កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​ត្រាំ​និង​គីម​គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​អាណត្តិ​ប្រធានាធិបតី​របស់លោក​មូ​ន​

447
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជែ​អ៊ី​ន បានដាក់​ភ្នាល់​កេរ្តិ៍ដំណែល​របស់លោក​ទៅលើ​វឌ្ឍនភាព​ការទូត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​លោក​បាន​បង្កើតឡើង​ជាមួយ​កូរ៉េខាងជើង​ក៏ដូចជា​ការរៀបចំ​ចាត់ចែង​នៅ​ខាងក្រោយ​ឆាក​នៃ​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក និង កូរ៉េខាងជើង​។​

​ប៉ុន្តែ​បន្ទាប់ពី​ការជាប់គាំង​រយៈពេល​ជាច្រើន​ខែ​អំពី​កិច្ចចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តំណែង​ប្រធានាធិបតី​របស់លោក​មូ​ន​កំពុង​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់ ស្របពេល​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន គ្រោង​នឹង​ជួបប្រជុំ​ជា​លើក​ទី​ពីរ​នៅ​សប្តាហ៍​ក្រោយ​។​

លោក​មូ​ន​និង​លោក​គីម​បក់ដៃ​ដាក់​ប្រជាជន​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​១៨​កញ្ញា​២០១៨

​លោក​មូ​ន ដែលជា​អ្នក​សេរីនិយម​ឡើងកាន់តំណែង​កាលពី​ខែឧសភា​ឆ្នាំ ២០១៧ គឺ​ចង់បាន​ខ្លាំងណាស់​នូវ​ការទម្លាយ​ភាពទ័លច្រក ដូច្នេះ​ទើប​គាត់​អាច​បន្ត​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ដែល​បាន​ជំរុញឱ្យមាន​ការទូត​៣​ផ្លូវ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​ដកថយ​មួយ​ជំហាន​សិន ដោយសារតែ​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។ មាន​ក្តីសង្ឃឹម​ក្នុងចំណោម​ពួក​អ្នកគាំទ្រ​របស់លោក​មូ​ន​ថា​ការរីកចម្រើន​ដែល​ធ្វើឡើង​ដោយ​លោក​ត្រាំ​និង​លោក​គីម​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ នឹង​នាំឱ្យ​មានការ​សម្រាល​ទណ្ឌ​កម្ម​ផ្នែក​ខ្លះ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​កូរ៉េ​ទាំងពីរ​ដើម្បី​ចាប់ផ្តើម​គម្រោង​សេដ្ឋកិច្ច​រួមគ្នា ដែល​ត្រូវបាន​បោះបង់ចោល​ក្នុងអំឡុងពេល​ប្រឈមមុខគ្នា​កាលពី​គ្រា​មុនៗ​។​

​ប៉ុន្តែ​លោក​មូ​ន​អាច​នឹង​ខកចិត្ត​ក្នុងការ​ជំរុញឱ្យមាន​កា​រ​សម្រាល​ទណ្ឌកម្ម​ឱ្យបាន​ឆាប់រហ័ស​។​

​គេ​នៅតែ​មិន​ច្បាស់​ទេ​ថា​តើ​លោក​គីម​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​មើលឃើញ​ការដាក់​សម្ពាធ​ខាង​សេដ្ឋកិច្ច​ជា​ទម្រង់​នៃ​គំនាស់​ល្អ​បំផុត​របស់ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​ព្យុងយ៉ាង​។ ប្រសិនបើ​ការចរចា​នុយក្លេអ៊ែរ​បរាជ័យ នោះ​លោក​មូ​ន​អាច​នឹង​ប្រឈម​ទ្វេ​គ្រោះ​ខាង​នយោបាយ​ជុំវិញ​ថា​តើ​ត្រូវ​បន្ត​ចូលរួម​ជាមួយ​កូរ៉េខាងជើង​ឬក៏​ត្រូវ​ចូលរួម​ក្នុង​យុទ្ធនា​ការដាក់​សម្ពាធ​មួយទៀត ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​

​តោះ​ក្រឡេកមើល​ការ​ភ្នាល់​របស់លោក​មូ​ន ស្របពេល​លោក​ត្រាំ និង​លោក​គីម ត្រៀមខ្លួន​ដើម្បី​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​។​

  • យុទ្ធសាស្ត្រ​របស់លោក​មូ​ន​

​លោក​មូ​ន ដែល​បានប្រកាសថា​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​គួរតែ​ស្ថិតនៅ​កៅអី​អ្នកបើកបរ នៅពេល​ទាក់ទង​ជាមួយ​ព្យុងយ៉ាង បានដាក់​អាទិភាព​កំពូល​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កូរ៉េខាងជើង ដែល​លោក​និយាយ​អាច​នឹង​ជួយ​ជំរុញ​ការរីកចម្រើន​អំពី​ការចរចា​នុយក្លេអ៊ែរ​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​។​

​ជា​កូនប្រុស​របស់​ជនភៀសខ្លួន​សង្គ្រាម​របស់​កូរ៉េខាងជើង​ម្នាក់ លោក​មូ​ន​បាន​ប្តេជ្ញា​កសាង​កេរ្តិ៍ដំណែល​របស់​អតីត​ប្រធានាធិបតី​គីម តេ​ជុង និង រ៉ូ មូ​យុន​។ នៅក្រោម “​គោលនយោបាយ​ព្រះអាទិត្យ​រះ​” របស់​ពួកគេ ដែល​លោក​មូ​ន​បាន​ចូលរួម​បង្កើតឡើង​ក្នុងនាម​ជា​នាយសេនាធិការ​របស់​លោក​រ៉ូ ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ពី​ទីក្រុង​សេ​អ៊ូ​ល​បាន​នាំឱ្យមាន​ការទាក់ទង​គ្នា​ជា​បណ្តោះអាសន្ន​និង​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំ ២០០០ និង ២០០៧ ជាមួយ​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល ដែលជា​ឪពុក​របស់លោក​គីម ជុង​អ៊ុន​។ នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​កាលពី​ថ្ងៃ​អង្គារ លោក​មូ​ន​បាន​និយាយថា កូរ៉េខាងត្បូង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បន្ត​គម្រោង​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​ដើម្បី​ជំរុញ​ជំហាន​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​ពី​លោក​គីម​។​

​ប៉ុន្តែ​លោក​មូ​ន​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​លំបាក​ជាង​អ្នកកាន់អំណាច​សេរីនិយម​មុនៗ​របស់លោក ដែល​គ្រប់គ្រង​ប្រទេស​នៅពេល​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទើបតែ​ចាប់ផ្តើម​។ សព្វាវុធ​របស់​គីម​ជុង​អ៊ុន​ឥឡូវនេះ​គឺ​រួមបញ្ចូល​ទាំង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​អាមេរិក​ដីគោក​។​

​កិច្ចប្រជុំ​រវាង​ត្រាំ​និង​គីម​នៅ​ទីក្រុង​ហាណូយ​អាចជា​ចំណុច​សំខាន់​មួយ​ក្នុងការ​កំណត់ថា​តើ​អ្វីៗ​នឹង​ឆ្ពោះទៅរក​ឧបទ្វីប​កូរ៉េ​ដែលមាន​ស្ថិរភាព​និង​គ្មាន​អាវុធ​នុយក្លេអ៊ែរ ឬ​នឹង​ធ្វើឱ្យ​កូរ៉េខាងជើង​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​។ ជាមួយ​ការបោះឆ្នោត​សភា​ដ៏​សំខាន់​នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ លោក​មូ​ន​មិនអាច​ឱ្យមាន​ការជាប់គាំង​ដ៏​ធំ​ណាមួយ​ទៀតឡើយ​នៅក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែលជា​បញ្ហានយោបាយ​ដ៏​សំខាន់បំផុត​របស់លោក​។​

​លោក​មូ​ន​នៅតែ​បន្ត​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​ដើម្បី​ឱ្យមាន​ភាពជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង​។ ប៉ុន្តែ​ការស្ទង់មតិ​ថ្មីៗ​នេះ​បាន​បង្ហាញថា​មានការ​សង្ស័យ​កាន់តែខ្លាំង​ឡើង​ក្នុងចំណោម​ប្រជាជន​កូរ៉េខាងត្បូង ជាពិសេស​ក្នុងចំណោម​មនុស្ស​ចាស់​ជុំវិញ​ថា​តើ​លោក​គីម​នឹង​បោះបង់ចោល​នុយក្លេអ៊ែរ​របស់គាត់​ឬ​យ៉ាងណា​។​

​លោក​ថែ យ៉ុង​ហូ អតីត​អ្នកការទូត​កូរ៉េខាងជើង​ដែល​រត់គេចខ្លួន​មក​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១៦ បាន​និយាយថា “​ដរាបណា​របប​លោក​គីម ជុង​អ៊ុន​នៅតែ​ស្ថិតនៅ​ទីនោះ កូរ៉េខាងជើង​នឹងមិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ បើទោះបីជា​យើង​ឱ្យប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឬ​រាប់លាន​លាន​ដុល្លារ​ទៅ​ពួកគេ​ក៏ដោយ​”​។

​លោក​ថែ​បាន​និយាយថា “​អាវុធ​នុយក្លេអ៊ែរ​គឺជា​ទំនាញ ដែល​ទាញ​របប​នេះ​ឱ្យ​រួបរួមគ្នា​។ អាវុធ​ទាំងនោះ​ជួយ​ឱ្យ​កូរ៉េខាងជើង​តាម​ពីក្រោយ​នៃ​ការប្រកួតប្រជែង​រវាង​កូរ៉េ​និង​កូរ៉េ​និង​ផ្តល់​ជា​ដំណោះស្រាយ​ភ្លាមៗ​ចំពោះ​ភាពទន់ខ្សោយ​របស់​កូរ៉េខាងជើង​ខាង​អំណាច​យោធា​ធម្មតា​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​”​។​

  • ក្តីបារម្ភ​នៅ​សេ​អ៊ូ​ល​

​ខណៈដែល​លោក​មូ​ន​ផ្តោត​សំខាន់​តែ​ទៅលើ​កូរ៉េខាងជើង មានការ​រិះគន់ថា បញ្ហា​ធំៗ​ជាច្រើន​មិនត្រូវ​បាន​ដោះស្រាយ​នៅក្នុង​ស្រុក​ទេ​។​

​មាន​ការមិន​ពេញចិត្ត​ខ្លាំង​ចំពោះ​ទីផ្សារការងារ​ដែល​កំពុង​ថយចុះ​យ៉ាង​ឆាប់រហ័ស​។ ប្រជាជន​កូរ៉េខាងត្បូង ១,២២ លាន​នាក់​ត្រូវបាន​ចាត់ទុកថា​ជា​អ្នក​អត់​ការងារ​ធ្វើ​គិត​ត្រឹម​ខែមករា ពោលគឺ​តំណាងឱ្យ​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ១៩ ឆ្នាំ​មកនេះ​។ សេដ្ឋកិច្ច​ដុនដាប​ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើកំណែទម្រង់​ទៅលើ​បណ្តា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​គ្រួសារ​ដ៏​មានអំណាច ដែលជា​ញឹកញយ​ត្រូវបាន​គេ​ចោទប្រកាន់ថា​មាន​អាកប្បកិរិយា​កាន់​មុខ​ជំនួញ​ផ្តាច់មុខ​និង​មាន​ទំនាក់ទំនង​ពុករលួយ​ជាមួយ​ពួក​អ្នកនយោបាយ​។ ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ផលប៉ះពាល់​យូរអង្វែង​នៃ​អត្រាកំណើត​ដែល​ធ្លាក់ចុះ​ខ្លាំង ព្រោះ​ស្ត្រី​ជាច្រើន​បាន​ពន្យារពេល​រៀបការ​និង​ការ​សម្រាលកូន ដោយសារតែ​អស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ ម៉ោង​ធ្វើការ​យូរៗ និង​សេវា​ថែទាំ​កុមារ​និង​មនុស្ស​ចាស់​នៅមានកម្រិត​។​

​គម្លាត​យេនឌ័រ អាយុ​និង​ការបែកបាក់​ខាង​នយោបាយ​ហាក់ដូចជា​កំពុងមាន​នៅក្នុង​ចិត្ត​មនុស្ស​គ្រប់គ្នា​នៅមុន​ឆ្នាំ​បោះឆ្នោត​ចូលមក​ដល់ ហើយ​ពួក​អ្នកដឹកនាំ​សេរីនិយម​ដែល​កំពុងកាន់​អំណាច​បា​ន​មើលឃើញ​ផ្ទាល់​នូវ​ប្រជាប្រិយភាព​របស់​ពួកគេ​កំពុង​ធ្លាក់ចុះ​ដោយសារ​រឿងអាស្រូវ​ជាច្រើន រួមទាំង​ការចាប់ខ្លួន​អភិបាលខេត្ត​ម្នាក់​ដែល​គាំទ្រ​លោក​មូ​ន​ចំពោះ​ការចូលរួម​របស់គាត់​ក្នុងការ​ក្លែងបន្លំ​ការបោះឆ្នោត​បញ្ចេញមតិ​លើ​អន​ឡាញ នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៧​។​

​លោក​យូ​ល ស៊ីន សាស្ត្រាចារ្យ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ម្យុ​ង​ជី​នៃ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា “​ទំនាក់ទំនង​អន្តរ​កូរ៉េ​គឺជា​រឿង​តែមួយគត់​ដែល​ល្អ​សម្រាប់​រដ្ឋាភិបាល​លោក​មូ​ន​។ ប៉ុន្តែ​ការ​សាទរ​នឹង​ថយចុះ​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​យើង​ឆ្លងកាត់​ព្រឹត្តិការណ៍​មួយ​ទៅ​ព្រឹត្តិការណ៍​មួយទៀត​ដោយ​គ្មាន​ការផ្លាស់ប្តូរ​ពិតប្រាកដ​លើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​”​។​

  • ក្តីសង្ឃឹម​នៃ​ការចាប់ផ្តើម​គម្រោង​រួមគ្នា​ឡើងវិញ​

​កូរ៉េ​ទាំងពីរ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បាន​ចាត់វិធានការ​យោធា​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​ជាទូទៅ បើក​ការិយាល័យ​ទំនាក់ទំនង​ក្នុង​ខេ​ស៊ុ​ង​របស់​កូរ៉េខាងជើង និង ប្តេជ្ញា​បន្ត​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវក្តៅ​រួមគ្នា​ឆ្នាំ ២០៣២​។​

​ឥឡូវនេះ​ពួកគេ​ចង់ឱ្យ​ដកចេញ​ការដាក់ទណ្ឌកម្ម​ដើម្បីឱ្យ​ពួកគេ​អាច​ចាប់ផ្តើម​ឡើងវិញ​នូវ​គម្រោង​ជា​និមិត្តរូប​ធំៗ​ចំនួន​ពីរ ដែល​ផ្តល់ឱ្យ​កូរ៉េខាងជើង​នូវ​សាច់ប្រាក់​ដ៏​ចាំបាច់​បំផុត ក្នុងនោះ​រួមមាន​រោងចក្រ​ដំណើរការ​រួមគ្នា​នៅ​សួន​ឧស្សាហកម្ម​ខេ​ស៊ុ​ង និង​ការធ្វើ​ទេសចរណ៍​របស់​ពលរ​ដ្ឋ​កូរ៉េខាងត្បូង​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ពេជ្រ​ដ៏​ស្រស់ស្អាត​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែកញ្ញា លោក​មូ​ន​និង​លោក​គីម​បាន​យល់ព្រម​ធ្វើឱ្យមាន​ភាពជឿ​ន​លឿន​លើ​គម្រោង​ទាំងពីរ​នេះ​។ លោក​គីម​បាន​និយាយ​នៅក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ថ្មី​របស់ខ្លួន​ថា កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចាប់ផ្តើម​គម្រោង​ឡើងវិញ​ដោយ “​គ្មាន​លក្ខខណ្ឌ​ជាមុន​” ខណៈ​អំពាវនាវ​ថ្នាក់ជាតិ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រឹងមាំ​រវាង​កូរ៉េ​ទាំងពីរ​។​

​កូរ៉េខាងត្បូង​បាន​ផ្អាក​ដំណើរ​កម្សាន្ត​ទៅកាន់​ភ្នំ​ពេជ្រ​ក្នុង​ឆ្នាំ​២០០៨ បន្ទាប់ពី​ទាហាន​កូរ៉េខាងជើង​ម្នាក់​បាន​បាញ់​អ្នកទេសចរ​កូរ៉េខាងត្បូង​ម្នាក់​។ រដ្ឋាភិបាល​អភិរក្សនិយម​មុន​របស់​ទីក្រុង​សេ​អ៊ូ​ល​បាន​បិទ​សួន​ឧស្សាហកម្ម​ខេ​ស៊ុ​ង​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៦ បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​វា​មិនអាច​ទៅរួច​ទេ​សម្រាប់​សេ​អ៊ូ​ល​ដើម្បី​ចាប់ផ្តើម​គម្រោង​ទាំងពីរ​នេះ​ឡើងវិញ​ក្រោម​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​នាពេល​បច្ចុប្បន្ន ដែល​បាន​ពង្រឹង​ខ្លាំង​ឡើង​ចាប់តាំងពី​ឆ្នាំ ២០១៦ នៅពេលដែល​កូរ៉េខាងជើង​បង្កើន​ការអភិវឌ្ឍ​អាវុធ​របស់ខ្លួន​។​

​លោក​កោះ យូ​វ៉ាន់ (Koh Yu-hwan) អ្នកជំនាញ​អំពី​កូរ៉េខាងជើង​នៅ​សាកលវិទ្យាល័យ​ដុង​គុក​នៃ​ក្រុង​សេ​អ៊ូ​ល​និង​ជាទី​ប្រឹក្សា​គោលនយោបាយ​ម្នាក់​របស់លោក​មូ​ន​បាន​និយាយថា បើ​មាន​កិច្ចព្រមព្រៀង​មួយ វា​នឹង​អាចធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រំលាយចោល​ទីតាំង​នុយក្លេអ៊ែរ​ធំ​របស់ខ្លួន​នៅ​ខេត្ត​យុង​ប្យុង​។ ជា​ថ្នូរ​ត្រឡប់មកវិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​យល់ព្រម​ចាត់វិធានការ​ដើម្បី​ឱ្យមាន​សកម្មភាព​អន្តរ​កូរ៉េ​ឡើងវិញ​នៅឯ​តំបន់​ខេ​ស៊ុ​ង​និង​ភ្នំ​ពេជ្រ​។

​លោក​លីម ស៊ូ​ហូ អ្នកវិភាគ​មកពី​វិទ្យាស្ថាន​សន្តិសុខ​ជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​ប្រហែលជា​នឹងត្រូវ​អនុម័ត​សេចក្តីសម្រេច​ថ្មី​មួយ​ស្តីពី​កូរ៉េខាងជើង​សម្រាប់​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​បន្ត​ឡើងវិញ ដែលជា​រឿង​ពិបាក​ក្នុងការ​ស្រមៃ​ណាស់​លុះត្រាតែ​លោក​គីម​ចាត់វិធានការ​ស៊ីជម្រៅ​ជាង​នេះ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​ដែល​គួរឱ្យ​ទុកចិត្ត​និង​គ្មាន​ការប្រែក្រឡាស់​។ ទោះបីជា​រឿងនេះ​កើតឡើង​ក៏ដោយ ក៏​ទណ្ឌកម្ម​ដោយ​ឯកតោភាគី​របស់​អាមេរិក​នៅតែមាន​ដដែល ដែល​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កូរ៉េខាងជើង​ក្រោម​ការគំរាមកំហែង​នៃ​ការធ្វើ​ពហិការ​ពី​សហរដ្ឋអាមេរិក​។​

​លោក​លីម​បាន​និយាយថា លោក​ត្រាំ​អាច​នឹងត្រូវ​ឆ្លងកាត់​ដំណើការ​ដ៏​ហត់នឿយ​មួយ​ដើម្បី​សម្រាល​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ដោយសារតែ​ច្បាប់​ឆ្នាំ ២០១៦ ដែល​ទាមទារ​ឱ្យមាន​ការរីកចម្រើន​មិន​ត្រឹមតែ​ទៅលើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទៅលើ​កំណត់ត្រា​សិទ្ធិមនុស្ស​ដ៏​យ៉ាប់​របស់​កូរ៉េខាងជើង​ដែរ​ដើម្បីឱ្យ​ទណ្ឌកម្ម​ត្រូវបាន​ព្យួរ​ឬ​ដកចេញ​ទាំងស្រុង​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​