កីឡដ្ឋាន​ត្រៀម​វើ​ល​ខាប់​របស់​កាតា រហស្សនាម “​កីឡដ្ឋាន​យោនី​” ចាប់ផ្តើម​លេច​រូបរាង​

1020
ចែករម្លែក

​កីឡដ្ឋាន​មួយ​ក្នុងចំណោម​កីឡដ្ឋាន​ថ្មី​ដែល​កំពុង​សាងសង់​ជាច្រើន​កន្លែង​សម្រាប់​ការប្រកួត​វើ​ល​ខាប់​ឆ្នាំ ២០២២ នៅ​កាតា រហស្សនាម​ថា “​កីឡដ្ឋាន​យោនី​” កំពុង​ចាប់ផ្តើម​លេច​រូបរាង​បណ្តើរៗ​ហើយ នៅ​មុនពេល​ការសាងសង់​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំក្រោយ​។​

​ការស្ថាបនា​កីឡដ្ឋាន​ដែលមាន​កៅអី​ចំណុះ ៤០.០០០ នៅក្នុង​ទីក្រុង​កំពង់ផែ អាល់​វ៉ា​ក្រា (Al-Wakrah) នឹង​សង់​ចប់​រួចរាល់​នៅ​ឆ្នាំ ២០១៩ ពោលគឺ​រួចរាល់ ៣ ឆ្នាំមុន​ការចាប់ផ្តើម​នៃ​ការប្រកួត​វើ​ល​ខាប់​។​

​វា​នឹង​ក្លាយជា​រចនា​ប្ម័​ទ​ចុងក្រោយ​បំផុត​របស់​ស្ថាបត្យករ​ជនជាតិ​អង់គ្លេស លោកស្រី ដេ​ម ហ្សា​ហា ដែល​ស្លាប់​ភ្លាមៗ​ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ឆ្នាំ ២០១៦ នៅ​អាយុ ៦៥ ឆ្នាំ​។​

​ស្នាដៃ​ផ្សេងទៀត​របស់លោក​ស្រី​រួមមាន​មណ្ឌល​ហែល​ទឹក​នៅ​កីឡា​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២ សារមន្ទីរ MAXXI នៅ​អ៊ីតាលី និង​រោងកុន​អូ​ប៉េ​រ៉ា​ក្វាង​ចូ​វ​ក្នុងប្រទេស​ចិន​។​

​នៅពេល​ម៉ូត​របស់​កីឡដ្ឋាន Al-Wakrah ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៣ គេ​និយាយថា​ម៉ូត​នេះ​ត្រូវបាន​បំផុសគំនិត​ដោយ​រូបរាង​ទូកក្ដោង​ប្រពៃណី​អារ៉ាប់​មួយ ទុក​សម្រាប់​មុជទឹក​យក​ពែ​ក្ស​និង​នេសាទ​ត្រី​។​

​ប៉ុន្តែ​រូបភាព​ទាំង​នោះបាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត ជាមួយ​មនុស្ស​ជាច្រើន​និយាយថា កីឡដ្ឋាន​នេះ​មើលទៅ​ដូចជា​ផ្នែក​ឯកជន​របស់​ស្ត្រី​៕ ដោយ៖ កញ្ញាដាលីស

#