡុង​ជំនួប​ទ្វេភាគី​មួយ​កាលពី​ឆ្នាំមុន​