កា​មេ​រី​សាក​កម្លាំង​ជាមួយ​តា​កូ​ម៉ា លទ្ធផល​ខ្ទេច​មុខ​

766
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: រថយន្ត​ម៉ាក​កា​មេ​រី​មួយគ្រឿង បាន​បុក​ផ្ទុប​ជាមួយ​រថយន្ត​ម៉ាក​តា​កូ​ម៉ា បង្ក​ការខូចខាត​ទាំងសងខាង នៅលើ​ផ្លូវ​ដែលមាន​ស្ថានភាព​រអិលខ្លាំង​។ ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៦​និង​២៥​នាទី ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​គីឡូម៉ែត្រ​៧៨ ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី តែ​មិនមាន​អ្នករងរបួស​ធ្ងន់​នោះទេ​។

​សាក្សី​នៅ​កន្លែងកើតហេតុ​បញ្ជាក់ថា មុន​កើតហេតុ គឺមាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ឱ្យ​ផ្លូវជាតិ​លេខ​៧៦ ចំណុច​ដែល​មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ មាន​ស្ថានភាព​រអិលខ្លាំង​។ សាក្សី​បន្តថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏មាន​រថយន្ត​ម៉ាក​កា​មេ​រី​បោះពួយ​មកពី​ស្រុក​អូ​រាំង បាន​បុក​ផ្ទុប​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តា​កូ​ម៉ា ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា លើ​ចំណុច​ផ្លូវ​រអិល​នេះ​តែម្តង​។

​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​កា​មេ​រី​ផលិត​ឆ្នាំ​១៩៩២ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A 3024 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។ ដោយឡែក​រថយន្ត​រង​គ្រោះ​ម៉ាក​តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI 7491 បើកបរ​ដោយ​ឈ្មោះ ទន់ សា​ពោ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ដាក់​ដាំ​ស្រុក​អូ​រាំង​។ ក្នុង​ហេតុការណ៍​នេះដែរ អ្នករួមដំណើរ​លើ​រថ​យន្ត​តា​កូ​ម៉ា មាន​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​វ័យ​១២​ឆ្នាំ​ម្នាក់ រងរបួស​ស្រាល​ផងដែរ​។

​ទោះជា​យ៉ាងណា​ក្នុងករណីនេះ ត្រូវគេ​បន្ទោស​លើ​អ្នកបើក​បររថ​យន្តកា​មេ​រី ដែល​មិន​ប្រុងប្រយ័ត្ន​មើល​ស្លាក​សញ្ញា​ការដ្ឋាន​របស់​មន្ទីរ​សាធារណការ​ខេត្ត កំពុង​ជួសជុល​ផ្លូវ ទើប​កើត​ករណីនេះ​ឡើង​៕ ល​