កា​ហ្សា​ក់​ស្ថាន មាន​គម្រោង​នាំ​កសិផល​សំខាន់ៗ​មួយចំនួន​ពី​ប្រទេស​កម្ពុជា​

805

(​ភ្នំពេញ​) ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន តាមរយៈ​ឯកអគ្គរដ្ឋទូត​ខ្លួន​ប្រចាំ​នៅ​កម្ពុជា ឡាវ និង​វៀតណាម​បានបង្ហាញ​​គោលបំណង​ចង់​នាំយក​ស្វាយ និង​ផល​កសិកម្ម​ផ្សេងៗ​ទៀត ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​កា​ហ្សា​ក់​ស្ថាន​។
​ ​
​ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន កាលពី​ថ្ងៃ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នា​ទីស្តីការ​​ក្រសួង លោក Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន ប្រចាំ​នៅ​កម្ពុជា ឡាវ និង​វៀតណាម បាន​លើកឡើងថា កា​ហ្សា​ក់​ស្ថាន ចង់​ផ្លាស់ប្តូរ​ជំនួញ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​កសិកម្ម ព្រមទាំង​ស្នើសុំ​ការណែនាំ ពី​បែបបទ និង​នីតិវិធី​ក្នុងការ​នាំចូល និង​នាំចេញ​ទំនិញ រវាង​ប្រទេស​ទាំងពីរ ។
​ ​
​លោក​បន្តថា “​ហើយក៏​ចង់​ស្វែងយល់​ពី​ការស្នើសុំ វិ​ញ្ញាប​ន​ប័ត្រ​ក្នុងការ​នាំចូល សាច់សត្វ​និង​មានបំណង​នាំចេញ​ផ្លែស្វាយ​និង​ដំណាំ​​ផ្សេងទៀត​ពី​កម្ពុជា ហើយ​ទស្សនកិច្ច​លើក​នេះ ក៏មាន​បំណង​ពិនិត្យមើល នូវ​លទ្ធភាព​នៃ​ការសហការ​ដៃគូ​ជាមួយ​សហគ្រិន​មួយ​​ចំនួន​ផងដែរ​” ។
​ ​
​លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​ប្រើប្រាស់​រយៈពេល​ត្រឹម​​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ត្រូវ​ឆ្លងកាត់ កំពង់ផែ​ប្រទេស​ចិន ហើយក៏​អាច​ប្រើប្រាស់​កំពង់ផែ​នោះ ធ្វើ​ការនាំ​ផលិតផល​នានា​ទៅកាន់​ទីផ្សារ ប្រទេស​អ៊ឺរ៉ុប​ផងដែរ ។​
​ ​
​ជាការ​ឆ្លើយតប លោក វេ​ង សាខុន បានបង្ហាញ​នូវ​ការស្វាគមន៍ ចំពោះ​ការចាប់​ដៃគូ​សហការ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​​ពីរ​។ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​នូវ​កសិផល ដែលមាន​សក្តានុពល នាំចេញ​របស់​កម្ពុជា រួមមាន ស្វាយ និង​ម្រេច​ដែល​បច្ចុប្បន្នកំពុង​​ប្រកាស​រក​ទីផ្សារ​នាំចេញ ។
​ ​
​ចំពោះ​បែបបទ ក្នុងការ​នាំចេញ​-​ចូល លោក វេ​ង សាខុន បានស្នើ​ឲ្យ​ភាគី​កា​ហ្សា​ក់​ស្ថាន បញ្ជូន​មន្ត្រី​ជំនាញ មក​ពិភាក្សា​លម្អិត​ជាមួយ​​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម ពី​បញ្ហា​នេះ​និង​ពិនិត្យមើល នូវ​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ។ ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ​ទូត​កា​ហ្សា​ក់​ស្ថាន ពិចារណា​ក្នុងការ​គាំទ្រ ដល់​ការពង្រីក​កំពង់ផែ​សមុទ្រ និង​ទឹកសាប​នៅ​កម្ពុជា ដើម្បី​ឈានទៅ​ប្រកួតប្រជែង​តម្លៃ​នៃ​​ការនាំចេញ និង​បង្កើនល្បឿន​ទំហំ​ពាណិជ្ជកម្ម​៕ដោយ៖វិបុល

លោក Beketzhan Zhumakhanov ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ