កិច្ចប្រជុំ​បច្ចេកទេស លើក​ទី​៣០ នៃ​គណៈកម្មការ អាយ​ស៊ី​ស៊ី​-​អង្គរ បានបញ្ចប់ដោយ​ជោគជ័យ​

1435
ចែករម្លែក

​ដោយ​៖ គូលែន​ /
​សៀមរាបៈ កិច្ចប្រជុំ​បច្ចេកទេស លើក​ទី​៣០ នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (International Coordinating Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បានបញ្ចប់​ដោយ​ជោគជ័យ នៅ​រសៀល​ថ្ងៃទី​៦ ខែមិថុនាឆ្នាំ២០១៨
នា​សាលសន្និសីទ​អង្គរ នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ។

​កិច្ចប្រជុំ​នេះ បានបង្ហាញ​ពី របាយការណ៍​ការងារ ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែល​ក្នុងនោះ​មានដូចជា វឌ្ឍនភាព នៃ​ការ​ឆ្លាក់​កម្រាល ពិ​ដាន​ឈើ នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ ការជួសជុល​ប្រាសាទភ្នំបាខែង ការជួសជុល​ស្ពាន​ហាល ប្រាសាទអង្គរវត្ត ការសិក្សា​ស្រាវជ្រាវ បុរាណវិទ្យា នៅ​ប្រាសាទបេង​មាលា​-​ភ្នំ​គូលែន និង​ការជួសជុល​ប្រាសាទតាព្រហ្ម ។​ល​។ រីឯ​កិច្ចការ​អភិវឌ្ឍ
មានដូចជា ការកែលម្អ​ផ្លូវថ្នល់ ក្នុង​ឧទ្យាន​អង្គរ ការរៀបចំ​ចំណតរថយន្ត ការរៀបចំ និង​បង្កើត​វង់​ទស្សនា សម្រាប់​ភ្ញៀវទេសចរ ការរៀបចំ​បរិស្ថាន ការទប់ស្កាត់ សំណង់​ខុសច្បាប់ ។​ល​។

​ក្រៅពី​ស្តាប់​របាយការណ៍ និង​ការវិភាគ​វែកញែក របស់​អ្នកជំនាញ កិច្ចប្រជុំ បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ជាខ្លាំងចំពោះភាពជោគជ័យ ដែល​ក្រុមការងារ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​អន្តរជាតិ បាន​ពួតដៃគ្នា​យ៉ាង​មាំ លើ​វិថី​អភិរក្ស និង​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​អង្គរ ក្នុង​រយៈពេល ២៥ ឆ្នាំនេះ​។​

​ភាពជោគជ័យ​នេះ មិន​ត្រឹមតែ​ជា​មោទនភាព របស់​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទនភាព របស់​អង្គការ​យូណេស្កូ ផងដែរ ព្រោះ​ទម្រង់​នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ ទៅលើ​ការអភិរក្ស ជួសជុល និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក ដែល​មាននៅ​អង្គរ ត្រូវ​ចាត់ទុកជា​គំរូ និង​យកទៅអនុវត្ត នៅ​បណ្តា​ប្រទេស​ដទៃទៀត ផងដែរ​។ ជាពិសេស​ទៀត​នោះ គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក៏បាន​សម្តែង​នូវ ការកោតសរសើ និង​អបអរសាទរ យ៉ាង​ជ្រាលជ្រៅ ដល់​គោលនយោបាយ អភិរក្ស​វប្បធម៌ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សុ​ឆន្ទៈ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ចៀស​ឱ្យ​ផុត នូវ​ផលប៉ះពាល់​អវិជ្ជមាន​នានា ពី​កំណើន​វិស័យ​ទេសចរណ៍ ដល់​បេតិកភណ្ឌ។

​ស្រប​នឹង​គោលនយោបាយ នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បានលើកឡើង នូវ​កត្តា​សំខាន់ៗ​ចំនួន​៤ ក្នុងការ​រក្សាបាន​នូវ តុល្យភាព​នៃ​ការអភិរក្ស និង​ការអភិវឌ្ឍ ដោយ​ចីរភាព នៅ​តំបន់​អង្គរ ដូចជា

១. កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ដ៏​ល្អ ព្រោះ​កាលពី ២៥ ឆ្នាំមុន អ្នកជំនាញ​ខ្មែរ មិនទាន់មាន​កម្រិត អាច​គ្រប់គ្រង និង​ជំនាញ​អាច​ជួសជុល អភិរក្ស​ប្រាសាទ បាន​ពេញលេញ ដូច​សព្វថ្ងៃនេះ ដូច្នេះ​មានតែ​អ្នកជំនាញ​បរទេស​នេះហើយ ដែល​បាន​ជួយ​អង្គរ ទាំង​អ្នកជំនាញ បច្ចេកទេស និង​ថវិកា​។

២. កត្តា​អ្នកជំនាញ​ជាតិ និង​កិច្ចសហប្រតិបត្តិការ​ជាតិ គឺ​អាជ្ញាធរ​ជាតិ​អប្សរា បានខិតខំ​បណ្តុះបណ្តាល ធនធានមនុស្ស​គ្រប់ផ្នែក ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រហូត​អ្នកជំនាញ​ខ្មែរ អាចដឹកនាំ និង​ជួសជុល​ប្រាសាទ បាន​ដោយ​ខ្លួនឯង និង​មានការ​កោតសរសើរ​ខ្ពស់ ពី​អ្នកជំនាញ​បរទេស​ផងដែរ​។ លើសពីនោះ ក៏មានការរួមចំណែក​ដ៏​ល្អ ពី​ស្ថាប័ន​ជាតិ​នានា ដើម្បី​ធានាបាន​នូវ ភាព​ទាក់ទាញ​ទេសចរ ការថែរក្សា​បាន​យ៉ាង​ប្រសើរ ទើប​ធ្វើឱ្យ​អង្គរ ទទួលបាន​ជោគជ័យ ជា​គោលដៅ​ទេសចរណ៍ លេខ​មួយ ជាច្រើន​ឆ្នាំ​។

៣. ការអភិវឌ្ឍ​ជាក់ស្តែង នៅនឹងកន្លែង​របស់​ស​ហគ​មន៍ ប្រជាពលរដ្ឋ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស ការលើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ តាមរយៈ​កំណើន​ទេសចរណ៍​។

៤. ចុងក្រោយ គឺ​កត្តា​សុខសន្តិភាព នៃ​គោលនយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា នយោបាយ​បើកចំហ​ជើងមេឃ ដែល​ទាក់ទាញ​បាន​នូវ អ្នកជំនាញ​ការបរទេស ភ្ញៀវទេសចរ និង​អ្នកវិនិយោគទុន យ៉ាងច្រើន រួមគ្នា​មក​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ប្រកបដោយ​ចីរភាព​៕v