កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កាន់តែ​ខិតជិត​គ្នា​ ខាង​និយោជក​ព្រម​ដំឡើង​១៨៦ សហជីព​បញ្ចុះ​ត្រឹម​១៩៥​ដុល្លារ​

253
ចែករម្លែក
លោក ហេង​សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រាក់ ឈ្នួល​អប្បបរមា វិស័យ​កាត់ដេរ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩

ដោយ​៖​ដេប៉ូ:​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងឱ្យដឹងថា ​នាពេលនេះ​កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​ប្រាក់ឈ្នួល​អប្បបរមា វិស័យ​កាត់ដេរ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​ បាន​កាន់តែ​ខិតជិត​គ្នា​ហើយ ​ក្នុងនេះ​តាម​លទ្ធផល​ចុងក្រោយ​ដែលជា​កិច្ចប្រជុំ​លើក​ទី​៥​នេះ​បាន​បង្ហាញថា​ ភាគី និយោជក​ព្រម​ដំឡើង​តួលេខ​១៨៦​ដុល្លារ ភាគី​សហជីព​១៩៥​ដុល្លារ និង​ក្រសួង​ការងារ ១៨៧​ដុល្លារ​។​

បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩ ​លោក ហេង​សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ឱ្យដឹងថា ​ភាគី​នីមួយៗ​បាន​បើក​កិច្ចប្រជុំ​ជា​ក្រុម​រៀងៗ​ខ្លួន​ជា​បន្តបន្ទាប់​មកនេះ​ ដើម្បី​ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត​ប្រចាំឆ្នាំ​២០២០​ខាងមុខ ​គឺ​ភាគី​នីមួយ​ៗបាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​រៀងៗ​ខ្លួន​ដើម្បីពិភាក្សា​ស្វែងរក​យន្តការ​កុងសង់ស៊ីស​(​ឯកភាព​)​។​គ្រប់ភាគី​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី ពិភាក្សាស្វែងរក​យន្តការ​មួយ​ក្នុងការ​ពិភាក្សា​ឈានទៅរក​ចំណុច​មួយ​ដែល​គ្រប់ភាគី​អាច​ទទួលយកបាន​។

លោក​បាន​បន្ត​ឱ្យដឹងថា “​ជារួម​យើង​ឃើញថា​តួលេខ​របស់​ភាគី​និ​យោជក​និង​ភាគី​សហជីព​តំណាង​កម្មករនិយោជិត​ ជា​តួលេខ​ដែល​កុងសង់ស៊ីស​(​ឯកភាព​)​គ្នា​នៅក្នុង​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​បន្ទាប់ពី​យើង​បាន​ផ្លាស់ប្តូរ កិច្ចប្រជុំ​ច្រើនលើកច្រើនសា​មកនេះ​។​វា​គឺជា​ជោគជ័យ​មួយ​ដែល​ភាគី​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​សម្រេចបាន​នៃ​ការសម្របសម្រួល​គ្នា​។​កន្លងមក​គេ​ឃើញថា​ភាគី​នីមួយៗ​មាន​តួលេខ​ផ្ទៃក្នុង​ខុសគ្នា​ខ្លះ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ភាគី​នីមួយៗ​បាន​ឯកភាពគ្នា​លើ​តួលេខ​រួមគ្នា ​ក្នុងនេះដូចជា​ភាគី​និយោជក​ឯកភាពគ្នា​លើ​តួលេខ ១៨៦ ភាគី​តំណាង​កម្ម​ករ​និយោជិត ១៩៥ “​។​

គួរបញ្ជាក់​ថា បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ការងារ​បានឱ្យដឹង​ដែរ​ថា​ សម្រាប់​កិច្ចប្រជុំ​កំណត់​ជា​លើកចុងក្រោយនៅ​ថ្ងៃ​២០ កញ្ញា​ឆ្នាំ​២០១៩​ខាងមុខនេះ​៕Ha