កិច្ច​គាំពារ​អតិថិជន និង​បុគ្គលិក​ពិតជា​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ​សម្រាប់​ហត្ថា​កសិករ លីមីត​ធី​ត​

202
ចែករម្លែក

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​កាលពី ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ស្តីអំពី​លទ្ធផល​ដែល​សម្រេចបាន​នៅក្នុង​ឆមាស​ទី​១ និង​យុទ្ធសាស្ត្រ​សម្រាប់​ឆមាស​ទី​២​ក្នុងឆ្នាំនេះ​។​


​លោក​បាន​លើកឡើងថា​ហត្ថា​កសិករ​សម្រេចបាន​លទ្ធ​ផល​គួរ​ជាទី​មោទនភាព​ក្នុង​ឆមាស​ទី​១​កន្លងទៅនេះ​ដោយ​ផលប័ត្រ​ឥណទាន​មានការ​កើនឡើង​៣០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន​និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​មានការ​កើនឡើង​រហូត​ដល់​៣៨​ភាគរ​។​ចំណែក​ទ្រព្យសកម្ម​សរុប​របស់​ហត្ថា​កសិករ​មានការ​កើនឡើង​៣១​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នានេះដែរ​។ លទ្ធផល​ទាំងអស់នេះ​ទទួលបាន​មកពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​អតិថិជន និង​បុគ្គលិក​របស់​ហត្ថា​កសិករ លីមីត​ធី​ត​ដែល​កិច្ច​គាំពារ​អតិថិជន ផ្តោតលើ​គោលការណ៍​៧​ចំណុច​រួមមាន ១.​ការផ្តល់​ផលិតផល និង​សេវាកម្ម​សមស្រប​ទៅតាម​តម្រូវការ​និង​ចំណង់​ចំណូលចិត្ត​អតិថិជន​, ២.​ការផ្តល់​ឥណទាន​ទៅតាម​លទ្ធភាព​របស់​អតិថិជន​ដើម្បី​ជៀសវាង​បំណុល​លើសលប់ ,៣.​តម្លាភាព​ក្នុងការ​ផ្តល់ និង​ផ្សព្វផ្សាយ​ពត៌មាន​ឲ្យ​ដល់​អតិថិជន​,៤.​ការកំណត់​នូវ​តម្លៃ​ជាមួយនឹង​ប្រាក់ចំណេញ​សមរម្យ ,៥.​ភាពស្មើគ្នា និង​ការគោរព​អតិថិជន ,៦.​ការរក្សា​ព័ត៌មាន​សម្ងាត់​ជូន​អតិថិជន និង​៧.​ការដោះស្រាយ​ការ​រអ៊ូរទាំ​របស់​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​។ ថ្មីៗ​នេះ ហត្ថា​កសិករ​បាន​បង្កើត​កម្ម​វិធី​មួយ​ដែលមាន​ឈ្មោះថា “​ខ្ញុំ​ស្រឡាញ់​ហត្ថា​កសិករ​” ឬ​ជា​ភាសាបរទេស “I Love HKL” ដែល​បង្ហាញ​ពី​ការស្រឡាញ់​របស់​បុគ្គលិក​ចំពោះ​ហត្ថា​កសិករ​ហើយ​ហត្ថា​កសិករ​ក៏​ស្រឡាញ់​បុគ្គលិក​គ្រប់ៗ​គ្នា​វិញ​ដូចគ្នា​។​

​ជាមួយនឹង​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ ឧកញ៉ា ហួត អៀង​តុង​ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីត​ធី​ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​បំរើ​ការងារ​នាពេល បច្ចុប្បន្ន​និង​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ហត្ថា​កសិករ​តាំងពីដើម​រៀងមក​។ លោក​ក៏បាន​ឆ្លៀតពេល​ថ្លែងអំណរគុណ​ផងដែរ​ដល់​អតីត​បុគ្គ​លិ​ក​ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ចូលរួម​អភិវឌ្ឍ ហត្ថា​កសិករ​រហូត​មានឈ្មោះ​បោះ​សម្លេង​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ​ដូច​បច្ចុប្បន្ននេះ​។​លោក​បាន​លើក ឡើង​ថា​“​យើង​ក៏​មិន​ភ្លេច​អតីត​បុគ្គលិក​និង​ថ្នាក់ដឹកនាំ​របស់​យើង​ទេ ទោះបីជា​ពួកគាត់​បាន​ចាក​ចេញពី​ហត្ថា​កសិករ​ហើយ ក៏ដោយ ក៏​ពួកគាត់​គឺជា​ចំណែក​មួយ​មិនអាច​បំភ្លេចបាន​ក្នុងការ​ក៏​សាង​ស្ថាប័ន​មួយ​នេះ​ឲ្យ​រីកចំរើន​ដូច​សព្វថ្ងៃ​”​។​


​ឧកញ៉ា​បានបង្ហាញ​ពី​សេចក្តី​នឹករលឹក និង​ចង់​ធ្វើការ​ជួបជុំ​ជាមួយ​អតីត​បុគ្គលិក និង​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​មិត្តភាព បង្កើន​ភាពស្និទ្ធស្នាល​និង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។​នេះ​ជា​សារ​មួយ​ដែល​បាន​បញ្ចាក់​យ៉ាងច្បាស់​ថា ហត្ថា​កសិករ តែងតែ​គិតដល់​បុគ្គលិក និង​រក្សា​ទំនាក់ទំនង​ល្អជា​និច្ច បើទោះបី​ពួកគាត់​បានចេញ​ទៅ​បម្រើ​ការងារ​នៅ​ទីកន្លែង ផ្សេងៗ​ក៏ដោយ​៕​សរន​