កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​

1809
ចែករម្លែក

វេទិកាស្មេរ: កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដែល​បាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ ២០១៥ គឺជា​ការសម្រេចបាន​ស​មិទ្ធ​ផល​ដ៏​ធំធេង​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ជាតិ​ដែល​គួរ​ជាទី​មោទនៈ​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​សហភាព​អឺរ៉ុប និង​ប្រទេស​កម្ពុជា​ផងដែរ​។ រហូតមកដល់​ពេលនេះ​មាន​ប្រទេស​ចំនួន​១៤៨​ហើយ​ដែល​បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​កន្លងទៅនេះ​។

​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បានធ្វើ​សេចក្ដីប្រកាស​អំពី​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បានបញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​ការគាំទ្រ​ដល់​កិច្ចព្រមព្រៀង​នេះ និង​ដឹកនាំ​ដំណើរ​ការ​ឆ្ពោះទៅមុខ​បន្តទៀត​។​យើង​នឹង​រួមគ្នា​ពង្រឹង​ភាពជា​ដៃគូ​ដែលមាន​ក្នុងពេល​បច្ចុប្បន្ន​របស់​យើង ព្រមទាំង​ស្វែងរក​នូវ​ដៃគូ​ថ្មីៗ ចាប់ពី​បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​លើ​ពិភពលោក រហូតដល់​បណ្ដា​រដ្ឋ​ជា​កោះ​ដែល​ងាយ​រងគ្រោះ​បំផុត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​បំផុត​នៅក្នុង​ជំនាន់​របស់​យើង​។​

​យើង​ពុំទាន់​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​នៅឡើយ​ទេ​។ ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​នៅ​ជុំវិញ​ពិភពលោក​ទៅលើ​ការប្រែប្រួល​គំរូ​អាកាសធាតុ សន្តិសុខ​ស្បៀង និង​សុខភាព​មនុស្ស​។ ដើម្បី​ឲ្យ​ចក្ខុវិស័យ​​នៃ​អនាគត​ដែល​ធន់​នឹង​អាកាសធាតុ និង​មានការ​បញ្ចេញ​ឧស្ម័ន​ទាប​នៅ​ជុំវិញ​ពិភពលោក​ក្លាយជា​ការពិត យើង​ត្រូវផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការ​ប្រែក្លាយ​ពាក្យសម្ដី​ឲ្យ​ទៅជា​សកម្មភាព​ជាក់ស្ដែង​ចាប់ពីពេលនេះ​តទៅ​។​

​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​មិន​ត្រឹមតែ​ផ្ដោតទៅលើ​ការទប់ស្កាត់​ផល​អវិជ្ជមាន​ឡើយ​។ យើង​ជឿជាក់ថា ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ច្រើន​រាប់មិនអស់​ក្នុងការ​បង្កើត​នូវ​វិធីសាស្ត្រ​ថ្មីៗ និង​ល្អប្រសើរ​ជាង​មុន​ក្នុងការ​ផលិត​និង​ប្រើប្រាស់ វិនិយោគ និង​ពាណិជ្ជកម្ម ព្រមទាំង​ការពារ​ជីវិត ទ្រព្យសម្បត្តិ និង​ឱកាស​ប្រកប​របរ​ចិញ្ចឹមជីវិត​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ទាំងអស់ និង​ភពផែនដី​ទាំងមូល​ផងដែរ​។

​សហភាព​អឺរ៉ុប និង​បណ្ដា​រដ្ឋ​ជា​សមាជិក​ប្ដេជ្ញា​ចូលរួម​ឲ្យ​បាន​ពេញលេញ​នៅក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទាំង​នៅក្នុង​ប្រទេស​របស់ខ្លួន និង​នៅ​ជុំវិញ​ពិភព​លោក​។ បណ្ដា​ប្រទេស​អឺរ៉ុប​នឹង​បន្ត​ផ្ដល់​មូលនិធិ​ជាច្រើន​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​អាកាសធាតុ​នៅក្នុង​បណ្ដា​ប្រទេស​ជា​ដៃគូ​។ ត្រឹមតែ​នៅក្នុង​ឆ្នាំ ២០១៥ ប៉ុណ្ណោះ ជំនួយ​ឧបត្ថម្ភ​មាន​ចំនួន​សរុប​រហូត​ទៅដល់ ១៧,៦ ប៊ី​លាន​អឺរ៉ូ​។​នៅក្នុង​ប្រទេស យើង​កំពុង​ធ្វើ​កិច្ចការ​ដើម្បី​បញ្ចប់​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​ចាំបាច់​ដើម្បី​សម្រេច​គោលដៅ​របស់​សហភាព​អឺរ៉ុប​ក្នុងការ​គាំទ្រ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពោលគឺ​ការកាត់បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផ្សេងៗ​ទៀត​ឲ្យ​បាន​យ៉ាងហោចណាស់ ៤០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣០​។ វិធានការ​ច្បាប់​របស់​យើង​គ្របដណ្ដប់​លើ​គ្រប់​វិស័យ​សេដ្ឋកិច្ច​ទាំងអស់​ហើយ​យើង​ផ្តោតទៅលើ​ប្រសិទ្ធភាព​ថាមពល ព្រមទាំង​ជំរុញ​ការ​ស្រូបយក​ថាមពល​កកើតឡើង​វិញ​នៅក្នុង​ប្លុក​ទាំងមូល​។​

​យើង​បានដឹង និង​យល់​អំពី​កង្វល់​ផ្សេងៗ​ដែលថា ការចាត់វិធានការ​ទៅលើ​ការប្រែ​ប្រួល​​អាកាសធាតុ​អាច​ប៉ះពាល់​ទៅដល់​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​យើង​បាន​រកឃើញ​ការពិត​ដែល​ផ្ទុយ​ពីនេះ​៖ ការបញ្ចេញ​ឧស្ម័ន​របស់​យើង​បាន​ធ្លាក់ចុះ​ចំនួន ២២​ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៩០ ស្រប​ពេលដែល​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​ភាព​អឺរ៉ុប​បាន​កើនឡើង​ចំនួន​៥០%​។ នៅក្នុង​រយៈពេល​នេះ យើង​បាន​បង្កើត​ការងារ អាជីវកម្ម បច្ចេកវិទ្យា​ថ្មីៗ និង​ឧត្តមភាព​ប្រកួតប្រជែង​ដែលជា​ការរៀបចំ​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​អនាគត​ដែល​ធន់​នឹង​អាកាសធាតុ និង​មានការ​បញ្ចេញ​កាបូន​ទាប​។

ជាមួយគ្នានេះដែរ យើង​កំពុង​វិនិយោគ​ទៅលើ​ការបង្កើន​ភាព​ធន់​នៃ​សង្គម​របស់​យើង​៖​តាមរយៈ​បទពិសោធន៍​របស់​យើង​បាន​បង្ហាញថា រាល់​ទឹកប្រាក់​មួយ​អឺរ៉ូ​ដែល​បាន​វិនិយោគ​ទៅលើ​ការការពារ​ទឹកជំនន់ យើង​អាច​ចំណេញ​បាន​ប្រាំមួយ​អឺរ៉ូ​មកវិញ​នៅក្នុង​ការបញ្ចៀស​នូវ​ការខូចខាត​ផ្សេងៗ​។​

​សហភាព​អឺរ៉ុប​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ចែករំលែក​បទពិសោធន៍​កន្លងមក​របស់​យើង ហើយ​យើង​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​គោល​នយោបាយ​អាកាសធាតុ​ទូលំ​ទូលាយ​ជាមួយនឹង​ដៃគូ​មួយចំនួន​របស់​យើង​។ យើង​ប្ដេជ្ញាចិត្ត​គាំទ្រ​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយសារ​បញ្ហា​អាកាសធាតុ​នៅក្នុង​ការបង្កើត​ផែនការ​អាកាសធាតុ​ថ្នាក់ជាតិ និង​ធ្វើ​អន្តរ​កម្ម​ឆ្ពោះទៅ​សេដ្ឋកិច្ច​ដែល​បញ្ចេញ​កាបូន​ទាប និង​ធន់​នឹង​អាកាសធាតុ​។ សហភាព​អឺរ៉ុប​រួម​ជាមួយនឹង​ប្រទេស​ស៊ុយអែត កំពុង​គាំទ្រ​ដល់​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដែលជា​កម្មវិធី​អនុវត្ត​ដោយ​អង្គការ​យូ​អិន​ឌី​ភី​( UNDP )​ដើម្បី​គាំទ្រ​ទៅដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការរៀបចំ​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​អនុវត្ត​សកម្មភាព​អាទិភាព​ផ្សេងៗ​ទៀតផង​ដែរ​។

​ថាមពល​មាន​សារសំខាន់​ក្នុងការ​ផ្សារភ្ជាប់​ការឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាស​ធាតុ​ទៅនឹង​ការបង្កើត​វិបុលភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។ សហភាព​អឺរ៉ុប​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​“​ថាមពល​សូ​ឡា​ល្អប្រសើរ​” ដើម្បី​ផ្ដល់​អគ្គិសនី​ប្រើប្រាស់​តាម​ផ្ទះ​កាន់តែ​ល្អប្រសើរ​តាមរយៈ​បន្ទះ​សូ​ឡា រួម​ជាមួយនឹង​ប្រទេស​បារាំង និង​បាន​ចាប់​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​បច្ចុប្បន្ន​កម្ម​គោលនយោបាយ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល​ជាតិ​។ កម្មវិធី​ដែល​ផ្ដល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ផ្សេងៗ​ទៀត​មាន​គោល​ដៅ​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ចីរភាព​នូវ​ធនធានធម្មជាតិ​សំខាន់ៗ​ដូចជា ព្រៃ​ឈើ និង​ការដាក់បញ្ចូល​ការព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​ទៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា​វិស័យ​ជលផល​ជាដើម​។ ដោយ​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រទេស​អាល្លឺម៉ង់​កំពុងផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ផ្លូវ​ជនបទ​ដែល​ធន់​នឹង​អាកាសធាតុ​ដើម្បី​គាំទ្រ​ដល់​គ្រួសារ​រស់នៅ​តាម​តំបន់​ជនបទ និង​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​ជួបជុំគ្នា​នៅក្នុង​ទីក្រុង Bonn នៅឯ COP23 ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នយោបាយ​ទីក្រុង​ប៉ារីស​ក្លាយជា​ការពិត​។​នៅ​ឆ្នាំក្រោយ យើង​នឹងមាន​កិច្ចការ​ដ៏​សំខាន់​មួយទៀត​នៅ​ចំពោះមុខ នោះ​គឺ “​កិច្ចពិភាក្សា​សម្របសម្រួល​” ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​ក្លាយជា​ឱកាស​ដំបូង​គេ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ពិនិត្យមើល​កិច្ចខិត​ខំ​ប្រឹងប្រែង​រួមគ្នា​នៅក្នុង​ការកាត់បន្ថយ​ការឡើង​កម្ដៅ​ផែនដី និង​ជា​កិច្ច​ការដែល​យើង​បាន​ខិតខំ​អនុវត្ត​ពាក់ព័ន្ធ​នឹង​ការគោរព​តាម​ការប្ដេជ្ញាចិត្ត​ដែល​បានធ្វើ​ឡើង​។ កិច្ច​ពិភាក្សា​នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​របស់​យើង​នៅក្នុង​ការគោរព​ទៅតាម​អ្វីដែល​យើង​បាន​សន្យា​នៅឯ​ទីក្រុង​ប៉ារីស​។​

​មិនមែន​មានតែ​រដ្ឋាភិបាល​នានា​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​ចាត់វិធានការ​។ ក្រុមហ៊ុន​អាជីវកម្ម​ទីក្រុង​និង​តំបន់​ព្រមទាំង​សង្គម​ស៊ីវិល​សុទ្ធ​តែមាន​តួនាទី​សំខាន់​នៅក្នុង​ការអនុវត្ត​វិធានការ​ទូទៅ​ដែល​ពិតជា​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​។ យើង​មាន​មោទនភាព​​ដែល​បានឃើញ​ក្រុមហ៊ុន​អាជីវកម្ម​អឺរ៉ុប​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​បៃតង​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​សូម​ស្វាគមន៍​ដល់​កិច្ចការ​របស់ សភាពាណិជ្ជកម្ម​អឺរ៉ុប (Eurocham) ក្នុងការ​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ផ្នែក​អភិវឌ្ឍ​បៃតង​នេះ​។ មានតែ​កិច្ច​សហការគ្នា​ប៉ុណ្ណោះ​ទើប​យើង​អាច​សម្រេច​នូវ​មហិច្ឆតា​របស់​យើង​ដែល​បានកំណត់ និង​ការរំពឹងទុក​របស់​ម​នុស្ស​ជំនាន់​ក្រោយ​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺជា​ពេលវេលា​ដ៏​មាន​សារសំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ដើម្បី​ការពារ​ភពផែនដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ យើង​ត្រូវ​បន្ត​កិច្ចការ​ក្នុង​លក្ខណៈ​បែបនេះ​នៅក្នុង​បណ្ដា​ខែ និង​ឆ្នាំ​ខាងមុខ ពីព្រោះ​អ្វីដែល​យើង​នឹង​ទទួលបាន​ពិតជា​មានតម្លៃ​៖ ការបញ្ចេញ​ឧស្ម័ន​ទាប សន្តិសុខ​និង​ប្រសិទ្ធភាព​ថាមពល​កាន់តែ​ប្រសើរ ការច្នៃប្រឌិត​ជំរុញ​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ សង្គម​ដែល​កាន់តែ​មាន​ភាព​ធន់ និង​បរិស្ថាន​កាន់តែ​ល្អប្រសើរ​។ មាន​កិច្ចការ​ជាច្រើន​ដែល​យើង​ត្រូវធ្វើ ហើយ​យើង​រំពឹងថា​នឹង​បាន​បន្ត​ភាពជា​ដៃគូ​របស់​យើង​ជាមួយនឹង​ប្រទេស​កម្ពុជា​ជា​បន្តទៀត​៕ ​ដោយ ៖​​ច​ច អេ​ដ​ហ្គា ឯកអគ្គរដ្ឋទូត​សហា​ភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា (​អត្ថបទ​នេះ​ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​ប្រមុខ​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ)