កាំកុងត្រូល​ព្រមាន​: រកឃើញ​ផលប៉ះពាល់​ពី​ទំនិញ​ថៃ​លក់​នៅ​ផ្សារណាត់ ជាយដែន​កម្ពុជា​-​ថៃ​

799
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​ព្រមាន​ក្រោយ​រកឃើញ​ផលប៉ះពាល់​ពី​ទំនិញ​ថៃ លក់​នៅ​ផ្សារណាត់​រាល់​ចុង​សប្តាហ៍ នៅ​ជាយដែន​កម្ពុជា​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ព្រមាន​ដូច្នេះ ខណៈ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ទំនិញ​តាម​ទីផ្សារ​លើផ្ទះ​តៀម​ចំនួន​៧​ផ្ទះ និង​តូប​ចំនួន​១៥ តូប​នៅ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។

​លោក សាន វិជ្ជា​សា​រ៉ាវុធ និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​នៅថ្ងៃនេះ​ថា យោង​ការចុះ​ត្រួតពិនិត្យ​ពី​ល្ងាច​ថ្ងៃទី​៣១​ខែសីហា និង​នៅ​ព្រឹក​នេះ មន្ត្រី​លោក​បាន​រកឃើញថា ទំនិញ​ម្ហូបអាហារ​ភេសជ្ជៈ​ដប​ជ័រ​ម្យ៉ាង​ដែល​ពលរដ្ឋ​កម្ពុជា​ទៅ​ទិញ​នៅ​ផ្សារណាត់​របស់​ថៃ ដែល​យកមក​លក់​ជាយ​ដែនកម្ពុជា រាល់​ចុង​សប្តាហ៍​នៅ​ទល់មុខ​ច្រក​អូរ​បី​ជាន់ ជា​ផលិតផល​ហួស​កាលកំណត់​ប្រើប្រាស់ ដែល​អាច​បង្កបញ្ហា​ដល់​សុខភាព​ពលរដ្ឋ​។ ហេតុនេះ​លោក​នឹងធ្វើ​លិខិតស្នើ​សុំ​ឲ្យ​លោក​អភិបាលខេត្ត ចេញ​ការណែនាំ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ស្រុក ក្រុង​៥​នៃ​ខេត្ត​នេះ តាម​បណ្តោយ​ព្រំដែន​ថៃ​ត្រូវ​ប្រុងប្រយ័ត្ន គ្រូវ​ចៀសវាង​ទិញ​ទំនិញ​ម្ហូបអាហារ​ពី​ផ្សារណាត់​ថៃ​។​

​ពលរដ្ឋ​រងគ្រោះ ឈ្មោះ លី ស្រី​និ​ច រស់នៅ​ភូមិ​ប្រាសាទ និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ក្រោម​ពី​នាង​បាន​ផឹក​ភេសជ្ជៈ​ម្យ៉ាង​ដែល​ទិញ​ពី​ផ្សារណាត់​របស់​ថៃ ហើយ​ផឹក​ទៅ​ក៏​ក្អួតចង្អោរ វិលមុខ ខះក ហើយ​មិន​ស្រួល​ក៏​គ្រវ៉ាត់​ចោល​ទៅ ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​។​

​ចំណែក​បងប្រុស​នា​ឈ្មោះ លី សូ​នី និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា : ទឹកដូង ទឺ​ក​ផ្លែឈើ ដប​ជ័រ​ដែល​ទិញ​ពី​ផ្សារណាត់​របស់​ថៃ​នៅ​ស្រុក​គោក​ធ្យូង ហើយ​កូនក្មេង​ផឹក​ក៏​រក​ក្អួត​ច​ង្អុ​រ វិលមុខ​និង​ធី​ង​ធោ​ង​។ លុះដល់​ពិនិត្យមើល​ទើប​ដឹងថា វា​ហួស​ឌី​ឡេ​និង​ខូចគុណភាព​។ ដូច្នេះ សូម​បងប្អូន​ពលរដ្ឋ​ប្រយ័ត្ន កុំ​ទិញ​ហូប​អោយសោះ​។​

​សូមបញ្ជាក់ថា ក្នុងការ​អង្កេត​ទីផ្សារ​នៅ​ឃុំ​អូរ​បី​ជាន់​ពេលនេះ សមត្ថកិច្ច​បា​ម​ដកហូត​ទំនិញ​ខូចគុណភាព​រួមមាន ទឹកក្រូច​ហ្វែ​នតា ស្ប្រៃ ៦​ដប​ស្មើ​១,៥​លីត្រ​, ទឹក​ស៊ី​រ៉ូ ២​ដប ស្មើ​០,៧៥​លីត្រ ស្រា​បៀរ​រូប​ឃ្មុំ ៧២​កំប៉ុង​ស្មើ​២៣​លីត្រ ទឹកក្រូច​ដប​ធំ​២៨​ដប ស្មើ​៤២​លីត្រ ទឹក​អាស៊ីត​សញ្ញា​រូប​ទន្សាយ (​ជា​ទំនិញ​ហាមឃាត់​) ៥​ដប ស្មើ​២,៥​លីត្រ , ទឹកក្រូច​ដប​តូច ១០៨​ដប​ស្មើ​៥០​លីត្រ និង​នំ​កញ្ចប់​៨​កញ្ចប់​ស្មើ​២,៤​គ​ក្រ​។ ចំពោះ​ម្ចាស់​ផលិតផល​ម្ហូបអាហា​រដែ​ល​ត្រូវ​រឹបអូស​និង​ដែល​តាំង​លក់​ផ្ទុយ​ពី​បញ្ញត្តិ​នៃ​ក្រសួង​ពាក់ព័ន្ធ កាំកុងត្រូល​បាន​ព្រមាន​អោយ​បញ្ឈប់ និង​ភ្ជាប់​ជាមួយ​នូវ​ការ​ផ្តិតមេដៃ​កិច្ចសន្យា​៕ ល​

#