កិច្ចពិភាក្សា​ពាណិជ្ជកម្ម​គ្រោង​នឹង​ចាប់ផ្តើម​ជា​ថ្មី តែ​អាម៉េរិក​គួរ​បន្ថយ​ការទាមទារ​

334
ចែករម្លែក

​អាម៉េរិក​និង​ចិន​គ្រោង​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​សា​ជា​ថ្មី​នៅ​សប្តាហ៍​នេះ ក្រោយ​ផ្អាក​អស់​២​ខែ​តែ​វា​មាន​សញ្ញា​តិចតួច​ដែល​ថា​ការខ្វែងគំនិត​គ្នា​រវាង​មហាអំណាច​ទាំង​​ពីរ​ត្រូវបាន​កាត់បន្ថយ​អោយ​នៅ​តិច​បំផុត​។​

​ក្រោយ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន​នៅក្រៅ​ជំនួប​G20​នៅ​ជប៉ុន​កាលពី​ចុងខែ​មុន ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​យល់ព្រម​ផ្អាក​ការ​វាយ​ពន្ធ​ពិន័យ​ជុំ​ថ្មី​លើ​​ទំនិញ​នាំចូល​ពី​ចិន​តំលៃ​៣០០​ពាន់​លាន​ដុល្លារ និង​អនុញ្ញាត​អោយ​ភាគី​ទាំង​ពីរ​បន្ត​ការពិភាក្សា​ជា​ថ្មី​។​

​បើ​តាម​ពួក​អ្នកវិភាគ អាម៉េរិក​បាន​ធ្វើ​ការទា​ម​ទារ​ដែល​ចិន​មិន​អាច​ទទួលយកបាន តែ​បន្ទាប់​ពី​ជំនួប​បែប​ផ្សះផ្សារ​នៅ​ទីក្រុង​អូ​សា​កា អាម៉េរិក​គួរ​បន្ថយ​លក្ខខណ្ឌ​របស់​ខ្លួន​និង​​ការស្រុះស្រួល​មតិ​មកពី​ភាគី​ទាំងពីរ​ក៏​មាន​ភាពចាំបាច់​ក្នុងអំឡុង​កិច្ចពិភាក្សា​ជុំ​ថ្មី​របស់​គេ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​២៩​មិថុនា ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​សម​ភាគី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ចាប់ផ្តើម​ការពិភាក្សា​ពាណិជ្ជកម្ម​ជាថ្មី ឈរ​លើ​មូលដ្ឋាន​ស្មើ​​ភាព​និង​ការគោរព​គ្នា​។​

​អា​ឡាំង វីត​លី ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អង់គ្លេស​មួយ បាន​និយាយថា​« ត្រាំ​កំពុង​ស្នើ​អោយ​ចិន​ធ្វើការ​ផ្លាស់ប្តូរ​ពិស្តារ​ចំពោះ​គំរូ​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​រដ្ឋ​របស់​ខ្លួន​។​នេះ​ជា​​អ្វីដែល​មិន​អាច​ទទួលយកបាន​សំរាប់​ចិន ព្រោះ​វា​នឹង​ក្លាយជា​ប្រទេស​មួយ​ផ្សេង​។​ដូច្នេះ កូនសោរ​គន្លឹះ​ដែល​ត្រូវ​តាមដាន​មើល​ថា​តើ ត្រាំ បន្ថយ​ការទាមទារ​របស់​លោក និង​ទទួល​​យក​ការសន្យា​អំពី​គោលនយោបាយ​តិចជាង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​នឹង​អនុញ្ញាតអោយ​លោក​ប្រកាស​ជ័យជម្នះ​ដែរឬទេ​»​។​

​លោក​បាន​ព្យាករណ៍​ទុក​ថា «​ខ្ញុំ​រំពឹងថា ត្រាំ​នឹង​ប្រកាស​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​នៅពេល​ឥឡូវ​ឬ​ពេល​ក្រោយ​ទៀត​នៅ​ឆ្នាំនេះ ឬ​ក៏​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២០» ដោយសារតែ​ការប្រ​​ឈមមុខ​ជាមួយ​ចិន​អូសបន្លាយ​ពេល​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាម៉េរិក​និង​ផ្សារ​ហ៊ុន​Wall Street​ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​នៅ​ឆ្នាំ​២០២០​ខិត​ជិត​មក​​ដល់​។​

​ស៊ី​រី​វ៉ាន ជូ​ទី​កាម៉ុ​លថា​ម នាយក​សាលា​ពាណិជ្ជកម្ម​ណាន់​យ៉ាង នៅ​សកល​វិទ្យាល័យ Nanyang Technological University​នៅ​សិង្ហ​បុរី បាន​និយាយថា​«​ការទាមទារ​របស់​អា​ម៉េ​​រិក​ខ្លះ​លើ​ចិន វា​ហួស​ពី​បញ្ហា​ពាណិជ្ជកម្ម ដូចជា​ការធ្វើ​សេរីភាវូបនីយកម្ម​ច្រើនឡើង​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន កំណែ​ទំរង់​ច្បាប់​វិនិយោគ​បរទេស និង​ការការពារ​កម្មសិទ្ធិបញ្ញា​»​។​

​លោក​ស្រី​ថា ការបំពេញ​ការទាមទា​រ​របស់​អាម៉េរិក​នឹង​តំរូវអោយ​មាន​កំណែ​ទំរង់​ធំៗ​នៅ​ចិន ដែល​ត្រូវ​ចំណាយពេល​កាល​ហួស​វិភាគ​សមស្រប​មួយ​នៃ​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​។​«​តែ​​ទោះជា​យ៉ាងណា នៅ​ទីបំផុត ខ្ញុំ​គិតថា​ពួកគេ​នឹង​ស្រុះស្រួល​មតិ​គ្នា ដែល​នឹង​បញ្ចប់​ភាព​តានតឹង​ភ្លាមៗ​។​មេដឹកនាំ​ចិន​និង​អាម៉េរិក​ត្រូវ​ដឹង​ថា ជម្លោះ​ពាណិជ្ជកម្ម​បាន​ធ្វើអោយ​ឈឺ​​ចាប់​ភាគី​ទាំង​ពីរ​រួចទៅហើយ​»​។​

​ការ​បន្ត​ការពិភាក្សា​នេះ​ជា​ការវិវឌ្ឍ​វិជ្ជមាន​មួយ​រួចទៅហើយ​។​ការព្រមព្រៀង​បន្ត​ការចរចា​ពាណិជ្ជកម្ម «​នឹង​បង្កើត​អារម្មណ៍​ទីផ្សារ​វិជ្ជមាន ដោយសារ​តែ​វា​បង្ហាញ​ថា​ប្រទេស​ទាំង​ពីរ​​មាន​ចេតនា​ពិភាក្សាគ្នា ទោះ​ជា​ពីរ​បី​ខែ​មកនេះ​មាន​ភាព​តានតឹង​នឹង​គ្នា​។​

​ចំណែក ណា​វ៉ា​ហ្ស៊ីស មៀ​ហ្សា សាស្ត្រាចារ្យ​នៅ​សាលា​ពាណិជ្ជកម្ម​La Rochelle Business School នៅ​បារាំង​បាន​និយាយថា ការបន្ថយ​ភាព​តានតឹង​សភាពការណ៍​និង​ធ្វើអោយ​ល្អ​​ប្រសើរ​ឡើង​ទំនាក់ទំនង​អាម៉េរិក​-​ចិន នឹង​គាំទ្រ​បណ្តាញ​ផ្គត់ផ្គង់​សកល បន្ថយថ្លៃ​ដើម​ផលិតផល​និង​ពង្រីក​ទីផ្សារការងារ​ក្នុងស្រុក​សំរាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។​

​ទោះជា​យ៉ាងណា ការ​បន្ត​កិច្ច​ពិភាក្សា​នេះ អាច​មិន​ជា​សញ្ញា​នៃ​ការបញ្ចប់​ភាព​តានតឹង​ភ្លាមៗ​ទេ​។​

​ស៊ី​រី​វ៉ាន បាន​និយាយថា​« ខ្ញុំ​មិន​គិតថា បញ្ហា​នៅ​លើ​តុ​ទាំងអស់​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​កិច្ចពិភាក្សា​តែមួយ​លើក​ឬ​ជាច្រើន​លើក​ទេ​។​ពេល​អ្នកពិនិត្យ​មើល​ជម្លោះ​ពាណិជ្ជកម្ម​នេះ​​អោយ​ស៊ី​ជំរៅ វា​ហួស​ពី​ពាណិជ្ជកម្ម ឬ​ឱនភាព​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន ។​វា​ហាក់ដូចជា​ការតស៊ូ​មួយ​ដើម្បី​អំណាច​និង​ការដឹកនាំ​ពិភពលោក​ច្រើនជាង​»៕​ប្រែ​សម្រួល​៖​វាសនា

#