កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី ៣ ដាក់​គោលដៅ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ​

1649
ចែករម្លែក
  • 12
    Shares

ដោយៈ​បញ្ញា​សាស្ត្រ ,​មុនី​រ័ត្ន​/​ភ្នំពេញៈ​ពី​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​កាលពី ថ្ងៃទី ២៩ ខែ មីនាគណៈកម្មការ​​​ទន្លេមេគង្គ​បាន​ប្រកាសថា​នៅ​សប្ដាហ៍​ក្រោយនេះ គណៈកម្មការ​ទន្លេមេគង្គ (​អឹម​អរ​ស៊ី​,MRC) នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​លើក​ទី ៣ របស់ខ្លួន​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹងមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​ទាំង​បួន មកពី​ប្រទេស​កម្ពុជា, ឡាវ ,ថៃ និង​វៀតណាម ព្រមទាំង​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា ដែលជា​ដៃគូ​សន្ទនា​របស់​អឹម​អរ​ស៊ី​។​

ទន្លេមេគង្គ​ដែល​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន​(​រូបថត​គណៈកម្មការ​ទន្លេមេគង្គ​)

​ប្រភព​ដដែល​បន្តថា​លោក ផាម ជុន ផាន​(Pham Tuan Phan) នាយក​ប្រតិបត្តិ គណៈកម្មការ​ទន្លេ​​មេគង្គ​មានប្រសាសន៍ថា “​នេះ​គឺជា​លើក​ទី ៣ ហើយ ដែល​ថ្នាក់ដឹកនាំ​មកពី​ប្រទេស​ទន្លេមេគង្គ​ជួបប្រជុំគ្នា ដើម្បី​គូសបញ្ជាក់​សាជាថ្មី ពី​ការប្ដេជ្ញាចិត្ត​កម្រិត​ខ្ពស់បំផុត​របស់​ពួកគេ ចំពោះ​តួនាទីភារកិច្ច និង​ការបំពេញ​ការងារ​បស់​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​ធ្វើឱ្យ​តំបន់​អាង​ទន្លេមេគង្គ​ក្លាយ​ជា​តំបន់​ដែលមាន​វិបុលភាព​សេដ្ឋកិច្ច យុត្តិធម៌​សង្គម និង​មាន​បរិស្ថាន​ល្អប្រសើរ​”​។

​កិច្ចប្រជុំ​កំពូល​នេះ រៀបចំឡើង​នៅ​ថ្ងៃទី ៤-៥ ខែ មេសា​។ នៅមុន​កិច្ចប្រជុំ ក៏​នឹងមាន​ការរៀបចំ​សន្និសីទ​អន្តរជាតិ​រយៈពេល​ពីរ​ថ្ងៃ​ផងដែរ​។ ពាក្យស្លោក​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ “​មេគង្គ​មួយ ស្មារតី​មួយ​” ដែល​គូស​បញ្ជាក់​ពី​គោលបំណង​សំខាន់​ជាងគេ​បំផុត​របស់​កិច្ចប្រជុំ គឺ​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។ គណៈកម្មការ​ទន្លេមេគង្គ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ព្រមទាំង​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា​នានា និង​គំនិត​ផ្ដួចផ្ដើម ដៃគូ​នានា និង​អ្នក​ពាក់ពាន់​នៅ​ថ្នាក់​តំបន់​ដទៃទៀត​។​

ទន្លេមេគង្គ​ដែល​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន​(​រូបថត​គណៈកម្មការ​ទន្លេមេគង្គ​)

​ប្រធាន​ប្រតិបត្តិ លោក ផាម បាន​បន្ថែមទៀតថា “​ដោយសារតែ​កំណើន​សម្ពាធ​មកលើ​តំបន់​អាង​ទន្លេ​នេះ ជាពិសេសការកើន​ឡើង​​នូវ​ចំនួន​ប្រជាជន ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ និ​ផលប៉ះ​​ពាល់​ដែល​បង្កឡើង​ដោយសារ​អាកាសធាតុ ជាការ​សំខាន់​បំផុត ដែល​យើង​ត្រូវ​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ជា​កាលានុវត្តភាព ដើម្បី​ដាក់ចេញ​នូវ​អាទិភាព​យើង​ឱ្យបាន​ច្បាស់​។ យើង​ចាំបាច់​ត្រូវធ្វើ​ការងារ​រួមគ្នា ទាំង​ឆ្លងដែន ទាំង​ឆ្លង​វិស័យ ដើម្បី​ធានាឱ្យមាន​ការចែករំលែក​ធនធានទឹក និង​អត្ថប្រយោជន៍ ដែល​ពាក់ព័ន្ធ​នានា ប្រកបដោយ​សមធម៌​”​។​

​លើសពីនេះ គោលបំណង​របស់​ព្រឹត្តិការណ៍​នេះ​រួមមាន ការបញ្ជាក់​សាជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​របស់​MRC ក្នុងការ​បំពេញ​តួនាទី​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុងការ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​នានា ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាពិសេស​គោលដៅ​ទី ៦ ស្ដីពីការគ្រប់គ្រង​ធនធានទឹក ប្រកបដោយ​ចីរភាព និង​គោលដៅ​ដទៃទៀត​។

​ព័ត៌មាន​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត​មួយចំនួន ដែល​អាច​ត្រួស​ត្រាយផ្លូវ​ឱ្យមាន​ការសម្រេចចិត្ត​អំពីការ​អភិវឌ្ឍ​​នាពេល​អនាគត អាច​រកបាន​ក្នុងការ​សិក្សា​ស្ដីពី​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ទន្លេ មេគង្គ​ប្រកបដោយ​ចីរភាព ដែល MRC ទើបតែ​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ ដោយ​ការសិក្សា​នេះ​ក៏មាន​បង្ហាញ​ផងដែរ​ពី​ផលប៉ះ​ពាល់ ដែល​បង្កឡើង​ដោយ​គម្រោង​វា​រី​អគ្គិសនី​នៅលើ​ទន្លេ​មេគង្គ​។

ការសិក្សា​នេះ​អាច​ហៅ​ម្យ៉ាង​ទៀតថា ការសិក្សា​របស់​ក្រុមប្រឹក្សា​។ កា​រិ​ក្សា​នេះ​រំលេច​ឱ្យឃើញ​ពីផលប៉ះពាល់ អត្ថប្រយោជន៍ និង ទ្វេ​គ្រោះ (​ការដោះដូរ​រវាង​អត្ថប្រយោជន៍​និង​ផលប៉ះពាល់​) ដែល​អាច​បង្កឡើង​ដោយសារ​ផែនការអភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ននេះ ដូចជា​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​គម្រោង​វា​រី​អគ្គិសនី គម្រោង​នាវាចរណ៍ គម្រោង​ធារាសាស្ត្រ និង​គម្រោង​គ្រប់គ្រង​ទឹកជំនន់មកលើ​ទន្លេមេគង្គ​មេ និង​ដៃទន្លេ​មេគង្គ​។​

​លទ្ធផល​នៃ​ការសិក្សា​នេះ ព្រមទាំង​បញ្ហា​ផ្សេងទៀត នឹងត្រូវ​លើកយក​មក​ធ្វើការ​ពិភាក្សា​ក្នុង​សន្និសីទ​អន្តរជាតិ​​​។ សារសំខាន់ៗ ដែល​ចេញពី​កិច្ចប្រជុំ​នេះ នឹងត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទន្លេមេគង្គ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ បន្ថែម​ពីលើ​លទ្ធផល​រកឃើញ​សំខាន់ៗ ដែល​ត្រូវបាន​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងនេះ​កាលពី​ខែ ធ្នូ ឆ្នាំមុន​ម្ដង​រួចមកហើយ​។ បុគ្គលិក​នៃ​លេខាធិការ​រដ្ឋា​ន​នៃ​គណៈកម្មការទន្លេមេគង្គ ដែល​សុទ្ធតែ​អ្នក​មកពី​​ប្រទេស​​ជាប់​ដង​ទន្លេ​នេះ ក៏បាន​រៀបចំ​កិច្ចប្រជុំ​រាយការណ៍​ដ៏​សង្ខេប​ពី​លទ្ធផល​សំខាន់ៗ​នៃ​ការសិក្សា​នេះ ដល់​បញ្ញវន្ត អគ្គនាយក ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​នៃ​ប្រទេស​ជា​សមាជិក MRC ទាំង​បួន​។​

​គណៈកម្មការ​ទន្លេមេគង្គ​រំពឹងថា​កិច្ចប្រជុំ​កំពូល​នេះ នឹង​ជួយ​បន្ត​ពង្រឹង​តួនាទី​របស់​គណៈកម្មកា​រ​នេះ​ក្នុងនាម​ជាម​ជ្ឈ​ម​ណ្ដ​ល​ប្រមូល​ផ្ដុំ​ចំណេះដឹង និង​ជា​វេទិកា​ការទូត​ផ្នែក​ទឹក​ដ៏​ចម្បង​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​នេះ​។ គណៈកម្មការ​នេះ​ធ្វើការ​ពិនិត្យពិច័យ​លើ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​បំពេញគោលបំណង​ចម្រុះ​ដែល​បាន​ដាក់ចេញដូចជាការធានានិរន្តរភាពធនធាននេសាទការលើកកម្ពស់វារីអគ្គិសនីប្រកបដោយចីរភាពការកំណត់កាលនុវត្តភាពសម្រាប់ស្រោចស្រពកសិកម្មការរក្សា​​​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ការកែ​លម្អ​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត និ​ការរក្សា​ប្រព័ន្ធអេកូ​ឡូ​ហ្ស៊ី​សំខាន់ៗ​។

​សេចក្តី​ប្រ​កាស​ដដែល​ឲ្យ​ដឹ​ថា​សមិទ្ធផល​ដែល​សម្រេច​ច​បាន​កាលពីពេល​ថ្មីៗ​នេះ​រួមមាន ការពង្រឹងការចូល​រួម ការប្រាស្រ័យ​ទាក់ និង​ការអប់រំ​ផ្សព្វផ្សាយ​, ដំណើរការ​ពិគ្រោះ​យោបល់​ជាមុនរយៈ​ពេល​ប្រាំ​មួយខែ សម្រាប់​​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​បេង ដែល​បាន​ទទួល​ការកោតសរសើរ​ពី​ភាគី​ជាច្រើនយ៉ាង​ទូលំទូលាយ​, ការ​អនុម័ត​លើ​យុទ្ធសាស្ត្រ និង​ផែនការសកម្មភាព​សម្រាប់តំបន់​អាង​ទន្លេ​ទាំងមូលដែលផ្ដោតលើធនធាននេសាទ ការប្រែប្រួល​អាកាសធាតុ និង​យេនឌ័រ និង​ការបញ្ចប់​គោល ការណ៍​ណែនាំ​ស្ដីពី​ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​វា​រី​អគ្គិសនី និងការវាយ តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឆ្លងដែន​។​

​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី ៣ នេះ គឺជា​កិច្ចប្រជុំ​បន្ត​ពី​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរលើក​កន្លង​មក ដែល​កិច្ចប្រជុំ​កំពូល​លើក​ទី ១ ត្រូវបាន​រៀបចំឡើង​ក្នុង​ឆ្នាំ ២០១០ ដែលមាន​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ខេត្ត​ហួ​ហ៊ី​ន និង​កិច្ចប្រជុំ​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៤ ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ប្រទេស​វៀតណាម ក្នុង​ទីក្រុង​ហូជីមិញ​។ ខណៈដែល​កិច្ចប្រជុំ​កំពូល​លើក​ទី ១ បានប្រែក្លាយ​សកម្មភាព​របស់ MRC ឱ្យ​ក្លាយ​ជា​យុគសម័យ​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំ​កំពូល​លើក​ទី ២ ធ្វើឱ្យមាន​ការយកចិត្ត​ទុកដាក់​រឹតតែ​ខ្លាំងក្លា​បន្ថែមទៀត​លើ​ការពឹង​អាស្រ័​លើ​គ្នា​ទៅវិញ ទៅមក រវាង​វិស័យ​ប្រើប្រាស់​ទឹក​នានា ដូចជា​វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​ជាដើម​។

​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី ៣ នេះ នឹង​នាំឱ្យមាន​ការដាក់ចេញ​នូវសេចក្ដី ប្រកាស​សៀមរាប ដែល​នឹង​ដាក់ចេញ​នូវ​អាទិភាព​កម្រិត​ខ្ពស់​សម្រាប់​រយៈពេល​បួន​ឆ្នាំ​ខាងមុខ​ទៀត ក៏ដូចជា​គូស​បញ្ជាក់​សាជាថ្មី​ពី​ការទទួលខុសត្រូវ​រួម​របស់​ប្រទេស​ជា​សមាជិក ដើម្បី​រក្សា​ឱ្យបាន​នូវស្ថានភាព និង​ធនធាន​របស់​តំបន់​អាង​ទន្លេមេគង្គ​នាពេល​អនាគត​។

​ ​គួររំលឹកថា គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថា​ប័​ន្ដ​អន្តររដ្ឋាភិបាល​ដែលមាន​តួនាទី​ជំរុញ លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ខ្សែទឹកខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ស្ថាប័ន​នេះ​បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​កា​ទូត​ផ្នែក​ទឹក ក៏ដូចជា​មជ្ឈមណ្ឌល​ចំណេះដឹង​ស្ដីពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់​នេះ​៕មន

ទន្លេមេគង្គ​ដែល​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន​(​រូបថត​គណៈកម្មការ​ទន្លេមេគង្គ​)