កាំកុងត្រូល​បន្ទាយមានជ័យ​ដុត​កម្ទេចចោល​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព ១​តោន​ប្លាយ​

869
ចែករម្លែក

ដោយ : ប​.​ជ័យ /បន្ទាយមានជ័យ : ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២២ ​ខែសីហា ឆ្នាំ​២០១៨ បាន​ដុត​កម្ទេចចោល​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​សរុប​ចំនួន ១.០៣៣​គ​ក្រ​នៅ​ដី​មួយកន្លែង​របស់​ក្រុមហ៊ុន​កា​ស៊ីណូ​មួយ នា​ភូមិ​ក្បាលស្ពាន​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ពោល​គឺ​បន្ទាប់ពី​មន្ត្រី​ខ្លួន​អនុវត្ត​(​ឬ​ហៅ​ការចុះ​អង្កេត​ទំនិញ​តាម​ទីផ្សារ​និង​តាម​ផ្ទះ​តៀម​លក់ដូរ​) )​អស់​ចំនួន​១៨​លើក​កន្លងមក​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​អោយ​សារ​ព័​ត៌​មាន​ដឹង​ថ្ងៃទី​២២​ខែសីហា​ថា  ការចុះ​អង្កេត​ទំនិញ​តាម​ទីផ្សារ​និង​តាម​ផ្ទះ​តៀម​លក់ដូរ ចំនួន​១៨​លើក​នា​ប៉ុន្មាន​ខែ​កន្លងមក​និង​បាន​ដកហូត​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព ហួស​រយៈ​ពេល​ប្រើប្រាស​តាម​ផ្ទះ​តៀម​និង​តាម​ទីផ្សារ​នៅ​ទូទាំង​ខេត្ត បាន​ចំនួន​១.០៣៣​គ​ក្រ​។

លោក​ប្រធាន​សាខា​និយាយ​បន្ថែមថា   ផលិតផល​ម្ហូបអាហារ​ទាំងនេះ​ខូចគុណភាព​មិនមាន​គុណ​ភាព អនាម័យ​និង​សុវត្ថិភាព​សម្រាប់​អោយ​មនុស្ស​យកទៅ​បរិភោគ​បានឡើយ ។  ហើយក៏​គ្មាន​អនុលោមភាព​ឬ​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា ចុះ​ថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០០០​ផង ​និង​ដោយមាន​ការសម្របសម្រួល យល់ព្រម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​​ផង​នោះ ទើប​មន្ត្រី​ជំនាញ​របស់​សាខា​កាំកុងត្រូល​ខេត្ត​របស់លោក​យក​ផលិតផល​ម្ហូប​អាហារ​​ខូចគុណភាព​ទាំងនេះ​ ទៅ​ដុត​កម្ទេចចោល​តាម​និតិ​វិធី​និង​បច្ចេកទេស ៕B