កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​១៣ ចាប់ផ្តើម​ពីថ្ងៃ​ទី​២០-២១​មីនា​នៅ​ថៃ​

1742
ចែករម្លែក
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបារជាតិ​កម្ពុជា និងលោក ប្រា​វីត វង្ស​សូវ​ណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ (រូបថតឯកសារ)

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​១៣ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក ប្រា​វីត វង្ស​សូវ​ណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា គោលបំណង​នៃ​កិច្ចប្រជុំ​ខាងលើនេះ ផ្ដោត​យ៉ាងសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង និង​លើក​កំពស់​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ជាពិសេស ដើម្បី​រឹតចំណង​មិ​ត្ដ​ភាព និង​ពង្រីក​ដែន​កិច្ចសហប្រតិបត្ដិការ ដូចជា​៖ ផ្នែក​សន្ដិសុខ ការអភិវឌ្ឍន៍ និង​ដើម្បី​ទប់ស្កាត់​បង្ក្រាប នូវ​រាល់​អំពើ​អសកម្ម និង​អំពើ​ខុសច្បាប់​នានា រួមទាំង​ស្វែងរក​ដំណោះស្រាយ និង​វិធានការ​រួមគ្នា ដើម្បី​រក្សា​និង​ធានា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ ក្នុងការ​ជំរុញ​ឲ្យ​មាននូវ​សន្ដិភាព ស្ថិរភាព សន្ដិសុខ និង​ការអភិវឌ្ឍ នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​។​

​ទាក់ទង​កិច្ចប្រជុំ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា​ថា នៅ​ថ្ងៃទី​១៩ ខែមីនា ក្រុម​លេខា​នៃ​ប្រទេស​ទាំងពីរ ជួបប្រជុំគ្នា​មួយថ្ងៃ​មុន គឺ​មុននឹង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែមីនា​។

​លោក​បាន​បញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ គឺ​និយាយ​ពី​ការងារ​សហប្រតិបត្តិកា​រ មិត្តភាព កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន ពង្រឹង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ព្រំដែន ការងារ​គ្រប់គ្រង​សន្តិសុខ ទប់ស្កាត់​អំពើ​រត់ពន្ធ​អាវុធ ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ភេរវកម្ម និង​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​ផ្សេងៗ នៅតាម​ព្រំដែន​។​

​យោងតាម​របាយការណ៍​បានបង្ហាញ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ បានបង្ហាញ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​កើតមាន​សកម្មភាព​មិន​ប្រក្រតី​ចំនួន ៣៦៥​លើក ក្នុងនោះ​មានការ​រំលោភ​ដែនអាកាស ការ​រាយ​បន្លា​លួស ការ​រុករាន​ដី​ធ្វើ​ចំការ ការ​ឈូសឆាយ ធ្វើ​ផ្លូវ​។​ល​។ នគរបាល​ការពារ​ព្រំដែន​បាន​ប្រជុំ​ជាមួយ​ភាគី​ថៃ បាន​ចំនួន​២១៣​លើក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​សភាព​ការ​ព្រំដែន ដោះស្រាយ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នានា នៅ​តំបន់​ព្រំដែន ពិសេស​ទប់ស្កាត់​ពលក​រ​ចំណាកស្រុក​ខុសច្បាប់​។ ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់មកវិញ​ចំនួន ១៣.៣៩៦​នាក់ (​ស្រី ៤.១៦៩​នាក់ កុមារ​៤៦៩​នាក់ និង​សាកសព​៣៦​នាក់​)៕L