កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​

1096
ចែករម្លែក

ដោយ ៖ វិបុល/(​ភ្នំពេញ​) ៖ ក្រសួង​ការពារ​ប្រទេស​ថៃ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា (GBC) លើក​ទី​១៣ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​ដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ថៃ និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ លើក​ទី​១៣​នេះ មាន​គោលបំណង​រំលឹក​ឡើងវិញ ក្នុងពេល​កន្លងមក​ក្នុងការ​អនុវត្ត​ការងារ​កំណត់ហេតុ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​លើក​ទី​១២ រួមទាំង​កំណត់​ទិសដៅ​នៃ​កិច្ច​ស​ប្រតិបត្តិការ រក្សា​សន្តិភាព ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​សន្យា​រួមគ្នា​ថា​នឹងមិន​ឲ្យ​ព្រំដែន​នៃ​ប្រទេស ទាំងពីរ​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​ហើយនឹង​ខិតខំ​ធ្វើយ៉ាងណា​ជម្រុញ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​និង​រីកចម្រើន​ឡើងលើ​គ្រប់​វិស័យ​ថែមទៀត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ បាន​លើកឡើងថា ដោយ​សម្ព័ន្ធមេត្រីភាព​ចំណងមិត្តភាព​និង​មនោសញ្ចេតនា​ស្មោះត្រង់ រវាង​កងទ័ព​ទាំងពីរ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​លើក​នេះ​បានសម្រេច​ជោគជ័យ​ដូច​កិច្ចប្រជុំ​លើក​មុនៗ​កន្លងមក​ដែល អាច​ភ្ជាប់​កិច្ច​សហ​ប្រប​ត្តិ​ការ​ដែលមាន​ស្រាប់​ព្រមទាំង​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន​ឡើង​ថែមទៀត និង​ផ្ដល់​ផលប្រយោជន៍​ឱ្យដល់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​គឺជា​ព្រំដែន​សុខសន្តិភាព មិត្តភាព​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពិតប្រាកដ​។

​ជាមួយគ្នា​នោះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ ដោយបាន​ឃើញ​ភាព​រីកចម្រើន​យ៉ាង​ល្អប្រសើរ​ក្នុង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រប​ត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​ដែល​ស្ដែង​ឲ្យ​ឃើញ តាមរយៈ​ការបង្កើត​យន្តការ​ប្រជុំ​ប្រចាំ ឆ្នាំ​រវាង​អគ្គមេបញ្ជាការ​កងទ័ព ការបង្កើន​តួនាទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន ការចេញ​បញ្ជី​ឈ្មោះ​អ្នកទំនាក់ទំនង​បន្ទាន់​(Hotline) រវាង​អាជ្ញាធរ​សន្តិសុខ​នៅតាម​តំបន់​ព្រំដែន​គ្រប់លំដាប់​ថ្នាក់ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​អង្គភាព​ពេទ្យ​យោធា ដែល​ទាំងអស់នេះ​ជា​ភស្តុតាង​បង្ហាញ​នូវ​ការវិវត្តន៍​ជា​វិជ្ជមាន ក្នុង​ភាពជា​ដៃគូ​និង​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​យើង​ទាំងពីរ សមស្រប​តាម​តួនាទី​ដ៏​សំខាន់​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​របស់​យើង លើ​វិស័យ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​ជាដើម​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ទៀតថា ការប្រជុំ​ថ្ងៃនេះ​មិន​ត្រឹមតែ​ជា​វេទិកា​មួយ​ផ្ដល់ឱកាស​ឲ្យ​យើង សម្រាប់ធ្វើ​ការពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ដ៏​ល្អ​ជាមួយគ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​តំបន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ចលករ​ជំរុញ​អោយ​ភាពជា​ដៃគូ​រវាង​យើង​កាន់តែ​ស៊ីជម្រៅ​និង​បង្កើន​ការកសាង​ទំនុកចិត្ត​ក្នុង​គោលបំណង​ធានា​ការប្ដេជ្ញាចិត្ត របស់​យើង​ក្នុងការ​ការពារ​សន្តិភាព​ប្រកបដោយ​និរន្តរភាព​ស្ថេរភាព​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​តាម​មាគ៌ា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ កើត​ចំណងទាក់ទង​ល្អ​ភាពជា​ដៃគូ​ភាពជា​អ្នកជិតខាង​ល្អ​ប្រកបដោយ​មិត្តភាព​និង​ការគោរព​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ​ដោយ​អនុលោម​ទៅតាម​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​បូជាសព​ទៅនឹង​ការរក្សា​សន្តិភាព​សន្តិសុខ​និង​សន្តិភាព​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ លើក​ទី​១៣ ត្រូវបាន​រៀបចំឡើង​ដោយយោង​ទៅតាម កិច្ចព្រមព្រៀង​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ព្រំដែន ក៏ដូចជា​ការបន្ថែម​នូវ​ទំនាក់ទំនង រវាង​កងទ័ព និង​កងឯកភាព​សន្តិ​សុខ ពាក់ព័ន្ធ​ដទៃទៀត​របស់​កម្ពុជា និង​ថៃ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ ក៏បាន​ពិនិត្យឡើងវិញ​នូវ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​បាន​ដាក់ចេញ​ដោយកិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ លើក​ទី​១២ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​នៅ​ខេត្តសៀមរាប ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​ការឆ្លងកាត់​ព្រំដែន បញ្ហា​ពលករ ការទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​វាង​កងទ័ព​កម្ពុជា ជាមួយ​បណ្ដា​អង្គភាព​សន្តិសុខ​ថៃ នៅ​តំបន់​ព្រំដែន បញ្ហា​កសិកម្ម បញ្ហា​សុខភាព​សាធារណៈ ការអភិវឌ្ឍន៍ ជា​ភាព​រស់នៅ ការអប់រំ សាសនា និង​វប្បធម៌​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​១៣​នេះ ក៏បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ កម្ពុជា​-​ថៃ បន្ត​នូវ​ភារកិច្ច​ក្នុងការ​ថែរក្សា​សន្តិភាព​ស្ថេរភាព តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ ដោយ​ស្របតាម​គោលការណ៍ និង​វិធាន​ការដែល​បានកំណត់ ក្នុង​កំណត់ហេតុ​ព្រមព្រៀង នៃ​កិច្ចប្រជុំ​លើក​ទី​១៣​នេះ លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​៕

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃព្រះរាជាណាចក្រថៃឡង់ដ៍