កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​: សម្តេច​តេ​ជោ​បញ្ជាក់​ពី​ការងារ​អាទិភាព​បី​

734
ចែករម្លែក

ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ​នៅ​ទីក្រុង​ហាណូយ ប្រ​ទេ ស​វៀតណាម​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ការ ងារ​អាទិភាព​ចំនួន​៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់ សំដៅ​ប្រែក្លាយ​នាវា​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០​។ ការងារ​អាទិភាព​ទាំង​៣​នោះ​រួមមាន​៖

​ទី​១៖ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ជា​ពិ​សេ ស​ផ្ដោតលើ​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច សំដៅ​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ក្នុងស្រុក និង​តំបន់ ដោយ​ប្រកាន់យក​នូវ​អភិក្រម នៃ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមុខ​។

​ទី​២៖ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ តាម រយៈ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​និង​សេវាកម្ម ដើម្បី ប្រែក្លាយ​កម្ពុជា ទៅជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិ​ក នៃ​មហា​អនុតំបន់​មេគង្គ​ដោយ​បន្ដ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង ការ​អនុវត្ដ​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​

ទី​៣៖ ការអភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​ផ្ដោតលើ​កម្មវិធីសិក្សា អប់រំ ផ្នែក​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស ន៍​បន្តថា កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​លក្ខ ណៈ​ល្អប្រសើរ ដែល​បាន​ងើបឡើង​នៅ​ឆ្នាំ​២០១៧ និង​បន្ដ​កើនឡើង​ថែមទៀត នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ។ ស្របគ្នា​នេះ សេដ្ឋកិច្ច​ប្រទេស​មហា​តំបន់​មេគង្គ​ក៏មាន​សន្ទុះ​គួរ​ជាទី​មោទនៈ​ក៏ប៉ុន្ដែ​លទ្ធភាព​កំណើន នៃ​អតិផរណា និង​អត្រា​ការប្រាក់ ដែល​បណ្ដាលមកពី​កំណើន​តម្រូវការ និង​ទំនោរ​គាំពារ សេដ្ឋកិច្ច​ក្នុងស្រុក របស់​ប្រទេស​មួយចំនួន កំពុង​បង្ក​ផលប៉ះពាល់ ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផងដែរ​។​

​សម្ដេច​តេ​ជោ​បាន លើកឡើង​ទៀតថា ក្នុង​បរិ ការណ៍​នេះ​ប្រទេស​មហា​អនុតំបន់​មេគង្គ ចាំបាច់​ត្រូវ​បង្កើនល្បឿន​នៃ​សមាហរណកម្ម និង​ការតភ្ជាប់​តំបន់ ដោយ​ផ្ដោតលើ​វិស័យ​អាទិភាព​មួយចំនួន​បន្ថែមទៀត ដូចជា​វិស័យ​ហរិញ្ញវត្ថុ ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការអភិវឌ្ឍន៍​ទីក្រុង នៅតាម​តំបន់​ជាប់​ព្រំដែន​។ ការពង្រឹង​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ កិច្ចការ​របស់​យើង នឹង​ផ្ដល់នូវ​លំហូរ​សម្រាប់​កំណើនសេដ្ឋកិច្ច​តំបន់ ក្នុងពេល​អនាគត តាមរយៈ​ការតភ្ជាប់​ក្របខណ្ឌ មហា​អនុតំបន់​មេគង្គ និង​តាមរយៈ​កាលា​នុ​វត្ដ​ភាព ពី​គំនិត​ផ្ដួចផ្ដើម​តំបន់​ផ្សេងទៀត​។​

​ជាមួយគ្នានេះដែរ​សម្ដេច​តេ​ជោ នាយក រដ្ឋមន្ត្រី​កម្ពុជា​បាន​ទាញ​ចំណាប់អារម្មណ៍ អ្នកចូលរួម​ឲ្យ​ពិនិត្យ មើល​បញ្ហា​ប្រឈមមុខ​មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់ និង​ដោះស្រាយ​រួមមាន​៖

១៖ ការមិន​ទាន់​ទាញយក​ប្រយោជន៍ អស់ពី​សក្ដានុពល ដែលមាន​នៅតាម​របៀង​សេដ្ឋកិច្ច​ដ៏​រស់ រវើក​របស់​មហា​អនុតំបន់​មេគង្គ​។​

២៖ បញ្ហា​ប្រឈម​នៃ​កំណើន នគរូបនីយកម្ម ដោយសារ​ការអភិវឌ្ឍ​ន៍​ដ៏​ឆាប់រហ័ស​នៅក្នុង​តំបន់​។​

៣៖ ការកកស្ទះ នៅតាម​ច្រកព្រំដែន ដែល​បណ្ដាលមកពី​សក​ម្ម​ភាព​ពាណិជ្ជកម្ម និង​ធុរកិច្ច​។​

៤៖ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បច្ចុប្បន្ន នៅ​មិនទាន់​ឆ្លើយតបបាន ទៅនឹង​កំណើន​នៃ​តម្រូវការ​។​

៥៖ ការបន្ដ​ពឹងផ្អែក​ទៅលើ​ធនធានធម្មជាតិ និង​កម្លាំង​ពលកម្ម​មានតម្លៃ​ទាប ក្នុងការ​ទាក់ទាញ​ការវិនិយោគ​និង​ធុរកិច្ច​និង​មិនអាច​រក្សា​បានឡើយ​នូវ​កំណើន​ប្រកប​ចីរភាព និង​បរិ​យា​ប័ន្ន​៕L​