កិច្ចប្រជុំ​លើក​ទី​៦ ស្តីពី​កិច្ច​សហប្រតិបត្តិ​ករ​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា​-​មី​យាន់​ម៉ា​-​ថៃ​-​វៀតណាម

191
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​14​ខែសីហា​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​ភាគខាងត្បូង​លើក​ទី​៦ នៅ​ក្រុង​កាន់​ថឺ ប្រទេស​វៀតណាម​ដោយមាន​ការចូលរួម​ពី​ប្រទេស​ទាំង ៤ (​កម្ពុជា​-​មី​យាន់​ម៉ា​-​ថៃ​ន​-​វៀតណាម​)​និង មន្ទីរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង​០៥ នៃ​តំបន់​ទេសចរណ៍​ភាគខាងត្បូង (​ខេត្តកោះកុង កំពត កែប ខេត្ត​ព្រះ​ស៊ី​ហ​នុ និង​ខេត្តតាកែវ​) ទីភ្នាក់ងារ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៃ​ប្រទេស​ទាំង​០៤​។​

លោក ​ថោង រដ្ឋ​ស​ក្ត័​ បានលើកឡើង​ក្នុង​អង្គប្រជុំ​ថា​ស្របតាម​កាលានុវត្តភាព​ថ្មីៗ​នៃ​តំបន់ និង​អន្តរជាតិ មានការ​រីកចម្រើន​ខា​ង​វិស័យ​ទេសចរណ៍ ព្រមទាំង​សក្តានុពល និង​ឧត្តមភាព​ប្រៀបធៀប​របស់​កម្ពុជា ការរៀបចំ​ប្រែក្លាយ​តំបន់​សក្តានុពល​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា​-​មី​យ៉ាន់​ម៉ា​-​ថៃ​-​វៀតណាម គឺជា​កត្តា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​-​សង្គម ទាំងមូល តាមរយៈ​វិស័យ​ទេសចរណ៍ ដោយ​បង្កើតឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី ហើយ​ផ្តល់ឱកាស​ឲ្យ​ទេសចរ និង​អ្នកវិនិយោគ​មាន​សិទ្ធិ​ចូល​-​ចេញ​ច្រើនដង ការ​ទស្សនា ការ ស្នាក់នៅ និង​ការចូលរួម​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ទស្សនទាន​ជា​យុទ្ធសាស្ត្រ​ស្តីពី​តំបន់​ទេសចរណ៍​ភាគខាងត្បូង​នេះ គឺ​បានបង្ហាញ​យ៉ាងច្បាស់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ ២០១២-២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ក៏បាន​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល សេវា​ទេសចរណ៍​នៅតាម​ច្រករបៀង​ទេសចរណ៍ និង​ពិនិត្យ​ការ​​ជម្រុញ​ឲ្យ​ផ្នែក​ឯកជន​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៃ​ប្រទេស​ទាំង​បួន ក្នុងការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ឲ្យ​កាន់​តែមាន​សុក្រឹត្យភាព និង​ប្រសិទ្ធភាព​ខ្ពស់ រួមចំណែក​ការអភិវឌ្ឍ ទេសចរណ៍​ប្រកបដោយ​ចិ​រ​ភាព និង​ការទទួលខុសត្រូវ​។ ជាពិសេស​ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ការថែរក្សា ការការពារ និង​ការអភិរក្ស​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ លើកស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ការពង្រឹង និង​ពង្រីក​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ក្នុង​តំបន់​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម​៖

  1. ការអភិវឌ្ឍន៍​ផលិតផល និង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​
  2. ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​
  3. ការអភិវឌ្ឍន៍​ធនធានមនុស្ស​
  4. ការសម្រួល​ការធ្វើដំណើ​រ​ដល់​ភ្ញៀវទេសចរ​
  5. ការតភ្ជាប់​នាវា​ទេសចរណ៍​តំបន់​សមុទ្រ និង​ទន្លេមេគង្គ​
  6. ការ​ជម្រុញ​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា ត​ភ្ជាប់​នាវា​ទេសចរណ៍​សមុទ្រ​ក្នុង​តំបន់​ភាគខាងត្បូង​
  7. កា​រត​ភា្ជ​ប់ទេស​ចរណ៍​បេតិកភណ្ឌ​ភាគខាងត្បូង​
  8. ការ​ជម្រុញ​រៀបចំ​ខ្សែ​ទស្សនកិច្ច​បែប Caravan Tour និង​ទេសចរ​បើកបរ​ដោយ​ខ្លួនឯង Self-Driving Tour​។​
  9. ការតភ្ជាប់​ការហោះហើរ​ត្រង់​នៅ​តំបន់​ភាគខាងត្បូង​។​

​ការអភិវឌ្ឍន៍​ទេសចរណ៍​ភាគខាងត្បូង​នេះ នឹង​ក្លាយជា “​ចលករ​ដ៏​មាន​ឥទ្ធិពល​ជំរុញ កំណើនសេដ្ឋកិច្ច​” ការអភិវឌ្ឍន៍​សង្គម។ ​ការលើកកម្ពស់​ផលិត ភាព និង​គុណភាព​ទេសចរណ៍ ស្របតាម​និន្នាការ​ថ្មី​នៃ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។ ការបើក​ទីផ្សារ​ទេសចរណ៍​ថ្មី ការទាក់ទាញ​ការវិនិយោគ​។ ក្នុងន័យនេះ វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស​ទេសចរណ៍​ភាគខាងត្បូង​កម្ពុជា នឹង​កាន់ តែ​រីកចម្រើន​ប្រកបដោយ​គុណភាព មាន​ផល​សេដ្ឋកិច្ច​ខ្ពស់ និង​ទទួលបាន​ផលប្រយោជន៍​ពី​កាលានុវត្តភាព​នៃ​សកលភាវូបនីយកម្ម និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​តំបន់ និង​អន្តរជាតិ៕B/