កាសែត China Daily ៖ សហរដ្ឋ​អាម៉េរិក​កំពុង​ព្យាយាម​ចាប់ជំរិត​អង្គការ WTO

357
ចែករម្លែក

​ស្ថាប័ន​សាលាឧទ្ធរណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បានចេញ​សេចក្តីសម្រេច​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ ទី​១៦​កក្កដា ក្នុងករណី​រឿងក្តី​ឆ្នាំ ២០១២ ដែល​ប្តឹង​ដោយ​ចិន​ដើម្បី​ជំទាស់​នឹង​ពន្ធ​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​ការនាំចេញ​របស់​ចិន ដោយ​និយាយថា អាម៉េរិក​មិនបាន​គោរព​ពេញលេញ​តាមច្បាប់​របស់​អង្គការ WTO និង អាច​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​ចិន ប្រសិនបើ​អាម៉េរិក​មិន​ដកចេញ​ពន្ធ ដែល​រំលោភ​លើ​ច្បាប់​របស់ WTO​។​

​ករណី​រឿងក្តី ដែល​ពាក់ព័ន្ធ​នឹង​ការនាំចេញ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ ប៉ម​ខ្យល់ និង​បំពង់​ដែកថែប​របស់​ចិន តម្លៃ ៧,៣ ពាន់​លាន​ដុល្លារ គឺ​កើតឡើង​តាំងពី​សម័យ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក​ដែល​កំពុង​កើតឡើង​នេះ​ទេ​។​

​ប៉ុន្តែ​ដោយហេតុថា​ជម្លោះ​បច្ចុប្បន្ន​របស់​ពួកគេ​កំពុង​កើនឡើង​ខ្លាំង​និង​ជាពិសេស​ប្រវត្តិ​របស់​អាម៉េរិក​ចូលចិត្ត​ប្រកាស​ខ្លួនឯង​ជា​ជនរងគ្រោះ​ជា​ដរាប​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ដ៏​អយុត្តិធម៌ ដែលជា​លេស​មួយ​ប្រើ​ដោយ​រដ្ឋបាល​អាម៉េរិក​បច្ចុប្បន្ន​ដើម្បី​វាយ​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​លើ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ ការសម្រេចចិត្ត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺជា​ការ​រំលឹកថា អ្នក​ដែល​ស្រែកយំ​ខ្លាំងជាងគេ មិនមែន​ចេះតែ​សម​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ជាងគេ​នោះទេ​។​

​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​សមាជិក​សេដ្ឋកិច្ច​ជាង ១៦០ ប្រទេស​ហើយដោយ​ហេតុថា​ពួកគេ​ជួនកាល​មាន​ជម្លោះ​ផលប្រយោជន៍​នឹង​គ្នា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ពួកគេ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​ទៅវិញទៅមក​យូរៗ​ម្តង​។​

​ដូច្នេះ​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​មិន​លម្អៀង​គឺមាន​សារៈសំខាន់​ហើយ​ចាំបាច់​ណាស់​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រទេស​ជា​សមាជិក​និង​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​ពហុភាគី​និយម​។​

​ហេតុដូច្នេះ​ហើយ​ទើប​ប្រទេស​ចិន​តែងតែ​គោរព​នីតិវិធី​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​អនុលោម​តាម​ការសម្រេច​របស់​អង្គការ WTO​។ ចិន​ដឹង​ច្បាស់​ថា​ប្រសិនបើ​សមាជិក​ម្នាក់ៗ​ត្រូវ​ដើរ​តាមផ្លូវ​ផ្អែមល្ហែម​របស់ខ្លួន​រៀងៗ​ខ្លួន​នោះ វា​នឹង​ធ្វើឱ្យ​ខូចខាត​យ៉ាងខ្លាំង​ដល់​ពាណិជ្ជកម្ម​ពិភពលោក​និង​កំណើនសេដ្ឋកិច្ច​សកលលោក​។​

​ផ្ទុយទៅវិញ សហរដ្ឋ​អាម៉េរិក​ហាក់​គោរព​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តិចតួច​ជាងគេ ហើយ​អាម៉េរិក​តែងតែ​អះអាងថា​អង្គការ​នេះ​មាន​ភាពលម្អៀង​ប្រឆាំងនឹង​ខ្លួន ទោះបីជា​ការពិត​បង្ហាញ​ជាក់ស្តែង​ថា​អង្គការ​នេះ​មិនដែល​លម្អៀង​ក៏ដោយ​។​

​សេត​វិមាន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​អាច​នឹងមិន​អើពើ​នឹង​សេចក្តីសម្រេច​ជាក់លាក់​ណាមួយ​ដោយ​អង្គការ WTO ប្រសិនបើ​សេចក្តីសម្រេច​ទាំងនោះ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ស​ហ​រដ្ឋ​អាម៉េរិក​។​

​តែ​តាមពិត​ជាក់ស្តែង សហរដ្ឋ​អាម៉េរិក​មាន​អត្រា​ចាញ់ឈ្នះ​ស្រដៀង​គ្នា​នឹង​ប្រទេស​ផ្សេងទៀត ដែល​បាន​នាំយក​ពាក្យបណ្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​លើក​នេះ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​រិះគន់ WTO ជាថ្មី​ម្តងទៀត ដោយ​និយាយថា សេចក្តីសម្រេច​របស់ WTO “​ធ្វើឱ្យ​ខូច​ច្បាប់​របស់​អង្គការ WTO ដោយ​ធ្វើឱ្យ​ច្បាប់​ទាំងនោះ​លែង​សូវ​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​ការឧបត្ថម្ភ​ធន​របស់​ចិន ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់ក​ម្មករ​និយោជិត​និង​ក្រុមហ៊ុន​អាម៉េរិក​”​។​ល​។ នេះ​គឺជា​ការលើកឡើង​មិន​សម​ហេតុផល​ជា​ទម្លាប់​មួយ​របស់​អាម៉េរិក​ទៅហើយ នៅពេលណា​ដែល​ខ្លួន​សង្ឃឹមថានឹង​បង្វែរ​ការយកចិត្តទុកដាក់​របស់​អ្នកដទៃ​កុំឱ្យ​ចាប់អារម្មណ៍​នឹង​ការប្រព្រឹត្ត​ខុស​របស់ខ្លួន​។​

​រឹតតែ​យ៉ាប់​នោះ​គឺ រដ្ឋបាល​អាម៉េរិក​បាន​រារាំង​ការតែងតាំង​ថ្មីៗ​នៅក្នុង​ស្ថាប័ន​សាលាឧទ្ធរណ៍​ដែលមាន​សមាជិក​ប្រាំ​ពីររូប ដោយ​ចោទ​ប្រកាន់ពួក​ចៅក្រម​ថា​បាន​បំពាន​លើ​អាណត្តិ​របស់​ពួកគេ​និង​មិន​ធ្វើតាម​ការណែនាំ​របស់​ពួកគេ​។​

​ដោយ​គ្មាន​សញ្ញា​ថា​ការរារាំង​នេះ​នឹងត្រូវ​ដកចេញ​ក្នុងពេល​ឆាប់ៗ សាលាក្តី​ពាណិជ្ជកម្ម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​នេះ​ត្រូវគេ​រាយការណ៍​ថា​អាច​ត្រូវ​កាត់បន្ថយ​មក​ត្រឹម​ចៅក្រម​មួយរូប​ប៉ុណ្ណោះ​នៅ​ថ្ងៃទី ១១ ខែធ្នូ ដែល​មានន័យថា សាលាឧទ្ធរណ៍​នឹងមិន​អាច​ចេញ​សេចក្តីសម្រេច​លើ​ករណី​ថ្មីៗ​បានទេ​។​

​ចំណាត់ការ​របស់​អាម៉េរិក​គឺ​ដូចគ្នា​ទៅនឹង​ការចាប់​ជំរិត​អង្គការ WTO ដូច្នេះ​អាម៉េរិក​អាច​សម្រុះសម្រួល​ឯករាជ្យភាព​របស់​ស្ថាប័ន​ឧទ្ធរណ៍​មួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ចរចា​ឡើងវិញ​អំពី​សមាជិកភាព​នៃ​អង្គការ​នេះ​នៅក្នុង​របៀប​មួយ​ដែល​ផ្អៀង​មករក​អាម៉េរិក​។​

​សមាជិក​ទាំងអស់​ត្រូវ​តែ​ឈរ​រួមគ្នា​ដើម្បី​ប្រឆាំងនឹង​រឿងនេះ និង ការពារ​ឯករាជ្យភាព​របស់​ស្ថាប័ន​គ្រប់គ្រង​អភិបាលកិច្ច​ពាណិជ្ជកម្ម​សកលលោក​៕

​ប្រភព​៖ កាសែត China Daily

ដោយ៖ កញ្ញាដាលីស