កិច្ចពិភាក្សា​អាមេរិក​-​កូរ៉េខាងជើង​ស្តីពី​កិច្ច​ជំនួប​កំពូល​ដូ​ណា​ល់​ត្រាំ​-​គីម​ជុង​អ៊ុន​លើក​ទី​២​ទំនងជា​ត្រូវបានធ្វើ​នៅ​ភូមិ​ព្រំដែន​កូរ៉េ​

409
ចែករម្លែក
  • 16
    Shares

​ប្រភពព័ត៌មាន​ការទូត​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២​ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ទំនងជា​នឹងធ្វើ​កិច្ចពិភាក្សា​កម្រិត​ការងា​របស់​ពួកគេ​អំពី​ជំនួប​ដែល​បានស្នើ​​ឡើង​របស់​ក្រុម​មេដឹកនាំ​របស់​ពួកគេ​នៅ​ភូមិ​Panmunjom​នៃ​តំបន់​ព្រំដែន​រួម​កូរ៉េ​ទាំង​២ ។​នេះ​បើ​យោងតាម​សារព័ត៌មាន​Yonhap​។​

​ប្រភពព័ត៌មាន​នេះ​បាន​និយាយថា កិច្ចពិភាក្សា​នេះ អាច​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ ។​ប្រភពព័ត៌មាន​ការទូត​មួយ​បាន​និយាយថា​” កាលបរិច្ឆេទ​និង​ទីកន្លែង​នៃ​កិច្ចពិភាក្សា​​កូរ៉េខាងជើង​-​អាមេរិក​នេះ មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ ប៉ុន្តែ ភូមិ​Panmunjom គឺ​ទំនង​បំផុត​សម្រាប់​ជា​កន្លែង​នៃ​កិច្ចពិភាក្សា​នេះ​។​

​សារព័ត៌មាន​Yonhap បាន​និយាយថា កិច្ចពិភាក្សា​កម្រិត​ការងារ​នេះ នឹង​ត្រូវបាន​ចូលរួម​ដោយ​លោក ស្ទី​ហ្វិ​ន ប៊ី​អេ​ហ្គា​ន់​អ្នក​តំណង​ពិសេស​អំពី​កូរ៉េខាងជើង​របស់​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​គ្រោង​នឹង​មកដល់​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃអាទិត្យ​។

​ប្រភពព័ត៌មាន​មួយទៀត​បាន​និយាយថា ” កិច្ចពិភាក្សា​កម្រិត​ការងារ​នេះ នឹង​អាច​ប្រព្រឹត្តទៅ​ច្រើនជាង​មួយថ្ងៃ ដោយសារ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវបាន​លើកយក​​មក​ពិភាក្សា​នៅមុន​កិច្ច​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​២៕ដោយ៖សុខា/sn

ទាហាន​កូរ៉េខាងត្បូង​និង​ទាហាន​អាមេរិក​ឈរ​យាម​នៅ​ភូមិ​Panmunjom នៅ​តំបន់​គ្មាន​យោធា​កាលពី​ឆ្នាំ​២០១៨

#