កិច្ចព្រមព្រៀង​ផ្ទេរ ណា​ប៊ី​ល ហ្វេ​គ័​រ ជាប់គាំង បន្ទាប់ពី​ក្លិប​លី​យ៉ុ​ន ប្រកាស​បញ្ចប់​ការចរចា​

717
ចែករម្លែក

​កិច្ចប្រឹងប្រែង​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool )​ដើម្បី​ផ្ទេរ​កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) ក្នុងតម្លៃ​៥៣​លាន​ផោន​បាន​បរាជ័យ បន្ទាប់ពី​ក្លិប​លី​យ៉ុ​ន ( Lyon) លុបចោល​ការចរចា​នេះ យ៉ាង​តក់ក្រហល់​។

​កីឡាករ​អន្តរជាតិ​បារាំង ដែល​រកបាន​២៣​គ្រាប់​សម្រាប់​ក្រុម Lyon នៅ​ក្របខណ្ឌ Ligue 1 កាលពី​រដូវ​កាល​មុន​នោះ គឺជា​គោលដៅ​ផ្ទេរ​ចម្បង​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នៅ​រដូវក្តៅ​នេះ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ជំនួស​តំណែង​របស់ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ។

​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​ដែលមាន​ប្រាក់​ឈ្នួល​១៤០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ត្រូវបាន​ឯកភាព ហើយ​ក្រុម​វេជ្ជបណ្ឌិត​ក្លិប Liverpool បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ពិនិត្យ​សុខភាព​នៅ​ទីលាន​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​បារាំង Clairefontaine ។

​មានការ​រំពឹងថា ក្លិប Liverpool នឹងធ្វើ​ការប្រកាស​ពី​ការផ្ទេរ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​ជឿថា មាន​បញ្ហា​កើតឡើង អំឡុងពេល​ធ្វើតេស្ត​លើ​សុខភាព ដែល​ធ្វើ​ឲ្យ Liverpool ពិចារណា​ឡើងវិញ​។

​មានការ​អះអាង​នៅ​ប្រទេស​បារាំង​ថា Liverpool ព្យាយាម​ចរចា​ឡើងវិញ​ជុំវិញ លក្ខខណ្ឌ​ដែល បាន​ព្រមព្រៀងគ្នា​រួច​ហើយដោយ​ប្រធាន​បច្ចេកទេស ម៉ៃ​ឃើ​ល អេ​ដ​វើដ (Michael Edwards) ប៉ុន្តែ​រឿងនេះ​វា​មិនមែនជា​ការពិត​ទេ​។

​នៅពេល​បញ្ហា​នេះ​អូសបន្លាយ​ដល់​ថ្ងៃ​សុក្រ ក្លិប Lyon បានចេញ​សេចក្តីថ្លែងការណ៍​មួយ​លើ វេ​ប​សាយ​របស់ខ្លួន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​បាន​ជាប់គាំង ហើយ​ថា ការចរចា​នឹង មិន​បន្តទៀត​ទេ​។

​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Lyon ប៉ុន្តែ​ត្រូវបាន​ដក ចេញ​វិញ​ភ្លាម​បន្តិចក្រោយមក​។ មកដល់ពេលនេះ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការដក​សេចក្តី ថ្លែងការណ៍​ចេញ​វិញ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)