កិច្ចប្រជុំ​អំពី​ក្រវាត់​និង​ផ្លូវ​នៅ​ក្រុង​ប៉េកាំង មានការ​ចូលរួម​ពី​មេដឹកនាំ​ជុំវិញ​ពិភពលោក ខណៈ​ផ្លូវធំៗ​ត្រូវបាន​បិទ​

234
ចែករម្លែក

​ទីក្រុង​ប៉េកាំង​កំពុង​គ្របដណ្តប់​ដោយ​វត្តមាន​សន្តិសុខ​ដ៏​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​នេះ ខណៈដែល​ពួក​មេដឹកនាំ​បាន​ជួបជុំគ្នា​សម្រាប់​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​ដ៏​មហិច្ឆតា​របស់​ចិន​។​

​កងទ័ព​ប៉ូលិស​និង​សេវា​សន្តិសុខ​ផ្សេងៗ​ជាច្រើន​បាន​ល្បាត​តាមផ្លូវ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត ខណៈដែល​ផ្លូវធំៗ​ត្រូវបាន​បិទ​ដើម្បី​បើកផ្លូវ​សម្រាប់​ឥស្សរជន​ជា​ភ្ញៀវ​និង​ម្ចាស់ផ្ទះ​។​

​ព្រឹត្តិការណ៍​នេះ​ដែល​ប្រារព្ធ​ឡើង​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ផ្លូវថ្នល់​កំពង់ផែ​និង​ផ្លូវដែក​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​នៅ​ទូទាំងប្រទេស​កំពុង​អភិវឌ្ឍ​ដែលជា​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ស៊ី​ជីន​ពីង គឺជា​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​ក្រុង​ប៉េកាំង​។​

​ព្រឹត្តិការណ៍​នេះ​ប្រមូលផ្តុំ​មេដឹកនាំ​ឬ​បេសកជន​មកពី​ប្រទេស​ជាង ៣០ រួមទាំង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សែ​ប៊ី មី​យ៉ាន់​ម៉ា និង​កេ​ន​យ៉ា​។​

​មនុស្ស​ជាច្រើន​បាន​ស្វាគមន៍​ចំពោះ​ការជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​នៅក្នុង​តំបន់​មួយ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​និយាយថា​ត្រូវការ​វិនិយោគទុន​ប្រហែលជា ២៦ លាន​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​។​

​ប៉ុន្តែ​គម្រោង​ភាគច្រើន​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​និង​ពាក់ព័ន្ធ​នឹង​ការផ្តល់​ប្រាក់កម្ចី​ពី​ធនាគារ​រដ្ឋាភិបាល​ដែលមាន​អត្រា​ការប្រាក់​ពាណិជ្ជកម្ម​។ ប្រទេស​ចិន​ជារឿយៗ​បាន​នាំចូល​នូវ​កម្លាំង​ពលកម្ម​ជាច្រើន​ដើម្បី​កសាង​គម្រោង​ទាំងនោះ ដោយ​បង្កើន​ការ​រអ៊ូរទាំ​ថា គម្រោង​ទាំងនោះ​បង្កើត​ការងារ​ក្នុងស្រុក​បាន​តិចតួច​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​ប៉េកាំង​ពង្រឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ខណៈ​កំពុង​រៀបចំ​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ