កិច្ចសម្ភាសន៍​រវាងរ​ស្មី​កម្ពុជា​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​អំពី​ការសិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ​

1808
ចែករម្លែក

 

លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ (រូប: មុនីរ័ត្ន)

ដោយៈ មុនី​រ័ត្ន​ភ្នំពេញៈ លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការពន្យល់ និង​បកស្រាយ​អំពី​ការស្នើសុំ​គោលការណ៍​អនុញ្ញាត​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី កម្ពុជា​ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ​។ ការបកស្រាយ​នេះ គឺ​បន្ទាប់ពី​មាន​ក្រុម​អគតិ​មួយចំនួន​បាន​យក​ករណីនេះ ទៅ​បកស្រាយ​ខុសពី​អ្វី​ដែលជា​ការពិត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​មកលើ​រដ្ឋាភិបាល​។
​ ​ខាងក្រោម​នេះ គឺជា​កិច្ចសម្ភាស​រវាង​លោក វង់ សុភាព អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ជាមួយ​លោក​ប្រាក់ សំអឿន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ ។​ខ្លឹមសារ​សម្ភាស​មាន​ដូចតទៅៈ​
​រស្មី​កម្ពុជាៈ សូម​ជម្រាបសួរ​បាទ កាលពីពេល​ថ្មីៗ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ តើ​មកដល់ពេលនេះ ដំណើរការ​ដល់​ណា​ហើយ​?

​លោក​ប្រាក់ សំអឿនៈ “​បាទ ជាការ​ពិត ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​គោល​ការណ៍​​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ សម្តេច​តេ​ជោ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ធ្វើការ​សិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ពីរ​នេះ​។ ខ្ញុំ​សូម​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មិនទាន់​ឈានដល់​ការអនុញ្ញាតឱ្យ​បង្កើត​ខេត្ត​ទាំងពីរ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ធ្វើការ​​សិក្សា​ពី​លទ្ធភាព​ថា​តើ​ចាំបាច់​ត្រូវបង្កើត​ខេត្ត​ទាំងពីរ​នឹង ឬក៏​យ៉ាងណា​? មានន័យថា ក្រសួងមហាផ្ទៃ​ត្រូវធ្វើ​ការសិក្សា​អំពី​ស្ថានភាព​ជាក់ស្តែង ទាំង​លក្ខណៈ​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​ផងដែរ​។ បន្ទាប់ពី​ការសិក្សា​នេះ​បានបញ្ចប់ ក្រសួងមហាផ្ទៃ​ត្រូវ រៀបចំ​របាយការណ៍​ជាក់លាក់​អំពី​តម្រូវការ​ក្នុង​ការ​បង្កើត ឬក៏​មិនបង្កើត​ខេត្ត​ទាំងពីរ​ខាងលើនេះ ដើម្បី​គោរព​ជូន​សម្តេច​តេ​ជោ​ពិនិត្យ​សម្រេច​។

រហូតមកដល់​ពេលនេះ ក្រសួង​កំពុងតែ​រៀបចំ​នូវ​សមាសភាព​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ធ្វើការ​សិក្សា​ជាក់​ស្តែង​ទៅលើ​ទីតាំង​ភូមិសាស្ត្រ​នៅនឹងកន្លែង រួមទាំង​ធ្វើការ​វាយតម្លៃ​លើ​អត្ថប្រយោជន៍ និង​ផលប៉ះពាល់​”​។​

​រស្មី​កម្ពុជាៈ តើ​ការស្នើសុំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ក្នុង​គោលបំណង​អ្វី​?

​លោក​ប្រាក់ សំអឿន ៖ “​គោលបំណង​នៃ​ការបង្កើត​ខេត្ត​ទាំងពីរ​នេះ ដូច​មាននៅ​ក្នុង​លិខិត​របស់​ក្រសួងមហាផ្ទៃ លេខ​១៥៣០ លស ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ដែល​បាន​គូសបញ្ជាក់​យ៉ាងច្បាស់ គឺ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការ​ជម្រុញ​ការអភិវឌ្ឍ ជា​ពិសេស​គឺ​បង្ខិត​ការផ្តល់សេវា​រដ្ឋបាល​ឲ្យ​ទៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​មក​ទទួល និង​ស្នើសុំ​សេវា​នៅ​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួកគាត់​”​។​

​រស្មី​កម្ពុជាៈ ខេត្តកណ្តាល​ជា​ខេត្ត​មួយ​នៅជាប់​រាជធានី​ភ្នំពេញ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពងាយស្រួល​ហើយ តើ​កត្តា​អ្វី​បានជា​បំបែក​បង្កើត​ខេត្ត​មួយទៀត​?

លោក​ប្រាក់ សំអឿន ៖ “​ដូច​យើង​បានដឹង​ទាំងអស់គ្នា​ហើយ ខេត្តកណ្តាល គឺមាន​ភូមិសាស្ត្រ​មួយ​ដែល​នៅ​ព័ទ្ធជុំវិញ រាជធានី​ភ្នំពេញ ហើយ​ទីតាំង​សាលា​ខេត្តកណ្តាល​ស្ថិតនៅ​ផ្នែក​ខាងត្បូង ហើយ​មួយ​ចំហៀង​ទៀត​នៅ​ផ្នែក​ខាងជើង ខាងកើត និង​ខាងលិច ឧទាហរណ៍ ដូច​នៅ​ស្រុក​ពញាឮ ឬក៏​ស្រុក​ល្វាឯម។ បើ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នៅ​សាលា​ខេត្តកណ្តាល ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ចំណាយពេល​យូរ ដែល​កត្តា​នេះ​គឺជា​ផ្នែក​មួយ​ដែល​យើង​ពិនិត្យ​ពិចារណា​ទៅលើ​ភូមិសាស្ត្រ​ខេត្តកណ្តាល​។ ហើយ​ម្យ៉ាងទៀត ដោយសារតែ​យើង​ចង់​បង្កើត​ឲ្យ​មាន​ទីក្រុង ដែលជា​ក្រុង​រណប​ដើម្បី​ជួយ​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ​ពី​ខេត្ត​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​គិត​ចង់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​ទីក្រុង​ភ្នំពេញ គឺជា​ទីក្រុង​បុរាណ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ឬក៏​ផ្លូវ​សាធារណៈ វា​មាន​កម្រិត​តូចៗ​សម្រាប់​ផ្ទុក​តែម​នុស្ស ដែល​គិតថា ប្រមាណ​មួយ​លាន ឬ​ពីរលាន​នាក់​យ៉ាងច្រើន​នៅពេលនោះ​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែលមាន​ទីតាំង​មជ្ឈមណ្ឌល​សេវាកម្ម ពាណិជ្ជកម្ម ឬ​ទីតាំង​សហគ្រាស​ជាច្រើន​តាំងនៅ​។ ដូច្នេះ មនុស្ស​មានបំណង​សម្រុក​មក​រស់នៅ និង​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​សម្រាប់​ទ្រទ្រង់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា​ផ្លូវ លូ ឬក៏​សេវា​សង្គម​ផ្សេងៗ​ទៀត វា​មិនទាន់​ឆ្លើយតបបាន​ល្អប្រសើរ​ទៅ​និង​កំណើន​ចំនួន​មនុស្ស​កាន់តែ​ច្រើនឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ហេតុនេះ ការបង្កើត​ខេត្ត​ថ្មី ក៏​អាចជា​ផ្នែក​មួយ​ចូលរួមចំណែក​ដើម្បី​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ ឬក៏​ផ្លាស់ប្តូរ​ទីតាំង​សេវាកម្ម ឬ​ពាណិជ្ជកម្ម កុំ​ឲ្យ​ផ្តោត​មកលើ​តែ​រាជធានី​ភ្នំពេញ​។ កាលណា​បង្កើត​ខេត្ត គឺ​យើង​បង្កើត​ក្រុង​មួយ​នៅក្នុង​ខេត្ត ដែលជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច សង្គម របស់​ខេត្ត ចឹ​ង​កាលណា​មាន​ទីក្រុង​វា គឺជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស និង​ជា​មជ្ឈមណ្ឌល​នៃ​ការផ្លាស់ប្តូរ​ទំនិញ ក៏​ដូច​ការជួបជុំ​របស់​ម​នុស្ស​ការដាក់​ទីតាំង​វិនិយោគ ចឹ​ង​វា​ធ្វើឱ្យ​តំបន់​នេះ​មានការ​អភិវឌ្ឍ​។ ទន្ទឹមនេះ យើង​អាច​ទាញ​ស្រូប​ប្រជាពលរដ្ឋ​មក​ឲ្យ​ធ្វើការ​នៅ​នឹង ហើយក៏​ការ​អាច​ស្នាក់នៅ​នឹង​ជួយ​កាត់បន្ថយ​កុំ​ឲ្យ​គាត់​ចូល​ទីក្រុង​ដែរ គោលដៅ​របស់​យើង​គឺ​ចឹ​ង បានរួម​ទាំង​ផ្នែក​ការអភិវឌ្ឍន៍​”​។​

​រស្មី​កម្ពុជាៈ តើ​ការបង្កើត​ខេត្ត​ថ្មី​មួយទៀត ដែល​នៅ​ចន្លោះ​ពី​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្តរតនគិរី ដែល​ខេត្តមណ្ឌលគិរី​មាន​ចំនួន​ប្រជាពលរដ្ឋ​តិច​មូល​ហេតុអ្វី​ដែរ​?

​លោក​ប្រាក់ សំអឿន ៖ “​បើ​ប្រៀបធៀប​ខេត្ត​មណ្ឌល​គី​រី ជាមួយ​ខេត្តកណ្តាល គឺ​វា​ខុសគ្នា ដោយ​ខេត្ត​មណ្ឌល​គី​រី​មាន​ប្រជាជន​ជាង ២០​ម៉ឺន​នាក់​។ ខេត្តកណ្តាល មាន​ប្រជាជន​ជិត ១​លាន​នាក់​។ ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​ផ្ទៃដី​វិញ គឺ​ខេត្ត​មណ្ឌល​គី​រី​មាន​ផ្ទៃដី​ធំ​ណាស់ បើ​ប្រៀបធៀប​នឹង​ខេត្ត​នៅ​ភូមិភាគ​កណ្តាល ដូចជា​ខេត្ត កណ្តាល ភ្នំពេញ​…… អត់​បាន​ខេត្ត​មណ្ឌល​គី​រី​មួយ​ទេ ចឹ​ង​ផ្ទៃដី​ខេត្ត​មណ្ឌល​គី​រី​ធំ​ជាង​។ ឧទាហរណ៍ ចំងាយ​ពី​ស្រុក​កោះ​ញែក​មក​ខេត្ត​មណ្ឌល​គី​រី គឺ​ប្រវែង​ជាង ១០០​គីឡូម៉ែត្រ បើសិនជា​ប្រជាពលរដ្ឋ​មកសុំ​សេវា គឺ​គាត់​ត្រូវ​ចំណាយ​ពេល​ប្រហែលជា​ពីរ​ម៉ោង ហេតុនេះហើយ​យើង​មានបំណង​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​នៅ​ជិត​នឹង​ប្រជាពលរដ្ឋ ដោយ​សារ​ទីតាំង​រដ្ឋបាលខេត្ត​វា​នៅ​ឆ្ងាយ​។ មួយផ្នែក​ទៀត​ដែល​យើង​គិតថា ខេត្ត​មណ្ឌល​គី​រី​ជា​ខេត្ត​មួយ​ជាប់​ព្រំដែន ហើយ​ស្របទៅនឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការអភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន ក៏ដូចជា​ការជួយ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៅតាម​តំបន់​ព្រំដែន រួមទាំង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ផងដែរ​។ ហើយ​ម្យ៉ាងទៀត គោលបំណង​របស់​យើង​គឺ​ដើម្បី​បង្កើត​តំបន់​ប្រជុំជន ឬ​ទីក្រុង​នៅ​នឹង ដើម្បី​ចលនា​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ​កន្លែង​នោះ ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​សង្គម​មួយ​ថែមទៀត ដើម្បី​ជួយ​អភិវឌ្ឍន៍​តំបន់​នោះ ហើយក៏​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ការពារ​នៅតាម​តំបន់​ព្រំដែន​”​។​

រស្មី​កម្ពុជាៈ ពាក់ព័ន្ធ​ព័​ត៍​មាន​នៅតាម​ប​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​បង្កើត​ខេត្ត​ចំនួន​៧​បន្ថែមទៀត តើ​ព័​ត៍​មាន​នេះ​ពិត​ឬក៏​មិន​ពិត​?

​លោក​ប្រាក់ សំអឿន ៖ “​ព័​ត៌មាន​នេះ គឺជា​ព័​ត៍​មាន​បំប៉ោង និង​ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​រាជរដ្ឋាភិបាល ហើយ​ក្នុងនាម​ជា​អ្នកបច្ចេកទេស សូម​ធ្វើការ​បដិសេធ​នូវ​រាល់​ព័​ត៍​មាន​ទាំងអស់នេះ ដែល​នេះ​ជា​ព័​ត៍​មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ទៅដល់​សាធារណៈមតិ ហើយ​ធ្វើការ​វាយប្រហារ​មកលើ​រដ្ឋាភិបាល​។ ដូច​បាន​គូសបញ្ជាក់​ពី​ខាងដើម គឺ​ក្រសួងមហាផ្ទៃ​បានស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ចំនួន​ពីរ​ទេ​។ ការសិក្សា​លទ្ធភាព​នេះ គឺ​ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃថា​តើ​វា​ចាំបាច់​ទេ វា​មាន​ប្រយោជន៍​ទេ​នៅក្នុង​ការបង្កើត​ខេត្ត​នេះ​។ ពាក់ព័ន្ធ​នឹង​ការបង្កើត​ខេត្ត​ថ្មី​នេះ យើង​មាន​បទពិសោធន៍​ច្រើន​កន្លងមក​បន្ទាប់ពី​ចុងឆ្នាំ​១៩៧៩ កម្ពុ​ជាមាន​ខេត្ត​តែ​ចំនួន​១៩​ទេ និង​ក្រុងភ្នំពេញ​មួយ​ទេ​។ ប៉ុន្តែ​​នៅ​ឆ្នាំ​១៩៩៨ យើង​បាន​បំបែក​ខេត្តបាត់ដំបង ដោយបាន​បង្កើត​ខេត្តបន្ទាយមានជ័យ​។ ការបង្កើត​ឲ្យ​មាន​ខេត្តបន្ទាយមានជ័យ បាន​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​មកដល់​សព្វថ្ងៃនេះ រួមទាំង​ការបង្កើត​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បំបែក​ចេញពី​ខេត្តសៀមរាប នៅ​ឆ្នាំ​១៩៩៥ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៩៩​។ ​ខេត្ត​ប៉ៃលិន​បំបែក​ចេញពី​ខេត្តបាត់ដំបង​ផងដែរ​។ ​នៅ​ឆ្នាំ​២០១៤ បាន​បង្កើត​ខេត្ត​ត្បូងឃ្មុំ ដោយ​បំបែក​ចេញពី​ខេត្តកំពង់ចាម ដែលមាន​ទំហំ​ផ្ទៃដី​ធំធេង និង​មាន​ប្រជាជន​ជាងមួយលាន​នាក់​។​
​សរុបមក ការបង្កើត​ខេត្ត​ថ្មីៗ​កន្លងមក​បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅ​មូលដ្ឋាន រួមទាំង​ពង្រឹង​ការគ្រប់គ្រង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្ខិត​សេវា​ដល់​ប្រជាជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ ហើយ​តាម​ការវាយតម្លៃ​របស់​ខ្ញុំ​ជា​អ្នកបច្ចេកទេស​យល់ឃើញ​ថា ការបង្កើត​ខេត្ត​ថ្មីៗ​នាពេល​កន្លងមក គឺ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ដែល​ចូលរួមចំណែក​នៅក្នុង​កា​រ​ជួយ​សម្រួល​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​នៅនឹងកន្លែង​ផងដែរ​”​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​យល់ព្រម​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ ដែល​បានស្នើ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ខេត្ត​ថ្មី​ទីមួយ គឺ​បំបែក​ចេញពី​ខេត្តកណ្ដាល ចំណែក​ខេត្ត​ថ្មី​ទី​ពីរ គឺ​ដោយ​ពិនិត្យ​លើក​ត្ដា​ភូមិសាស្ត្រ និង​ប្រជាសាស្ដ្រ​របស់​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្តរតនគិរី​៕ល/សរន