កិច្ចព្រមព្រៀង​រុស្ស៊ី​-​តួ​ក​គី ធ្វើអោយ​សុបិន​របស់​ពួក​ឃឺ​ត​ស៊ីរី ស្តីពី​ស្វ័យគ្រប់គ្រង​រប៉ាត់រប៉ាយ​

5011
ចែករម្លែក

​កិច្ចព្រមព្រៀង​មួយ​រវាង​រុស្ស៊ី​និង​តួ​ក​គី ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ ស៊ូ​ជី ដើម្បី​បែងចែក​តំបន់​គ្រប់គ្រង​នៅ​ស៊ី​រី​ភាគ​ឦសាន​ជា​ការព្រមាន​អំពី​អវសាន​​នៃ​ស្វ័យភា​ពឃឺត​។​

​ពួក​ឃឺ​ត​ស៊ីរី បាន​សង្ឃឹម​ថា​ការលះបង់​ដែល​ត្រូវ​បាន​ធ្វើ​ក្នុងនាម​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​កំចាត់​ពួក​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​នឹង​ទទួល​បាន​ការ​តបស្នង​មកវិញ​។​​តែ​ផ្ទុយទៅវិញ ជំនួស​អោយ​ការគាំទ្រ​គំរោង​នយោបាយ​របស់​ពួកគេ សហរដ្ឋ​អាម៉េរិក​បែរ​ជា​ដក​ពល​ទាហាន​ចេញពី​ស៊ី​រី​ដោយ​បំផ្លាញ​បំណងប្រាថ្នា​បង្កើត​មាតុភូមិ​ផ្ទាល់​របស់​​ក្រុម​ជនជាតិ​ភាគតិច​នេះ​មួយ​រំពេច​។​

​កិច្ចព្រមព្រៀង​ស៊ូ​ជី កំណត់​ការធ្លាក់​រាសី​នៃ​កងកម្លាំង​ឃឺត ដែល​ត្រឹម​កាលពី​ពីរ​សប្តាហ៍​មុន​នៅ​គ្រប់គ្រង​ទឹកដី​ស៊ី​រី​ជិត​១​ភាគ​៣ តែ​ឥឡូវ​បាត់បង់​ស្ទើរ​គ្រប់យ៉ាង​។​

​ហ្វា​ប្រីស បា​ឡង់សេ អ្នក​ភូមិសាស្ត្រ​ខាង​កិច្ចការ​ស៊ី​រី បាន​និយាយថា​«​សំរាប់​ពួក​ឃឺត នេះ​ជា​ចុងបញ្ចប់​នៃ រ៉ូ​ចាវ៉ា គឺ​សុបិន​នៃ​ស្វ័យភាព​របស់គេ​»​។​

​ជោគវាសនា​នៃ រ៉ូ​ចាវ៉ា ឈ្មោះ​ដែល​ពួក​ឃឺត​ហៅ​តំបន់​របស់​គេ ត្រូវ​ចប់​ក្រោយ​ការចាប់រ​លាក់​ដៃ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២២​តុលា​រវាង​ប្រធានាធិបតី​តួ​ក​គី រេ​សេប តា​យ​យី​ប​​អឺ​ដូ​ហ្កាន និង​សម​ភាគី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​តួ​ក​គី​ត្រូវបាន​ផ្តល់​សិទ្ធិ​ដាក់​ពង្រាយ​ទ័ព​នៅក្នុង​តំបន់​មាន​ជនជាតិ​អារ៉ាប់​ភាគច្រើន​មួយ ដែល​ខ្លួន​ហៅ​វា​ថា​ជា​តំបន់​សុវត្ថិភាព​មួយ ដែល​ជា​គោលដៅ​នៃ​ការវាយប្រហារ​ដណ្តើម​​យក​ចាប់តាំងពី​ថ្ងៃ​០៩​តុលា​មក​។​វា​លាតសន្ធឹង​ប្រវែង​១២០​គីឡូម៉ែត្រ​និង​ជំរៅ​៣២​គីឡូម៉ែត្រ​ចូលក្នុង​ទឹកដី​ស៊ី​រី ដើម្បី​បង្កើត​តំបន់​មួយ​ដែល​លោក​អឺ​ដូ​ហ្កា​ន់​ចង់​បញ្ជូន​ជន​ភៀស​​ខ្លួន​ស៊ី​រី​៣,៦​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​តួ​ក​គី​ទៅ​កាន់​ទីនោះ​។​

​ការវាយប្រហារ​របស់​កងកម្លាំង​តួ​ក​គី​បាន​ប្រព្រឹត្តទៅ​ដោយ​ស្រួល​ដោយសារតែ​ការដកចេញ​ទាហាន​អាម៉េរិក​ដែល​បាន​ឈរជើង​តាម​ព្រំដែន​សំរាប់​ជា​ទ្រនាប់​រវាង​កងកម្លាំង​សម្ព​ន្ធ​​មិត្ត​ណា​តូ​(​តួ​ក​គី​)​និង​ពួក​យុទ្ធជន​ឃឺត​នៃកងក​ម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​។​ការដក​នេះ​បណ្តាល​អោយ​ពួក​ឃឺត​បាត់បង់​បង្អែក​និងប​ង្ខំ​អោយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ចូលមក​ការពារ​​ពួកគេ​ជំនួស​។​

​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី ក្រោម​ការគាំទ្រ​ពី​យោធា​រុស្ស៊ី បាន​រួសរាន់​ចេញ​ទៅ​ដល់​ភាគ​ខាងជើង​ប្រទេស​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដើម្បី​ទប់ទល់​នឹង​កងកម្លាំង​ស៊ី​រី​គាំទ្រ​ដោយ​​តួ​ក​គី តែ​ក៏​បាន​ចូល​កាន់កាប់​ជា​ថ្មី​ទឹកដី​ដែល​ខ្លួន​បាន​ចាក​ចេញ​នៅ​ឆ្នាំ​២០១២​។​

​កិច្ចព្រមព្រៀង​ស៊ូ​ជី ដែល​ត្រូវ​បាន​សំរេច​ឡើង​ដោយ​អ្នកសម្របសម្រួល​បរទេស​ធំ​២​នៃ​វិបត្តិ​ស៊ី​រី ក៏​តំរូវ​អោយ​កងកម្លាំង​ឃឺត​ដកថយ​ទៅកាន់​ខ្សែបន្ទាត់​មួយ​ជំរៅ​៣០​គីឡូម៉ែត្រ​ពី​​ព្រំដែន ។​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ពាក់ព័ន្ធ​នឹង​ការបោះបង់​ចោល​ការគ្រប់គ្រង​ទីប្រជុំ​សំខាន់ៗ​ខ្លួន​របស់​កងកម្លាំង​ឃឺត ដែល​មាន​អាវុធយុទ្ធភណ្ឌ​តិចតួច​ខ្លាំង​ជាង​មិន​​មាន​កម្លាំង​នឹង​ប្រឆាំង​ជំទាស់​។​វា​រួម​ទាំង​ទីក្រុង កា​មី​ស​លី ដែល​ជា​រដ្ឋធានី​តាម​ការជាក់ស្តែង​របស់​តំបន់​ស្វ័យភាព​នេះ​ផង​ដែរ​។​

​លោក​បា​ឡង់សេ បាន​និយាយថា​«​និយាយ​អំពី​ការបាត់បង់​ទឹកដី​នេះ ពួកគេ​បាត់បង់​អ្វី​គ្រប់​យ៉ាង​។​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​(​ស៊ី​រី​)​ដណ្តើម​យក​មក​កាន់កាប់​វិញ​នូវ​អ្វី​ដែល​តួ​ក​គី​​មិន​កាន់កាប់​»​។​

​ផល​វិជ្ជមាន​តែមួយ​សំរាប់​ពួក​ឃឺត​ចេញពី​កិច្ចចរចា​ពូ​ទីន​-​អឺ​ដូ​ហ្កា​ន់ គឺ​ផ្អាក​ការវាយប្រហារ​របស់​តួ​ក​គី​មួយរយៈ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម​និង​ទុកពេល​អោយ​កងកម្លាំង​ឃឺត​​ដកថយ​។​

​ជន​ស៊ីវិល​រាប់សិប​នាក់​និង​យុទ្ធជន​ឃឺ​តជាង​២៥០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​សឹក​ឈ្មោះថា «​ប្រតិបត្តិការ​សន្តិភា​ពនិទាឃ​រដូវ​»​របស់​តួ​ក​គី​។​កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ី​រី​(​ឃឺត​)​និយាយថា​ខ្លួន​បាន​បាត់បង់​យុទ្ធជន​អស់​១១.០០០​នាក់​នៅក្នុង​ប្រតិបត្តិការ​ជើងគោក​៥​ឆ្នាំ​ក្រោម​បញ្ជាការ​របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក ប្រឆាំង​ក្រុម​រដ្ឋ​​អ៊ីស្លាម​។​

​ក្រោយ​ការចាប់ផ្តើម​ការវាយប្រហា​រ​របស់​តួ​ក​គី លោក​ម៉ា​លូ​ម អាប់​ឌី ប្រធាន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​នេះ​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​ហាក់ដូចជា​«​ការ​ប្រល័យ​​ពូជសាសន៍​»​។​

​ការដក​ទ័ព​អាម៉េរិក​ពី​ស៊ី​រី​ខាងជើង​ទុក​អោយ​រុស្ស៊ី ក្លាយ​ជា​តួអង្គ​បរទេស​មាន​ឧត្តមភាព​ជាង​គេ​នៅ​ស៊ី​រី​។​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​និង​មូ​ស្គូ បានបញ្ជាក់​ច្បាស់​ហើយ​ថា​ការអនុញាត​​អោយ​តំបន់​ឦសាន​ដ៏​សំបូរ​ប្រេង ឬ​តំបន់​ណា​មួយ​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាលមិនជា​ជំរើ​ស​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

ពួក​យុទ្ធជន​ឃឺ​ត​ស៊ីរី លើក​ទង់​របស់​គេ​កាលពី​ខែ​មីនា ក្រោយ​វាយ​យក​ភូមិ​ចុង​ក្រោយ​មក​ពី​ក្រុង​រដ្ឋ​អ៊ីស្លាម ក្នុង​ការវាយប្រហា​រដែល​ពួក​គេ​រំពឹង​ថា​ទទួល​បាន​ការគាំទ្រ​ពី​លោកខាងលិច​សំរាប់​សុបិន​បង្កើត​តំបន់​ស្វ័យ​ត​របស់គេ​