កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​៦​ប្រទេស ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព​អាហារ សង្វាក់​តម្លៃ​កសិកម្ម ផលិតផល​ក​សិ​ទេ​ចរណ៍​

313

(​សៀមរាប​)៖ ប្រទេស​កម្ពុជា ដោយមាន​ការសម្របសម្រួល​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​បាន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​នា​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៧​នា​សណ្ឋាគារ​អប្សរា​ផា​ឡេស​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​គិតគូរ​ដល់​ការគាំទ្រ ដល់​គោលការណ៍​របស់​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​គ្របដណ្ដប់​ប្រទេស​៥៖​កម្ពុជា មី​យ៉ាន់​ម៉ា ថៃ ឡាវ​និង​ប្រទេស​វៀតណាម និង​ខេត្ត​យូ​ណាន និង​តំបន់​ស្វ័​យ័​ត​គ័​រងស៊ី​នៃ​ប្រទេស​ចិន​។​

​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​៦​ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​វេទិកា​រៀបចំ​គោលនយោបាយ មហា​អនុតំបន់​ទន្លេមេគង្គ ឆ្ពោះទៅកាន់​សង្វាក់​តម្លៃ​កសិកម្ម ប្រកបដោយ​បរិ​យា​ប័ន្ន សុវត្ថិភាព និង​និរន្តរភាព​” ។​

​លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉​និង​នេសាទ និង​លោក សាមី​អេ​ឡា ទួ​កួ​ហ្វ៊ូ ( Samiuela Turkufu) នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​អញ្ជើញ​ចូលរួម​ជា​អធ​បិ​តី​និង​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​វេទិកា​ស្តីពី​ការរៀប​​ចំ​គោលនយោបាយ​កសិកម្ម និង​មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល អ្នកស្រាវជ្រាវ មកពី​ប្រទេស​កម្ពុជា វៀតណាម ឡាវ ថៃ មី​យ៉ាន់​ម៉ា​និង​ចិន​។​

​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ នេះ មាន​កិច្ចពិភាក្សា​ជាច្រើន​នឹងត្រូវ​បានធ្វើ​ឡើង ក្នុង​គោល​គោលដៅ​ផ្តល់​អនុសាសន៍​ក្នុងការ​រៀបចំ​គោលនយោបាយ​ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព​អាហារ សង្វាក់​តម្លៃ​កសិកម្ម​ប្រកប​​ដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​ជាមួយ​ភាគី​ពាក់ព័ន្ធ​និង​ពង្រីក​សហគមន៍​ពាន​ណិ​ជ្ជ​កម្ម​អន្តរជាតិ បង្កើត​ការយល់ដឹង​អំពី​ផលិតផល​ក​សិ​​ទេសចរណ៍ ការភ្ជាប់​ផ​លិ​ផល​និង​សេវាកម្ម​ទៅនឹង​បណ្តាញ​ទីផ្សារ​និង​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​សក្តានុពល​និង​ផ្លាស់ប្តូរ​ការអនុវត្ត​ល្អ​ផ្នែក​​ក​សិ​ទេសចរណ៍​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ នឹងមាន​កម្មវិធី​ដូចជា វេទិកា​ពិភាក្សា​លើ​គោលនយោបាយ​ដើម្បី​លើកកម្ពស់​សុ​វិ​ត្ថ​ភាព​​ចំណីអាហារ និង​សង្វាក់​ផលិតកម្ម​ប្រកបដោយ​ស្ថេ​ភាព និង​បរិ​បណ្ណ បង្កើន​ការយល់ដឹង​ពី​តំបន់​ទេសចរណ៍​កសិកម្ម (Agro tourism) ដែលមាន​នៅក្នុង​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ និង​ក៏​ដើម្បី​ផ្សារភ្ជាប់​ផលិតផល និង​សេវាកម្ម ទេសចរណ៍ កសិកម្ម បរិស្ថាន ទៅក្នុង​បណ្ដាល​ទីផ្សារ និង​ធ្វើការ​ដៃគូរ សហការ​ធុរកិច្ច​៕​ដោយៈ​សុផល​/sn

​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​នា​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៧​នា​សណ្ឋាគារ​អប្សរា​ផា​ឡេស​ខេត្តសៀមរាប​(​រូប សុផល​)