កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​មេកា​រិះគន់​ការ​រើ​ទីតាំង​ស្ថានទូត​អាម៉េរិក​ទៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​

744
ចែករម្លែក

​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​អ៊ីស្លាម (OIC) ដែលមាន​សមាជិក​ចំនួន ៥៧ ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ទី​១​មិថុនា​នេះ​បាន​រិះគន់​ការសម្រេចចិត្ត​របស់​អា​ម៉េ​រិ​ក​ក្នុងការ​រើ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​និង​ការទទួលស្គាល់​ទីក្រុង​ជម្លោះ​នេះ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល ដែល​រៀបចំ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ថ្កោលទោស​ការ​រើ​ទីតាំង “​ស្ថានទូត​របស់​អាម៉េរិក​និង​ក្វា​តេ​ម៉ា​ឡា​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​” និង​បាន​ជំរុញ​សមាជិក​ទាំងអស់​ឱ្យធ្វើ “​ពហិការ​” ប្រទេស​ណា ដែល​បាន​បើក​ស្ថានទូត​នៅក្នុង​ទីក្រុង​នេះ​។​

​សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង ខណៈដែល​លោក​ចា​រ៉េត គូ​ស្ន័​រ កូនប្រសារ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ត្រៀម​ដាក់ចេញ​នូវ​ទិដ្ឋភាព​សេដ្ឋកិច្ច​នៃ​ផែនការ​សន្តិភាព​មជ្ឈិម​បូព៌ា​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​នៅក្នុង​សន្និសីទ​មួយ​នៅ​បា​រ៉ែ​ន​នៅ​ចុងខែ​នេះ​។​

​ផែនការ ដែល​ត្រាំ​ហៅថា “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​” ត្រូវបាន​ច្រានចោល​ដោយ​ប៉ា​ឡេ​ស្ទី​ន ដែល​និយាយថា គោលនយោបាយ​របស់លោក​ត្រាំ​បាន​បង្ហាញថា គាត់​លម្អៀង​យ៉ាងច្បាស់​ក្រឡែត​ទៅខាង​អ៊ីស្រាអែល​។​

​ប៉ា​ឡេ​ស្ទី​ន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​រដ្ឋបាល​ត្រាំ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បាន​ក្បត់​គោលនយោបាយ​រាប់​ទសវត្សរ៍​របស់​ប​ក្សធំ​ពីរ​នៅ​អាម៉េរិក ដើម្បី​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល កាលពី​ខែធ្នូ ឆ្នាំ ២០១៧​។​

​អ៊ីស្រាអែល​ទទូចថា ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​គឺជា​រដ្ឋធានី “​មិនអាច​បំបែក​បានជា​អមតៈ​” របស់ខ្លួន​។ ប៉ា​ឡេ​ស្ទី​ន​ទាមទារ​ផ្នែក​ខាងកើត​របស់​ទីក្រុង​ជា​រដ្ឋធានី​នៃ​រដ្ឋ​អនាគត​របស់ខ្លួន​ជា​យូរយារ​ណាស់​មកហើយ​៕ ដោយ៖ កញ្ញាដាលីស

កិច្ចប្រជុំ​កំពូល ដែល​រៀបចំ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ថ្កោលទោស​ការ​រើ​ទីតាំង “​ស្ថានទូត​របស់​អាម៉េរិក​និង​ក្វា​តេ​ម៉ា​ឡា​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​”