កាស៊ីណូ​នៅ​ដារ​ ស្រុក​មេមត់​ជាប់​ព្រំដែន​វៀតណាម​ មាន​អ្នក​ចូល​លេងល្បែង​ស៊ីសង​ជា​ខ្មែរ​៩៩​ភាគរយ

818
ចែករម្លែក

ដោយ​:គង់​ហេង​/ត្បូងឃ្មុំ​ ៖ បន​ល្បែង​ជា​ខ្នាត​កាស៊ីណូមួយកន្លែង​ស្ថិត​នៅជាប់​ផ្លូវ​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នោះ មាន​អ្នក​ចូល​លេង​ជា​ជនជាតិខ្មែរ​ស្ទី​រ ១០០​ភាគរយ​ក្នុង​ចំនួន​មនុស្ស​ចូល​លេង​សរុប​ពី ២០០ ទៅ ៥០០ នាក់​ក្នុង​មួយថ្ងៃ គឺមាន​រហូតដល់​មន្ត្រី​រាជការ កម្លាំងប្រដាប់អាវុធ​ក៏​ញៀន​នឹង​ល្បែងស៊ីសង​ទាំងនោះ​ដែរ​។ ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ពិសេស​អភិបាលខេត្ត​នេះ មេត្តាជួយ​អន្តរាគមន៍​ដល់​ម្ចាស់​បន​ល្បែង​មួយ​នេះ​ហាមឃាត់​អ្នកលេង​ល្បែង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​បន្តទៀត​។​

ប្រភពព័ត៌មាន​ពី​ព្រំដែន​ច្រកទ្វារ​ទ្វេភាគី​ដារ បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​​ដឹង​នៅ​ថ្ងៃទី ១៦ មិថុនា​នេះ​ថា បន​ល្បែង​ជា​កាស៊ីណូ​ខាងលើ​ដែលមាន​ចម្ងាយ​ពី​ព្រំដែន​ប្រទេស​វៀតណាម​ប្រមាណ​ជាង ៥០០​ម៉ែត្រ​ បាន​បើក​ដំណើរការ​ច្រើន​ឆ្នាំ​ហើយ ដោយមាន​ប្រភេទ​ល្បែង​ដូចជា​: ល្បែង​មាន់​ជល់ ល្បែង​អាប៉ោង ល្បែង​បៀ ល្បែង​យូគី ល្បែង​បាញ់​ត្រី និង​ល្បែង​ឆ្នោត ជាដើម​។​

ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​ម្ចាស់​បន​ល្បែង​ដែល​បាន​ជួល​បន្ត​វង់ល្បែង​នីមួយៗ គឺ​មួយ​វង់​ក្នុង​មួយខែ មួយ​ម៉ឺនដុល្លារ​អាម៉េរិក​។ ដោយមាន​អ្នក​និយម​មកលេង​ច្រើនជាងគេ​ល្បែង​មាន់​ជល់ ពិសេស​ប្រជាពលរដ្ឋ​ធ្លាប់​ដឹក​កសិផល​ក្នុងស្រុក​ពញាក្រែក ដំឡូង​មី ស្វាយចន្ទី ជាដើម​បាន​លេង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការហាមឃាត់​ពី​ខាង​ម្ចាស់​កាស៊ីណូ​នេះ​ទេ​។​

ប្រភព​ដដែល​បាន​បន្ថែមថា ថ្ងៃ​ធម្មតា​ភ្ញៀវ​ជា​អ្នកលេង​ល្បែង​ពី​ជាង​១០០ ទៅ ២០០ នាក់​ប៉ុណ្ណោះ តែបើ​ប៉ះចំ​ថ្ងៃ​ពិសេស​មាន​ពី ៤០០ ទៅ ៥០០​នាក់ គឺ​អ្នកលេង​ជល់​មាន់​ជា​ខ្មែរ​បាន​ទូរស័ព្ទ​ណាត់គ្នា​មាន​តាំងពី​ខេត្តក្រចេះ មាន​ទាំង​ម​ន្រី្ត​រាជ កងកម្លាំងប្រដាប់អាវុធ បាន​ដោះ​ឯកសណ្ឋាន​ចេញ​អនុញ្ញាត​ចូល​លេង​ដោយ​សេរី មិនបាន​គោរព​តាមច្បាប់​កាស៊ីណូ​ឡើយ​។​

ប្រភព​នោះ​បន្តថា បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ជីវភាព​ភាគច្រើន​ក្រុមគ្រួសារ​អ្នក​ដែល​នាំយក​កសិផល ដំឡូង​មី គ្រាប់ស្វាយចន្ទី​ជាដើមទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​រួច គេ​ជំពាក់​សិន​ ហើយ​រង់ចាំ​ទារលុយ​នោះបណ្តើរ​​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ​បណ្តើរ​។ ដោយ​ស្ទើរតែ​គ្រប់គ្នា​ចេញពី​បន​ល្បែង​នោះ​វិញ​រអ៊ូរទាំ​ចាញ់​អស់​លុយ គឺ​បញ្ហា​នេះ​ពិតជា​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ជាក់​ជាពុំខាន​។​

អាស្រ័យហេតុនេះ​ប្រភព​នោះបាន​សំណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ជាពិសេស​អភិបាលខេត្ត​ត្បូងឃ្មុំ​មេត្តាជួយ​អន្តរាគមន៍​ទៅកាន់​ម្ចាស់​បន​ល្បែង​ដែលមាន​ទីតាំង​ដូច​បាន​ជម្រាបជូន​ខាងលើ ហាមឃាត់​ដាច់ខាត​អ្នកលេង​ល្បែង​ជា​ជនជាតិខ្មែរ​ចូល​បន្តទៀត​ឲ្យ​សោះ​។​

ប៉ុន្តែ​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​ យើង​បាន​សុំ​ការឆ្លើយបំភ្លឺពី​លោក ដូង ហៅ ហេង ជា​ម្ចាស់​កាស៊ីណូ​នៅ​ច្រកទ្វារព្រំដែន​ដារ ស្រុក​មេមត់ នៅ​ថ្ងៃទី ១៧ មិថុនា ២០១៩​នេះ គឺ​លោកបាន​បដិសេធន៍​ថា​លោក​ជា​ម្ចាស់​កាស៊ីណូ​នេះ គឺ​ច្រឡំ​លេខ​ហើយ​។ ចំណែក​លោក ជាម ចាន់​សោ​ភណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​វិញ​លោក​ប្រាប់ថាកំពុង​ជាប់រវល់​ប្រជុំ​៕​B/Ha