កា​ហ្សាក់​ស្ថាន​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ថ្មី ខណៈ​ដែល​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការតវ៉ា​

567
ចែករម្លែក

​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​បាន​បោះឆ្នោត​ជ្រើសរើស អ្នក​បន្ត​តំណែង​ពី​លោក​អតីត​ប្រធានាធិបតីនឺស៊ុ​លត​ង់ ណាហ្សា​បាយេ​វ​( Nursultan Nazarbayev )​ដោយ​​មាន​សំឡេង​ឆ្នោត​គាំទ្រ​៧០​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំងអស់ ខណៈ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​ប្រឆាំង​រាប់រយ​នាក់​។​នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​។​

​ជ័យជម្នះ​របស់​លោក​កាស​ស៊ីម ចូ​ម៉ាត​-​តូ​កាយេ​វ​(Kassym Jomart-Tokayev) ដែល​ជា​អ្នកការទូត​នេះ​មិន​ជា​ការភ្ញាក់ផ្អើល​ទេ​ដោយសារ​លោក​ទទួល​ការគាំទ្រ​និង​ជ្រើស​ដោយ​​ផ្ទាល់​ដៃ​ពី​លោក Nursultan Nazarbayev ដែល​បាន​ដឹកនាំ​ប្រទេស​អាស៊ី​កណ្តាល​នេះ​អស់​រយៈពេល​៣០​ឆ្នាំ​។​

​លោក Tokayev អាយុ​៦៦​ឆ្នាំនេះ បាន​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៧០​ភាគរយ​ហើយ លោក Amirzhan Kosanov ជា​គូ​ប្រជែង​របស់​លោក មក​ពី​បក្ស​ប្រឆាំង​បាន​សំឡេង​​គាំទ្រ​ជិត​១៥​ភាគរយ​។​

​ប៉ុន្តែ មាន​ការតវ៉ា​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ដែល​ភាគច្រើន​នៃ​ប្រជាជន​គឺ​អ្នក​កាន់​សាសនា​អ៊ីស្លាម​នេះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាតុករ បាន​ជំរុញ​ឱ្យ​ធ្វើ​ពហិការ​​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​និយាយថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ​ដោយ​កំណត់​លទ្ធផល​ទុកជាមុន​ហើយ​នោះ​។​

​មុន​ឈានដល់​ការបោះឆ្នោត​នេះ គេ​ឃើញ​មាន​ការបង្ក្រាប​ខ្លាំង​ឡើង​ទៅលើ​ក្រុម​អ្នកប្រឆាំង​ដោយ​តុលាការ​ដាក់ទោស​លើ​ក្រុមអ្នកតវ៉ា​ឱ្យ​ជាប់គុក​និង​ប៉ូលិស​បាន​ឆ្មក់​ចូល​​ផ្ទះ​របស់​ក្រុម​សកម្មជន​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយថា មនុស្ស​ជិត​៥០០​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​លោក Marat Kozhayev អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្តីបន្ទោស​​លើ​ក្រុមអ្នកតវ៉ា​ដែល​និយម​ជ្រុល ចំពោះ​ការប្រមូលផ្តុំ​តវ៉ា​គ្មាន​ការអនុញ្ញាត​។​

​អ្នកកាសែត​២​នាក់​របស់​សារព័ត៌មាន​AFP ត្រូវបាន​ឃុំខ្លួន​ផងដែរ​នៅក្នុង ចំណោម​អ្នក​ដែល​ត្រូវបាន​បាន​ឃុំខ្លួន​ទាំងនេះ​នៅ​ទីក្រុង​អាល់​ម៉ា​ទី​(Almaty) ៕​ដោយ​៖​សុខា​/sn

លោក Kassym Jomart-Tokayev បាន​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៧០​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំងអស់​