កិច្ច​ពិភា​ក្សាពាណិជ្ជកម្ម​អាមេរិក​-​ចិន នឹង​បន្ត​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ខណៈ​ត្រាំ​ព្រលយ​អំពី​ការពន្យារពេល​កំណត់​

415
ចែករម្លែក
  • 22
    Shares

​សហរដ្ឋអាមេរិក​និង​ចិន​នឹង​បន្ត​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​វ៉ាស៊ីនតោន ខណៈពេល​កាន់តែ​ខើច​សំរាប់​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​គេ តែ​ប្រធានា​​ធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កុម្ភៈ​ថា លោក​អាច​ពន្យារពេល​ហួស​ថ្ងៃ​០១​មីនា​សំរាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​មួយ​។​

​ទាំង​ភាគី​អាមេរិក​និង​ចិន​សុទ្ធតែ​បាន​អះអាង​អំពី​ការរីកចំរើន​ចេញ​ពី​ការចរចា​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​។​

ថ្លែង​នៅ​សេត​វិមាន លោក​ត្រាំ​បាន​និយាយថា អាមេរិក​ជិត​សំរេចបាន​«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាក់ស្តែង​មួយ​»​ជាមួយ​ចិន​និង​បាន​និយាយថា លោក​នឹង​ត្រូវ​គេ​ផ្តល់​កិត្តិយស​​ដោយសារតែ​ការដកចេញ​ការ​វាយ​ពន្ធ​ពិន័យ បើ​មាន​កិច្ចព្រមព្រៀង​មួយ តែ​លោក​ថា កិច្ចពិភាក្សា «​ស្មុគស្មាញ​ណាស់​»​។​

​លេខា​ព័ត៌មាន​សេត​វិមាន សា​រ៉ា ស៊ែ​ន​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ នឹង​បន្ត​ធ្វើការ​លើ​បញ្ហា​សំខាន់ៗ​ទាំងអស់​មុន​កាល​កំណត់​ថ្ងៃ​១​មីនា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់​ថា ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ​គ្រោង​នឹង​ដំឡើង​ពី​១៥​ទៅ​២៥​ភាគរយ បើ​ការចរចា​មិន​សំរេច​បាន​កិច្ចព្រមព្រៀង​ណាមួយ​នៅត្រឹម​​ថ្ងៃ​០១​មីនា​ដើម្បី​ដោះស្រាយ​ការទាមទារ​របស់​អាមេរិក​អោយ​ចិន​ទប់ស្កាត់​ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ ការ​លួច​កម្មសិទ្ធិ​បញ្ហា​និង​អតុល្យភាព​ពាណិជ្ជកម្ម​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​លោក​នឹង​ពន្យារពេល​៦០​ថ្ងៃ​ទៀត​ហួស​ពី​កាលកំណត់​ខែក្រោយ​ដែរ​ទេ លោក​ត្រាំ​បាន​និយាយថា​«​អាចមាន​លទ្ធភាព​ដែល​ខ្ញុំ​ពន្យារពេល​។​តែ​បើ​ខ្ញុំ​ធ្វើ​រឿង​​ណឹង ទាល់តែ​ខ្ញុំ​មើលឃើញថា​វា​ជិត​នឹង​សំរេច​កិច្ចព្រមព្រៀង​មួយ ឬក៏​ថា កិច្ចព្រមព្រៀង​នោះ​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ត្រឹមត្រូវ​…»​។​

​លោក​ត្រាំ ក៏​បាន​និយាយថា លោក​ពិចារណា​នាំ​ពួក​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ រួមមាន​ប្រធាន​សភា និង​ព្រឹទ្ធសភា អោយ​ពិភាក្សាគ្នា​នៅ​ដំណាក់កាល​ចុង​ក្រោយ​ដើម្បី​បន្ថយ​​ជា​អតិបរមា​អំពី​ការជំទាស់​របស់​គេ​លើ​កិច្ចព្រមព្រៀង​នេះ​។​

​ក្នុងពេល​ជាមួយគ្នា កាលពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​ចិន​បាន​និយាយថា ចិន​និង​អាមេរិក​បាន​ឈាន​ដល់​«​ការស្រុះស្រួល​មតិ​គ្នា​ជាគោលការណ៍​»​លើ​បញ្ហា ​គន្លឹះ​ខ្លះ និង​ថា​គេ​បាន​ពិភាក្សា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​អំពី​ពាណិជ្ជកម្ម​និង​បញ្ហា​សេដ្ឋកិច្ច​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ដដែល​បាន​និយាយថា ក្រោយ​កិច្ច​ពិភាក្សា​គ្នា​អស់​១​សប្តាហ៍ តំណាង​អាមេរិក​រួមមាន​លោក​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក ស្ទេ​វិន ម្នូ​ជីន បាន​ចូល​ជួប​ប្រធានា​​ធិបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ និង​ក្រោយ​ជំនួប លោក​ម្នូ​ជីន បាន​និយាយថា​លោក​និង​លោក​ឡាយ​ធី​ហ្ស៊ឺ ដែល​ជា​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​មាន​ជំនួប​ដ៏​ស្ថាបនា​​ជាមួយ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ស៊ី គឺ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ​។​

​លោក​បាន​បន្ថែមថា ចិន​មាន​បំណង​ចាត់វិធានការ​សហការ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ចំណែក​លោក​ឡាយ​ធី​ហ្ស៊ឺ បាន​ប្រាប់ លោក​ស៊ី​ថា ពួក​លោក​បាន​មាន​កិច្ចពិភាក្សា​២​ថ្ងៃ​ល្អ​ណាស់​និង​បាន​ធ្វើអោយ​មាន​ការរីក​ចំរើន​លើ​បញ្ហា​សំខាន់​និង​ពិបាកៗ​។​«​យើង​មាន​ការ​​ងារ​ត្រូវ​ពិភាក្សា​បន្ថែម តែ​យើង​សង្ឃឹម​»៕​ដោយៈ​វាសនា​

ប្រធានាធិបតី​ចិន ទទួល​ជួប​តំណាង​ចរចា​អាមេរិក និង​ប្រតិភូ​នៃ​ភាគី​ទាំង​ពីរ​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​១៥​កុម្ភៈ​