កិច្ច​អន្តរាគមន៍​សង្គ្រោះ​ការលិចលង់​នៅ​ខេត្តកំពង់ស្ពឺ​

1173
ចែករម្លែក
  • 15
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ដើម្បី​បញ្ជៀ​ស​នូវ​ការប៉ះពាល់​ទៅលើ​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ២០១៨ លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជា​ឱ្យ​កាត់ផ្តាច់​ភ្លឺ​ទំនប់​ដើម​ក្រឡាញ់ ស្ថិតនៅក្នុង​ឃុំ​សឹង្ហ ស្រុក​សំរោង ដើម្បី​ដោះ​ទឹក​បញ្ចូល​ទៅក្នុង​ទំនប់​ត្នោត​ទេរ ស្ថិតក្នុង​ឃុំ​ទ្រា ស្រុក​​សំរោង ខេត្តតាកែវ ។​នេះ​បើ​យោងតាម​ប្រភព​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​កក្កដា​នេះ​។​

លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជា​ឱ្យ​កាត់ផ្តាច់​ភ្លឺ​ទំនប់​ដើម​ក្រឡាញ់ ស្ថិតនៅក្នុង​ឃុំ​សឹង្ហ ស្រុក​សំរោង ដើម្បី​ដោះ​ទឹក​បញ្ចូល​ទៅក្នុង​ទំនប់​ត្នោត​ទេរ ស្ថិតក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ (រូបក្រសួងធនធានទឹក)

​ប្រភព​ដដែល​បន្តថា​ប​ន្ទា​ប់​ពី​ទទួលបាន​បទបញ្ជា​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម គ្រឿង​ចក្រ ឧបករណ៍ និង​សម្ភារៈ​គ្រប់​ប្រភេទ ត្រូវបាន​បញ្ជូន​ទៅកាន់​គ្រប់​គោលដៅ​សំខាន់ៗ​ដើម្បី​អន្តរាគមន៍​ទប់ទល់​នឹង គ្រោះទឹកជំនន់​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ។ កិច្ច​អន្តរាគមន៍​នេះ​កំពុង​ធ្វើឡើង​ទាំងយប់ ទាំង​ថ្ងៃ​ពី​សំណាក់​ក្រុមការងារ​គ្រប់មុខ​ព្រួញ​ទាំងអស់​របស់​ក្រសួង​ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់ ក៏ដូចជា​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ។​

​ប្រភព​បញ្ជាក់ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​លើ​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​រួចមក លោក​រដ្ឋមន្ត្រី លឹម គានហោ បានធ្វើ​ការណែនាំ​ដល់​ក្រុមមន្ត្រី​បច្ចេកទេស​នូវ​ភារកិច្ច​មួយចំនួន​។​ក្នុងនោះ​១- ក្រុម​ទី ១ ត្រូវ​ប្រចាំការ​តាមដាន​លើ​ស្ថានភាព​ទឹកជំនន់ និង​របាយ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច ។​២- ក្រុមទី ២ ត្រូវ​ប្រចាំការ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​ហើយ​ត្រូវ​បន្ត​បើកទ្វារ​ទាំងអស់​ទម្លាក់​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ទាប ដើម្បី​ស្រូបយក​ទឹកជំនន់​ពី​ស្ទឹង​ស្រែខ្លុង​បាន​លឿន ។​៣- ក្រុមទី ៣ ដែល​កំពុង​ប្រចាំការ​នៅ​ទំនប់ ៧ មករា ( កំពង់ទួល ) ត្រូវ​បន្ត​រំដោះ​ទឹក​ចេញ​បន្ថែម ដើម្បី​កុំ​ឲ្យ​ចាល់​នឹង​ទឹក​ដែល​ទម្លាក់​ពី​កំពង់ស្ពឺ​ទៅ ហើយ​ពេល​ទឹក​ពី​កំពង់ស្ពឺ​ទៅដល់​កំពង់ទួល ក្រុមការងារ​ត្រូវ​ចាត់ចែង​បែងចែក​ទឹក​នេះ​ជា​ពីរ ផ្នែក គឺ​មួយផ្នែក​ត្រូវ​បង្វែរ​ចូល​ទៅ​ទន្លេបាទី តាមរយៈ​ប្រឡាយ​លេខ ៧៨ និង​តាមរយៈ​ស្ទឹងតូច ឯ​មួយផ្នែក​ទៀត ត្រូវ​ទម្លាក់​តាម​ព្រែក​ហូរ ចូល​ទៅ​ទន្លេបាសាក់ ។​៤- ក្រុមទី ៤ និង​ក្រុមទី ៥ ត្រូវ​ប្រចាំការ តាមដាន​ស្ថានភាព​ទឹក និង​របាយ​ទឹកភ្លៀង នៅ​ស្ទឹង​តា​សាល ស្ទឹង​ឃ្លៀច និង​ស្ទឹង អូរ​តូចៗ​មួយចំនួនទៀត​ដែល​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត ។​៥-ក្រុមទី ៦ (​ក្រុម​គ្រឿង​​ចក្រ​ធុន​ធ្ងន់​) ត្រូវ​ត្រៀមលក្ខណៈ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បី​អន្តរាគមន៍​ក្នុងករណី​ចាំបាច់ ក៏ដូចជា​ត្រៀម​ជួសជុល​ឡើងវិញ​ជាបន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដែល​អាច​រង​ការខូចខាត​ដោយ​ទឹកជំនន់ ៕​សរន​

សកម្មភាពមន្រ្តីធនធានទឹកនៅខេត្តកំពង់ស្ពឺ(រូបក្រសួងធនធានទឹក)