កាំជ្រួច​បញ្ជា​ទិស​ប្រឆាំង​រថក្រោះ​ផលិត​ក្នុងប្រទេស​ឥណ្ឌា​បាញ់​ចំ​គោលដៅ​ដោយ​ជោគជ័យ​ក្នុងការ​សាកល្បង​

720
ចែករម្លែក

​ក្រសួងការពារជាតិ​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​បានប្រកាស​ពី​ការសាកល្បង​ជោគជ័យ​នូវ​កាំជ្រួច​បញ្ជា​ទិស​ប្រឆាំង​យន្តហោះ​ផលិត​ក្នុងស្រុក​អាច​លី​លើ​ស្មា​បាន ហៅថា MPATGM​។​

​រដ្ឋមន្ត្រី​ការពារជាតិ លោក រ៉ា​ច​ណាត ស៊ី​ង បាន​និយាយថា “​កាំជ្រួច​នេះ​ត្រូវបាន​បាញ់​ចេញពី​ជើង​ទម្រ Tripod អាច​លី​លើ​ស្មា​បាន ហើយ​គោលដៅ​គឺជា​រថក្រោះ​តំណាង​មួយ​។ កាំជ្រួច​នេះ​បាន​បាញ់​ចំ​គោលដៅ​ក្នុង​ម៉ូត​វាយប្រហារ​លំដាប់​កំពូល​របស់​វា ហើយ​បំផ្លាញ​រថក្រោះ​ច្បាស់ៗ​ចំៗ​តែម្តង​។ រាល់​គោលបំណង​នៃ​បេសកកម្ម​សាកល្បង​នេះ​ត្រូវបាន​បំពេញបាន​ទាំងអស់​”​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ផងដែរ​ថា ការសាកល្បង​នេះ​បាន “​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការដាក់បញ្ចូល​” កាំជ្រួច​លី​លើ​ស្មា​នេះ​ទៅក្នុង​វិស័យ​យោធា ដោយ​ចង្អុល​បង្ហាញថា កងទ័ព​ឥណ្ឌា​ទំនងជា​នឹងមិន​ទិញ​កាំជ្រួច​លី​លើ​ស្មា​របស់​អ៊ីស្រាអែល​ឈ្មោះ Spike-MR ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ​។​

​កាលពី​ឆ្នាំមុន រដ្ឋាភិបាល​ឥណ្ឌា​បាន​លុបចោល​កិច្ចព្រមព្រៀង​តម្លៃ ៥០០ លាន​ដុល្លារ​សម្រាប់​កាំជ្រួច​លី​លើ​ស្មា​របស់​អ៊ីស្រាអែល Spike-MR ហើយ​បាន​សម្រេចចិត្ត​បន្ត​ផលិត​កាំជ្រួច MPATGM ផ្ទាល់ខ្លួន​ជំនួស​វិញ​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ទោះបីជា​ទីបញ្ជាការ​កងទ័ព​ឥណ្ឌា​បានបញ្ជាក់​ពី​ភាព​បន្ទាន់​នៃប្រតិបត្តិ​ការ​របស់​កាំ​ជ្រួច Spike-MR ក្តី ដោយ​លើក​ហេតុផល​ថា Spike-MR នឹង​ផ្តល់​សមត្ថភាព​ទប់ទល់​ដ៏​ខ្លាំងក្លា​ដល់​កងទ័ព​ដែល​បានដាក់​ពង្រាយ​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ត្រួតពិនិត្យ (LC) និង​ព្រំដែន​ខាងជើង ជាពិសេស​នៅក្នុង​សេណា​រី​យ៉ូ​ប្រតិបត្តិការ​បច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស

កាំជ្រួច​លី​លើ​ស្មា MPATGM ផលិត​ក្នុងប្រទេស​ឥណ្ឌា
#