កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​អាចជា​ជ័យជម្នះ​ក្នុងស្រុក​សម្រាប់​មេដឹកនាំ​កូរ៉េខាងត្បូង​

1258

​ការប្រកាស​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​គួរឱ្យភ្ញាក់ផ្អើល​របស់​មេ​ដឹកនាំ​កូរ៉េ​ទាំង​២​គឺជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​និង​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​លោក​គីម ជុង​អ៊ុន​និង​លោក​មូ​ន ជែ​អ៊ី​ន​។ ទេ​ទេ វា​គឺជា​ការស្លាប់​នៃ​យុទ្ធនា​ការដាក់​សម្ពាធ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​កូរ៉េខាងជើង ព្រោះ​វា​មិនបាន​ជោគជ័យ​ទេ​នៅក្រោម​ការគិត​មិន​សុទិដ្ឋិនិយម​អំពី​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ ឬមួយ​នេះ​ប្រហែល​គ្រាន់តែ​ជាការ​សន្យា​ខ្យល់​ចុងក្រោយ​បំផុត​ពីរ​បប​កូរ៉េខាងជើង ដែល​ល្បីល្បាញ​ខាង​ការ​ក្រឡាស់សម្តី​?

​របៀប​ដែល​អ្នក​មើលទៅ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​លើក​ទី ៣ រវាង​លោក​មូ​ន​និង​លោក​គឺ​ម គឺ​អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​កំពុង​អង្គុយ ទាំង​ខាង​ភូមិសាស្ត្រ​និង​នយោបាយ ហើយ​កិច្ចប្រជុំ​កំពូល​មួយទៀត​អាច​កំពុងដំណើរការ ព្រោះ​លោក​គីម ជុង​អ៊ុន​បាន​សន្យាថា​នឹង​មក​ទីក្រុង​សេ​អ៊ូ​ល​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ការយល់ឃើញ​ពី​ទីក្រុង​សេ​អ៊ូ​ល​ភាគច្រើន​គឺ​ភាព​ធូរស្រាល​ក្នុង​ចិត្ត​ដែល​លាយឡំ​ជាមួយនឹង​ការប្រុងប្រយ័ត្ន​ដែលមាន​ដោយ​ស្វ័យប្រវត្ត​ចំពោះ​មនុស្ស​ជាច្រើន​នៅទីនេះ​សម្រាប់​ធ្វើជា​ខែល​ប្រតិកម្ម​ចំពោះ​អ្វីៗ​ដែល​បាន​កើតឡើង​ទាក់ទង​នឹង​ប្រទេសជិតខាង​នៅ​ភាគ​ខាងជើង​របស់ខ្លួន​។ ប្រទេស​កូរ៉េខាងត្បូង​គឺជា​កន្លែង​ដែលមាន​ការបែងចែក​គ្នា​យ៉ាងខ្លាំង​ផ្នែក​នយោបាយ ជាមួយ​ភាពច្របូកច្របល់​បានកើត​ឡើង​រវាង​ក្រុម​អភិរក្សនិយម​ដែល​ស្អប់​កូរ៉េខាងជើង និង​ក្រុម​សេរីនិយម​ដែល​ចង់​ឈោង​ដៃ​ស្រ​វ៉ា​កូរ៉េខាងជើង​។ ប៉ុន្តែ​សម្រាប់​លោក​មូ​ន​ដែល​ជំនួយការ​របស់គាត់​បា​ន​បង្ហើប​ឱ្យដឹងពី​បំណងប្រាថ្នា​របស់គាត់​ដើម្បី​ទទួលបាន​ការការពារ​ទប់​ទល់នឹង​អាវុធ​ធម្មតា​របស់​កូរ៉េខាងជើង​នោះ នេះ​មើលទៅ​ដូចជា​ជ័យជម្នះ​ក្នុងស្រុក​មួយ​សម្រាប់​លោក​មូ​ន ដោយហេតុថា​ភាគី​ទាំង​២ អាច​ទទួលយកបាន​ចំពោះ​រឿងនេះ​។​

​យ៉ាងណាមិញ ភាគច្រើន​នៃ​អ្វីដែល​លោក​មូ​ន​និង​លោក​គីម​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ពុធ​ទី​១៩​កញ្ញា​ដោយ​ចាប់ផ្តើម​ដក​អាវុធ​របស់​ពួកគេ​ចេញពី​ព្រំដែន ដែលជា​ព្រំដែន​មាន​អាវុធ​ខ្លាំង​បំផុត​របស់​ពិភពលោក ដោះ​គ្រាប់​នៅ​ចម្ការមីន បង្កើត​តំបន់ទ្រនាប់​ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ និង រុះរើ​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង អាច​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​របស់​ប្រជាជន​កូរ៉េខាងត្បូង​។​

​លោក​មូ​ន​បានប្រកាស​ខណៈ​កំពុង​ឈរ​ក្បែរ​លោក​គីម​នៅ​វិមាន​រដ្ឋ​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង​ថា “​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​បាន​ព្រមព្រៀង​លុបចោល​រាល់​ការគំរាមកំហែង​នៅ​តំបន់​ទាំង​អស់នៃ​ឧបទ្វីប​កូរ៉េ​ដែល​អាច​បង្កឱ្យមាន​សង្គ្រាម​។ តាមរយៈ​ការបង្កើត​ឧបទ្វីប​កូរ៉េ​ជា​កន្លែង​អចិន្ត្រៃយ៍​សម្រាប់​សន្តិភាព យើង​នឹង​អាច​ត្រឡប់​ទៅរក​ភាព​ធម្មតា​នៃ​ជីវិត​របស់​យើង​វិញ​”​។​

​ខណៈ​មានការ​ភ័យខ្លាច​អំពី​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុងចំណោម​មនុស្ស​មួយចំនួន​នៅ​កូរ៉េខាងត្បូង ការព្រួយបារម្ភ​ជាទូទៅ​បំផុត​គឺថា ការប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន កន្លែង​ដែល​កងទ័ព​រាប់លាន​នាក់​និង​កាំភ្លើង​ធំ​រាប់ពាន់​ដើម​ដាក់​ទល់មុខ​គ្នា​ទៅវិញទៅមក អាច​នឹង​បាត់បង់​ម្ចាស់ការ រួច​នឹង​ចាប់ផ្តើម​ធ្វើឱ្យមាន​សង្គ្រាម​កូរ៉េ​ឡើងវិញ ដែល​សព្វថ្ងៃ​សង្គ្រាម​គឺ​នៅ​បន្ត​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​វា​បានបញ្ចប់​នៅ​ឆ្នាំ ១៩៥៣ ដោយ​បទ​ឈប់​បាញ់ មិនមែន​សន្ធិសញ្ញា​សន្តិ​ភាព​ទេ​។​

​កូរ៉េ​ទាំង​២​ធ្លាប់មាន​ការប៉ះទង្គិច​បង្ហូរឈាម​គ្នា​ជាច្រើនលើក​នៅតាម​បណ្តោយ​ព្រំដែន​សមុទ្រ​ជម្លោះ​របស់​ពួកគេ​។ នៅ​ឆ្នាំ ២០១០ ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ ដែល​គេ​ស្តីបន្ទោស​ទៅលើ​កូរ៉េខាងជើង បានសម្លាប់​ទាហានជើងទឹក​កូរ៉េខាងត្បូង​ចំនួន ៤៦ នាក់ ដែល​ក្រោយមក​ប៉ុន្មាន​ខែ ក៏មាន​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង ដោយ​សម្លាប់​ជនជាតិ​កូរ៉េខាងត្បូង ៤ នាក់ រួមទាំង​ជន​ស៊ីវិល​២ នាក់ និង​បាន​ញ៉ាំងឱ្យ​កូរ៉េខាងត្បូង​បាញ់​សងសឹក​វិញ​។​

​កូរ៉េខាងត្បូង​មាន​ភាពល្បីល្បាញ​ខាង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការរក្សា​ភាពស្ងប់ស្ងាត់​និង​បន្ត​ប្រឈមមុខ​នឹង​ការ​គំរាម​របស់​កូរ៉េខាងជើង ប៉ុន្តែ​វា​ជា​កំហុសឆ្គង​ក្នុងការ​គិតថា​មិនមាន​ការព្រួយបារម្ភ​សោះ​និង​ការទទួលស្គាល់​យ៉ាងច្បាស់​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន នៅពេលដែល​ការ​ស្អប់​គុំ​គួ​ន​កើនឡើង​។​

​ប្រជាជន​ប្រហែល ២៥ លាន​នាក់​រស់នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​ស្ថិតក្នុង​ចម្ងាយ​ល្មម​ឱ្យ​កាំភ្លើង​ធំ​កូរ៉េខាងជើង​នៅ​ជិត​ព្រំដែន​ធ្វើការ​វាយប្រហារ​។ ហើយ​ខណៈដែល​ប្រជាជន​កូរ៉េខាងត្បូង​ភាគច្រើន​មិន​អើពើ​នឹង​ការស្រែក​គំរាម​របស់​កូរ៉េខាងជើង​ដើម្បី​ប្រែក្លាយ​ទីក្រុង​សេ​អ៊ូ​ល​ទៅជា “​សមុទ្រ​ភ្លើង​” ពួកគេ​ក៏​ដឹង​ដែរ​ថា​កូរ៉េខាងជើង​អាចធ្វើ​បាន ព្រោះ​កាល​លើក​ទី​១​ដែល​ព្យុងយ៉ាង​គំរាម​វាយប្រហារ​ក្នុង​ឆ្នាំ ១៩៩៤ វា​បាន​បណ្តាលឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ពេញទី​ក្រុង​សេ​អ៊ូ​ល​។​

​មនុស្ស​ជាច្រើន​នៅទីនេះ​នឹងធ្វើ​ការវិនិច្ឆ័យ​ថា​តើ​ការអះអាង​ដ៏​មោះមុត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដើម្បី​លុបចោល “​រាល់​ការគំរាមកំហែង​” នៃ​សង្គ្រាម​គឺ​ពិតជា​ត្រឹមត្រូវ​ឬ​យ៉ាងណា​នោះ​។ ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ប្រទេស​កូរ៉េ​នាពេល​ថ្មីៗ​នេះ​គឺ​ពោរពេញ​ទៅដោយ​វោហា​សាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ចុងក្រោយ​ត្រូវ​រលាយ​តាម​ខ្យល់​ដោយសារតែ​ការ​ស្អប់​គុំ​គួ​ន​របស់​ប្រទេស​គូប្រជែង​ទាំង​២ ប៉ុន្តែ​ប្រសិនបើ​លោក​មូ​ន និង​លោក​គីម​អាច​ធ្វើបាន​នូវ​អ្វីដែល​ពួកគាត់​បាន​ព្រមព្រៀង​នៅ​សប្តាហ៍​នេះ នោះ​អាច​មានការ​ផ្ទុះឡើង​នៃ​អារម្មណ៍​ដ៏​កម្រ​បំផុត នៅពេល​និយាយ​អំពី​ទំនាក់ទំនង​អន្តរ​កូរ៉េ នោះ​គឺ សុទិដ្ឋិនិយម​៕​ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ កាសែត​ដេលី​មែ​ល​

លោក​គីម​ជុង​អ៊ុន​និង​លោក​មូ​ន​ជែ​អ៊ី​ន​កំពុង​ដើរ​នៅក្នុង​វិមាន​រដ្ឋ​នៅ​ទីក្រុង​ព្យុងយ៉ាង