កិច្ចសវនាការ​ប្រមុខ​កងទ័ព​កម្ពុជា​-​ថៃ​

1500
ចែករម្លែក

​ដោយ​: យោធិន / ភ្នំពេញ​: នៅ​អគ្គបញ្ជាការដ្ឋាន ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​គណៈប្រតិភូ​កងទ័ព​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ Tarchaiyan Srisuwan អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។

​ក្នុងឱកាស​ជួប​ធ្វើ​សវនាការ​ប្រមុខ​កងទ័ព​កម្ពុជា បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន រួមមាន វិស័យ​ការទូត ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ អប់រំ និង​កីឡា ជាដើម​។ ជាពិសេស សហការ​បង្ក្រាប​បទល្មើស​នានា​នៅតាម​ព្រំដែន ដើម្បីឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ស្របតាម​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន​ក៏បាន​លើកឡើង​នូវ​សំណូម​ដល់​ប្រមុខ​កងយោធពល​ភូមិន្ទ​ថៃ​ក្នុងការ​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​ជំនាញ​នីមួយៗ​។ បើ​មាន​បញ្ហា​អ្វី ត្រូវ​រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី ក្នុងនាម​ជា​បងប្អូន​។ បន្ត​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​វប្បធម៌​និង​កីឡា ពីព្រោះ កីឡា គឺជា​កត្តា​សំខាន់​មួយ ក្នុងការ​ពង្រឹង​សាមគ្គីភាព​រវាង​កម្ពុជា​-​ថៃ​។

​ជាការ​ឆ្លើយតប​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ បាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន​នៃ កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ថៃ​-​កម្ពុជា លើ​វិស័យ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អបរំ និង​កីឡា ជាដើម​។ អគ្គមេបញ្ជាការ​កងទ័ព​ថៃ​ក៏បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​ទស្ស​កិច្ច​នេះ​គឺ​សំដៅ​បន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។ ចំពោះ​សំណូមពរ​របស់​ភាគី​កម្ពុជា ភាគី​ថៃ​បាន​ឯកភាព​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ជូនពរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កងទ័ព​ភូមិន្ទ​ថៃ​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​សូមឱ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​និង​កងទ័ព​ទាំងពីរ កម្ពុជា​-​ថៃ ស្ថិតស្ថេរ​ជានិច្ច​និរន្តរ៍​៕ ល​