កិច្ច​ជំនួប​កំពូ​ល​អន្តរ​កូរ៉េ​កំណត់​ធ្វើ​ថ្ងៃទី​១៨​ខែកញ្ញា​

697
ចែករម្លែក

លោក ជុង អ៊ីយ យ៉ុង (Chung Eui-yong) ប្រមុខដឹកនាំការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៦ខែកញ្ញាថា កិច្ចជំនួបកំពូលអន្តរកូរ៉េលើកទី៣នឹងប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែកញ្ញានេះ។

លោក ជុង អ៊ីយ យ៉ុង ដែលបានវិលត្រឡប់មកពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ក្នុងនាមជាបេសកជនពិសេសរបស់លោក ម៉ូន ជែ អ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនោះ បាននិយាយថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរហើយថាការិយាល័យទំនាក់ទំនងនិងសម្របសម្រួលរួមគ្នា នឹងត្រូវបានបើកមុនពេលកិច្ចជំនួបកំពូលនេះ។

លោក ជុង អ៊ីយ យ៉ុង បាននិយាយថា ” កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានព្រមព្រៀងគ្នាដើម្បី រៀបចំកិច្ចជំនួបកំពូលអន្តរកូរ៉េ ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញានៅទីក្រុងព្យុងយ៉ាងនិង បានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាកម្រិតការងារនៅភូមិPanmunjom ជាប់ព្រំដែននៃប្រទេសទាំង២នេះនៅសប្តាហ៍ក្រោយ “។

លោក ជុង អ៊ីយ យ៉ុង បាននិយាយថា ” កិច្ចចរចាថ្នាក់ការងារនេះ នឹងដោះស្រាយនូវបញ្ហាសន្តិសុខ ទំនាក់ទំនងនិង សារព័ត៌មានដែលពាក់ព័ន្ធនឹងកិច្ចជំនួបកំពូលនេះ។លោក បានបន្តថា “កិច្ចជំនួបកំពូលនេះនឹងចាត់វិធានការនិងធ្វើការដោះស្រាយទៅតាមសេចក្តីសម្រេចនិងការណែនាំនៃសេចក្តីប្រកាស “ភូមិPanmunjom ” និងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីឈានដល់ការសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយកសាងសន្តិភាពអចិន្រ្តៃយ៍និងភាពរុងរឿងរួមគ្នានៃកូរ៉េទាំង២ “។

លោក ជុង អ៊ីយ យ៉ុង ក៏បាននិយាយផងដែរថា លោក គីម ជុង អ៊ុន បានសម្តែងនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនិង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕ដោយ៖សុខា/SN

លោក គីម ជុង អ៊ុន និង លោក ជុង អ៊ីយ យ៉ុងដើរជាមួយគ្នា នៅអំឡុងកិច្ចជំនួបនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ

#