កាំជ្រួចនុយក្លេអ៊ែរលឿនជាងសំឡេងរបស់ពូទីនបង្កឱ្យមានការបារម្ភអំពីការប្រណាំងប្រជែងសព្វាវុធជាថ្មីជាមួយសហរដ្ឋអាម៉េរិក

665
ចែករម្លែក

កាំជ្រួចនុយក្លេអ៊ែរថ្មី ដែលរុស្ស៊ីនិយាយថាខ្លួនបានដាក់ពង្រាយនោះ កំពុងបង្កើនក្តីបារម្ភនៃការប្រណាំងប្រជែងសព្វាវុធសាជាថ្មីជាមួយសហរដ្ឋអាម៉េរិក ខណៈពេលវេលានៃសុពលភាពរបស់សន្ធិសញ្ញាចុងក្រោយដែលរឹតត្បិតអាវុធយុទ្ធសាស្ត្ររបស់អតីតសត្រូវសង្គ្រាមត្រជាក់ទាំងពីរកាន់តែខើចទៅៗ។

រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោកសឺហ្គី សយហ្គូ បាននិយាយកាលពីថ្ងៃទី ២៧ ធ្នូថា កងវរសេនាតូចកាំជ្រួចនុយក្លេអ៊ែរ Avangard ដំបូងគេរបស់រុស្ស៊ី ត្រូវបានដាក់ដំណើរការនៅជួរភ្នំអ៊ុយរ៉ាល់នៃតំបន់អូរីនបឺក គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនបានអួតអាងថា អាវុធថ្មីនេះអាចទម្លុះគ្រប់ខែលការពារទាំងអស់។

លោកពូទីនបានប្រាប់ពួកមេបញ្ជាការយោធាថា “គ្មានប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរលឿនជាងសំឡេងនោះឡើយ កុំថាឡើយមីស៊ីលលឿនជាងសំឡេងឆ្លងទ្វីប។ ពួកគេកំពុងព្យាយាមតាមឱ្យទាន់យើង”។

មេដឹកនាំរុស្ស៊ីរូបនេះបានបង្ហាញកាំជ្រួច Avangard និងអាវុធជំនាន់ថ្មីចំនួន ៥ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកក្នុងខែមីនាឆ្នាំ ២០១៨ ដោយនិយាយថា កាំជ្រួចនេះអាចហោះលឿនជាងសំឡេងដល់ទៅជាង ២០ ដង គឺលឿនដូច “អាចម៍ផ្កាយ” ឬ “ដុំភ្លើងអវកាស”។

អាវុធថ្មីនេះបានដាក់ឱ្យប្រើចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងមូស្គូនិងវ៉ាស៊ីនតោនបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាឆ្នាំ ១៩៨៧ ដែលហាមឃាត់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លីនិងមធ្យម ដោយចោទរុស្ស៊ីថាបានរំលោភលក្ខខណ្ឌកិច្ចព្រមព្រៀង។

វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។

រុស្ស៊ីនិងអាម៉េរិកក៏កំពុងប្រឈមមុខដាក់គ្នាផងដែរជុំវិញការចោទប្រកាន់ថាវិមានក្រឹមឡាំងបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០១៦ ជម្លោះនៅអ៊ុយក្រែននិងស៊ីរី និង កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ភាគីទាំងពីរបានជាប់គាំងជុំវិញអនាគតនៃសន្ធិសញ្ញា New START ឆ្នាំ ២០១០ ដែលរឹតត្បិតអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយនឹងត្រូវផុតកំណត់នៅខែកុម្ភៈឆ្នាំ ២០២១។

រដ្ឋបាលត្រាំបានបដិសេធការអំពាវនាវរបស់រុស្ស៊ីឱ្យចាប់ផ្តើមពិភាក្សាលើការបន្តសន្ធិសញ្ញានេះដោយនិយាយថាកិច្ចព្រមព្រៀងថ្មីណាមួយគួរតែរួមបញ្ចូលប្រទេសចិន ដែលបដិសេធមិនទទួលយកការរឹតត្បិតលើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដែលមានទំហំតូចជាងរុស្ស៊ីនិងអាម៉េរិកនៅឡើយ។

ក្រុមអ្នកជំនាញអាម៉េរិកបានទៅទស្សនាទីតាំងផ្ទុកកាំជ្រួច Avangard កាលពីខែវិច្ឆិកា ដែលជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យទៅវិញទៅមកក្រោមសន្ធិសញ្ញានេះ។

អ្នកវិភាគការពារជាតិឯករាជ្យនៅទីក្រុងមូស្គូលោក អាឡិចសាន់ឌ័រ ហ្គោល (Alexander Golts) បាននិយាយថា ការស្លាប់របស់សន្ធិសញ្ញា New START នឹងមានផលប៉ះពាល់ដ៏មហន្តរាយទៅដល់តុល្យភាពយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងអាម៉េរិក។

លោកបាននិយាយថា “យើងនឹងត្រឡប់ទៅរកសម័យកាល ដែលបាននាំឱ្យកើតវិបត្តិកាំជ្រួចមីស៊ីលគុយបា” ក្នុងឆ្នាំ ១៩៦២ នៅពេលដែលសហភាពសូវៀតនិងសហរដ្ឋអាម៉េរិកប៊ិះផ្ទុះសង្គ្រាមនុយក្លេអ៊ែរដាក់គ្នា។

រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោកម៉ាក អេស្ពើ បាននិយាយកាលពីខែសីហាថា ខណៈសហរដ្ឋអាម៉េរិករួមជាមួយប្រទេសចិនកំពុងអភិវឌ្ឍបច្ចេកវិជ្ជាកាំជ្រួចលឿនជាងសំឡេង ប្រហែលជា “ពីរបីឆ្នាំ” ទៀតប៉ុណ្ណោះអាម៉េរិកនឹងផលិតបានអាវុធដែលមានសមត្ថភាពខ្ពស់បែបនេះដែរជាមិនខាន។

នាយឧត្តមសេនីយ៍ ចន ហ៊ីទិន ដែលត្រួតត្រាកងកម្លាំងនុយក្លេអ៊ែរអាម៉េរិក បាននិយាយកាលពីខែកុម្ភៈថា កាំជ្រួចមីស៊ីលលឿនជាងសំឡេងអាចវាយប្រហារអាម៉េរិកក្នុងរយៈពេល ១៥ នាទី គឺចំណេញពេលពាក់កណ្តាលធៀបនឹងមីស៊ីលឆ្លងទ្វីប។

លោក នីកូឡាយ សូកូវ សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលរំសាយនិងមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ បាននិយាយថា “នេះជាស្ថានភាពមិនធ្លាប់មានពីមុនមកដែលយើងឃើញរុស្ស៊ីកំពុងឈានមុខគេខាងបច្ចេកវិជ្ជាអាវុធលឿនជាងសំឡេង ហើយមន្ទីរបញ្ចកោណកំពុងដេញតាមពីក្រោយ។ សហរដ្ឋអាម៉េរិកទើបតែភ្ញាក់ដឹងខ្លួននៅឆ្នាំនេះចំពោះបច្ចេកវិជ្ជានេះ ហើយបានចាប់ផ្តើមបោះលុយទៅលើវា”។

រុស្ស៊ីបានសាកល្បងកាំជ្រួច Avangard ដោយជោគជ័យកាលពីខែធ្នូឆ្នាំមុនដោយបាញ់ចេញពីមូលដ្ឋានយោធានៅភាគខាងត្បូងជួរភ្នំអ៊ុយរ៉ាល់ទៅឧបទ្វីបកាំចាត់កានៅចម្ងាយ ៦.០០០ គីឡូម៉ែត្រ។

បន្ទាប់ពីការបាញ់ផ្លោងនោះ កាំជ្រួច Avangard បានហោះឆ្ពោះទៅគោលដៅរបស់វាជាមួយបំលាស់ទីយ៉ាងលឿនស្លេវ។

នៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទីភ្នាក់ងារប្រដាប់អាវុធនៃព្រឹទ្ធសភា លោកឧត្តមសេនីយ៍ហ៊ីទិនបាននិយាយថា “ភាពខុសគ្នារវាងអាវុធលឿនជាងសំឡេងនិងមីស៊ីលឆ្លងទ្វីបធម្មតាគឺថា វា “បាត់ស្រមោលហើយយើងមើលមិនឃើញវាទេ ទាល់តែផ្ទុះឡើងទើបដឹង”។

លោកហ្គោល អ្នកវិភាគការពារជាតិបាននិយាយថា ការអះអាងថាកាំជ្រួច Avangard អាចគេចផុតពីគ្រប់ខែលការពារអាកាស គឺត្រូវគេនិយាយបំប៉ោងប៉ុណ្ណោះ ដោយហេតុថាគេអាចបាញ់ទម្លាក់វាបាននៅដំណាក់កាលកំពុងហោះសំកាំងនៅលើអាកាស។

លោកសូកូវ អ្នកជំនាញខាងរំសាយអាវុធបាននិយាយថា របកគំហើញពិតប្រាកដនឹងកើតឡើង នៅពេលរុស្ស៊ីអនុវត្តបច្ចេកវិជ្ជាដូចគ្នានេះនៅក្នុងប្រភេទអាវុធផ្សេងទៀតដូចជា មីស៊ីលបញ្ជាទិសជាដើម។

ព្រឹទ្ធសមាជិករបស់បក្សប្រជាធិបតេយ្យលោក ជេហ្វ មឺគ្លី បានព្រមានក្នុងខែនេះថា ការបោះបង់ចោលសន្ធិសញ្ញា New START នៅគ្រានេះគឺជាកំហុសដ៏ធំធេង។

លោកបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “មានការគាំទ្រទាំងពីរបក្សនៅក្នុងសភាអាម៉េរិកសម្រាប់ការបន្តកិច្ចព្រមព្រៀង “ដែលបានទប់ស្កាត់សហរដ្ឋអាម៉េរិកនិងរុស្ស៊ីដោយជោគជ័យពីការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរសម័យថ្មី។ យើងមិនអាចប្រថុយឱ្យមានសង្គ្រាមត្រជាក់ថ្មីមួយទៀតបានទេ”៕ ដោយ៖ កញ្ញាដាលីស

កាំជ្រួច Avangard