កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​លើក​ទី​២​សម្រេច​លទ្ធផល​៨​ណុ​ច​

243

(ភ្នំពេញ)៖ កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព កាលពី​ថ្ងៃទី​៣ ខែតុលា​ឆ្នាំ​២០១៧​ដឹកនាំ​ដោយ​លោក សាយ សំ​អាល់ ប្រធាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​បាន​​ពិនិត្យ និង​សម្រេច​លទ្ធផល​ចំនួន​៨​ចំណុច ។​
​ ​
ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា លទ្ធផល​ចំនួន​៨​ចំណុច​ទាំង​​នោះ​រួមមាន​៖

ទី​១- ការពិចារណា​សិក្សា​ផ្តល់យោបល់ លើ​វិស័យ​កសិកម្ម​ដំណាំ​ជា​យុទ្ធសាស្ត្រ​​សម្រាប់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ។

ទី​២- នៅ​ថ្នាក់​ខេត្ត​បន្ថែម​ភារកិច្ច​ជូន​មន្ទីរ​បរិស្ថាន​​ជា​លេខាធិការដ្ឋាន​អភិវឌ្ឍន៍​ដោយ​ចីរភាព​ថ្នាក់​ខេត្ត ។

ទី​៣- ដក​ពាក្យ​រ៉ូ​ស្សា​តូ​ម នៅក្នុង​ក្រុម​​ការងារ​នុយក្លេអ៊ែរ ដើម្បី​បើក​ឲ្យ​កិច្ចសហប្រតិបត្តិការ​មាន​ភាពទូលំទូលាយ ។
​ ​
ទី​៤- ការសិក្សា​ផ្តល់​យុទ្ធសាស្ត្រ​លើ​បញ្ហា​ពូជ​ក្នុងស្រុក ការប្រើប្រាស់​ពូជ GMO ជាដើម ។

ទី​៥- អង្គប្រជុំ​បានអនុម័ត​ជាគោលការណ៍​ផែនការ​យុទ្ធសាស្ត្រ​របស់​ក​.​ជ​.​អ​.​ច​. ឆ្នាំ​២០១៨ និង​ស្នើសុំ​ឲ្យ​អស់លោក លោកស្រី​តំណាង​ក្រសួង រាជធានី ខេត្ត​ផ្តល់​ធាតុ​ចូល​បន្ថែម​សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​នេះ ។

ទី​៦- អង្គប្រជុំ​ក៏បាន​អនុម័ត​ជាគោលការណ៍​ស្តីពី​ក្រម​បរិស្ថាន និង​​ធនធានធម្មជាតិ សេចក្តីព្រាង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​និង​ស្នើសុំ​សមា​ជិ​ក សមាជិកា ផ្ញើ​ធាតុ​ចូលមក​អគ្គលេខាធិការ​ដ្ឋា​ន ក​.​ជ​.​អ​.​ច​. នៅក្នុង​រយៈពេល​៤​សប្តាហ៍​ក្រោយពី​កិច្ចប្រជុំ​នេះ ។
​ ​
ទី​៧- អង្គ​ប្រជុំបាន​ពិនិត្យ និង​អនុម័ត​លើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​រេ​ដ​បូក ២០១៧-២០២៦ និង​ទី​៨ អង្គប្រជុំ​ក៏បាន​ទទួល​របាយការណ៍​វឌ្ឍនភាព​ការងារ​អាស៊ាន ដែល​ប្រទេស​យើង​បាន​ចូល​រួម ដើម្បី​សម្រេចបាន​នូវ​ការងារ សហ​ប្រ​ត្តិ​ប​ត្តិ​ការ​បរិស្ថាន​អាស៊ាន ។​

ក្រោយ​កិច្ចប្រជុំ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​និង​ជា​ប្រធាន​ក្រុម​ប្រឹ​ក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានប្រកាស​នឹង​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ ៕​ដោយៈ​សម្បត្តិ​កញ្ញា​



​លោក សាយ សំ​អាល់​មានមតិ​ក្នុង​កិច្ចប្រជុំ (​រូបៈ​ក្រសួងបរិស្ថាន )