កិត្តិ​នីតិកោសល​បណ្ឌិត​ប៉ែន​បញ្ញា​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​តុលាការខេត្ត​មណ្ឌលគិរី​ខិតខំ​បម្រើ​ពលរដ្ឋ​ឱ្យបាន​សកម្ម​ថែមទៀត​

235
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ចុះ​បំពេញបេសកកម្ម​ការងា​រ​នៅ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​មណ្ឌលគិរី​។​តុលាការខេត្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​ឆ្លើយតប​ចំពោះ​ការផ្ដល់​ទំនុកចិត្ត​របស់​ពួកគាត់​មកលើ​រាជរដ្ឋាភិបាល នៃ​រដ្ឋសភា​នីតិកាល​ទី​៦​។​

​កិត្តិ​នីតិកោសល​បណ្ឌិត​ប៉ែន​បញ្ញា​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ញ៉​ន​សិទ្ធ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​និង​លោក​ម៉ែន​ង៉ុ​យ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​ទៀង​សុថា​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​និង​លោក​លោកស្រី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​នេះ​។​

​លោក​កិត្តិ​នីតិកោសល​បណ្ឌិត បាន​ជម្រាបជូន​អាជ្ញាធរខេត្ត អំពី​បរិបទ​សកលភាវូបនីយកម្ម និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់​វិស័យ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ស្ថិរភាព​សន្តិសុខ​សង្គម​និង​លើកកម្ពស់​គុណភាព​ការផ្តល់សេវា​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​ទទួលបាន​ការពេញចិត្ត​ពី​ប្រជាពលរដ្ឋ​។​

លោក​ប្រធាន​គណៈប្រតិភូ​បាន​បន្ថែមថា​ជាង​៥​អាណត្តិ​មកនេះ រដ្ឋសភា​បានអនុម័ត​ច្បាប់​ជាច្រើន មាន​ទាំង​ច្បាប់​វិនិយោគ​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ជាតិ​។ រីឯ​វិស័យ​តុលាការ​វិញ​មាន​ជាអាទិ៍ ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា​និង​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ទាំងអស់នេះ​ជា​មធ្យោបាយ និង​យន្តការ​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ឯករាជ្យភាព​និង​លទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​តួនាទី​របស់ខ្លួន​ធានា​យុត្តិធម៌​សង្គម ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​លោក​ញ៉​ន​សិទ្ធ​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​មានប្រសាសន៍​ជម្រាបជូន​ពី​សមិទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត​បាន​អនុវត្ត​កន្លងមក​។​ទាក់ទិន​នឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាជ្ញាធរខេត្ត​បាន​ខិតខំ​ពុះពារ​ជំនះបាន​នូវ​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ក្នុង​ឆ្នាំកន្លងមក​និង​បានធ្វើឱ្យ​ខេត្តមណ្ឌលគិរី​បោះជំហាន​ទៅមុខ​យ៉ាង​ក្លៀវក្លា​និង​រឹងមាំ​ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង លើ​គ្រប់​វិស័យ​។

​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល ទទួលបាន​ផល​ពី​ការអភិវឌ្ឍ មាន​ជីវភាព​ធូរធារ សម្បូរ​សប្បាយ រស់នៅក្នុង​សុខ សន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​ចំណែក លោក ទៀង សុថា ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍ថា​ជាគោលការណ៍​មន្ត្រី​យុត្តិធម៌​តែងតែ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​តាម​ច្បាប់​។ នៅ​ខេត្ត​នេះ វិស័យ​តុលាការ​បាន​កំពុង​ជួប​ផល​លំបាក ក្នុងការ​អនុវត្ត​ច្បាប់

ទាក់ទង​នឹង​ការការពារ​ធនធានធម្មជាតិ និង​ករណី ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ដោយ​ពលរដ្ឋ​មួយចំនួន​ពុំទាន់​មាន​ប័ណ្ណកម្មសិទ្ធិ ដែល​ជាការ​ស្មុគស្មាញ ដល់​គោលការណ៍​អភិវឌ្ឍន៍ សេដ្ឋកិច្ច​ពិសេស​ករណី​ដី​សម្បទាន​របស់​រាជរ​ដ្ឋា​ភិ​បាល​។​តែ​ទោះយ៉ាងណា​ការដោះស្រាយ​ករណី​ទំនាស់​ទាំងអស់ គឺ​រដ្ឋបាលខេត្ត និង​មន្ត្រី​តុលាការ អនុវត្ត​ទៅតាម​នីតិវិធី​និង​គោល​ការ​ច្បាប់​ជា​ធរមាន​។​

​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន​បញ្ញា បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​បំពេញការងារ​ពិសេស​ខេត្ត​មួយ​នេះ​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​កៅស៊ូ​និង​ដំឡូង​ជាដើម​ដែល​វិស័យ​ទាំងនេះ​បាន​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​កាន់តែ​ប្រសើរ​។​

​លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ខិតខំ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់​ធ្វើយ៉ាងណា​ឱ្យអំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​ធានា​រក្សា​នូវ​ភាពមិនលម្អៀង​និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់​។​លោក​ប្រធាន​គណៈកម្មការ​បានស្នើ​ថា​រាល់​បញ្ហា​ទំនាស់​ដែល​កើតមាន​សូម​ឲ្យ​មានការ​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ស្របតាម​ច្បាប់​ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពសុខដុមរមនា​នឹង​គ្នា​។​

លោក​កិត្តិ​នីតិកោសល​បណ្ឌិត​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​តុលាការ​សូម​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​និង​មាន​តម្លាភាព​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ទាំងមូល​ដើម្បី​រក្សាបាន​នូវ​គោលការណ៍​នីតិរដ្ឋ​៕S/

​លោក​ប្រធាន​គណៈប្រតិភូ​បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ក្នុងការ​អនុវត្ត​ច្បាប់​និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែលជា​កក្តា​មួយ ដ៏​សំខាន់ ដែល​អាជ្ញាធរខេត្ត​មិនគួរ​មើលរំលង​នោះទេ​។ ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​នឹង​ជួយ​សម្រាល​ដល់​តុលាការ​និង​មិន​ធ្វើ​ឲ្យ​សំណុំរឿង​កកស្ទះ​នៅ​តុលាការ​។​

​ចំណងជើង​រូបថត​៖​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា ជួបពិភាក្សា​ការងារ​ជាមួយ ថ្នាកដឹកនាំ​ខេត្តមណ្ឌលគិរី