កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​៖ អាមេរិក​ច្រានចោល​ការស្នើ​របស់​សហ​ភាព​អឺរ៉ុប​ឱ្យ​លើកលែង​ទណ្ឌកម្ម​

3145
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការស្នើ​ពី​សហភាព​អឺរ៉ុប​ដើម្បី​ផ្តល់​ការលើកលែង​ចំពោះ​ក្រុមហ៊ុន​អឺរ៉ុប​ពី​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​នៅក្នុង​លិខិត​មួយ​ទៅកាន់​ក្រុម​ប្រទេស​អឺរ៉ុប លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការអំពាវនាវ​​នេះ ពីព្រោះ​ខ្លួន​ចង់​ដាក់​សម្ពាធ​ដ៏​ខ្លាំង​ទៅលើ​អ៊ីរ៉ង់​។​

​លិខិត​នេះ បាន​និយាយថា ការលើកលែង​នឹងត្រូវ​ធ្វើ ប្រសិនបើ​ការលើកលែង​នោះ​ផ្តល់​អត្ថប្រយោជន៍​ដល់​សន្តិសុខ​ជាតិ​អាមេរិក​។​

​សហភាព​អឺរ៉ុប​ព្រួយបារម្ភ​ថា​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ​អាច នឹងត្រូវ​ប្រឈម​នឹង​ការខាតបង់​ដោយសារ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​​ស៊ីន​តោន​នេះ ។​

​លិខិត​នេះ បាន​និយាយថា ” យើង​នឹង​ស្វែងរក​ការផ្តល់​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ដែល​មិន​ធ្លាប់មាន​ពីមុន​មកលើ​របប​អ៊ីរ៉ង់​” ។​

​លិខិត​ដែល​នេះ បាន​បន្ថែមថា​សហរដ្ឋ​អាមេរិក មិន​ធ្វើការ​លើកលែង​ចំពោះ​គោលនយោបាយ​នេះ​ទេ លើកលែងតែ​ក្នុង​កាលៈទេសៈ​ជាក់លាក់​ណាមួយ​នោះ​។​

​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ខែឧសភា បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​​ឆ្នាំ​២០១៥ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​

​ការដកខ្លួន​ចេញ​របស់​សហរដ្ឋអាមេរិក​នេះ​គឺ​មានន័យថា​ការដាក់ទណ្ឌកម្ម​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ពេលមុន​នៅ​មុនពេល​កិច្ចព្រមព្រៀង​នេះ ត្រូវ​បានដាក់​​ឡើងវិញ​។

​ការជំទាស់​របស់ខ្លួន​(​អាមេរិក​)​ចំពោះ​កិច្ចព្រមព្រៀង​នេះ​គឺ​ផ្ទុយ​នឹង​ប្រទេស​បារាំង​អាល្លឺម៉ង់​និង​អង់គ្លេស​​ដែល​បាន​សន្យា​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​។​

​ក្រុមហ៊ុន​ធំៗ​មួយចំនួន​នៅ​អឺរ៉ុប​បាន ប្រញាប់ប្រញាល់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បាន​ចូល​ជា​ធរមាន​កាលពី​៣​ឆ្នាំមុន​។​

​នៅ​ឆ្នាំ​២០១៧ ការនាំចេញ​(​ទំនិញ​និង​សេវាកម្ម​)​របស់​សហភាព​អឺរ៉ុប​ទៅកាន់​អ៊ីរ៉ង់ មាន​ចំនួន​សរុប ១០,៨​ពាន់​លាន​អឺរ៉ូ​(១២,៩​ពាន់​លាន​ដុល្លារ​)​ហើយ​ការនាំ​ចូល​ពី​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​ប្លុក​នេះ​(​អឺរ៉ុប​)​មានតម្លៃ​១០,១​ពាន់​លាន​អឺរ៉ូ​។ តម្លៃ​នៃ​ការនាំ​ចូល​នេះ គឺ​ជិត​ទ្វេដង​នៃ​តួលេខ​ឆ្នាំ​២០១៦​។​

​ឥឡូវនេះ ក្រុមហ៊ុន​អឺរ៉ុប​ព្រួយបារម្ភ​ថា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​សហរដ្ឋអាមេរិក​អាច​នឹង​ខូចខាត​​ប្រសិនបើ​ពួកគេ​បន្តធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អ៊ីរ៉ង់​នេះ​៕ដោយ៖សុខា/sn

ក្រុមហ៊ុនអឺរ៉ុបជាច្រើន បានវិនិយោគទុកច្រើនលើវិស័យថាមពលរបស់អ៊ីរ៉ង់