ដោយ: មូលសម្បត្តិ / ភ្នំពេញ: កីឡាករការ៉ាតេដូ សូតូកង់ជាង៣០០នាក់ ត្រូវជា២១ក្លឹបដែលមកពីសាលាបច្ចេកទេសការ៉ាតេដូ សូតូកង់កម្ពុជា ភាគច្រើនជាកុមារអាយុក្រោម១៨ឆ្នាំ បានមកហាត់ហ្វឹកហ្វឺនប្រកួតជាមិត្តភាព បញ្ចេញក្បាច់បច្ចេកទេស បង្កើនសមត្ថភាពឲ្យខ្លាំងថែមទៀត សម្រាប់គុណភាពឆ្នាំ២០១៨។
លោក សុក ស៊ីផាន់ណា នាយកសាលាបច្ចេកទេសការ៉ាតេដូ សូតូកង់កម្ពុជាមានប្រសាសន៍ក្នុងពិធីបង្ហាញក្បាច់ថ្ងៃទី២២ខែកញ្ញា នៅសាលាភូមិន្ទភ្នំពេញថា កម្មវិធីលើកនេះ គឺប្អូនៗកីឡាករទាំងអស់ ត្រូវប្រកួតប្រជែងយកមេដាយ ហើយត្រូវគិតថា បង្ហាញក្បាច់អីល្អសំរាប់ចុងឆ្នាំ ដើម្បីបង្ហាញបច្ចេកទេសវិញ។ យើងត្រូវជំរុញខ្លួនឯង ខំប្រឹងជឿជាក់លើខ្លួនឯង ហើយសង្ឃឹមថា ៤ឆ្នាំទៀតយើងដល់វេនធ្វើម្ចាស់ផ្ទះ។ ដូច្នេះក្មួយៗមានពេល៤ឆ្នាំទៀត ដើម្បីប្រឹងយកឈ្នះ។ បើមិនឈ្នះក៏បានឡើងរិញដែរ។ ឥឡូវយើងសំឡឹងឃើញកីឡាករខ្មែរយើងបានទទួលមេដាយមាស ប្រាក់ សំរិទ្ធជាបណ្តើរៗ។ នេះជាឱកាសមកដល់របស់យើងគ្រប់ៗហើយ។
គ្រូៗប្រដាល់ដែលបានចូលរួម ប្រាប់ឲ្យដឹងថា សាលាបច្ចេកទេសការ៉ាតេដូ សូតូកង់នេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩មកម្ល៉េះ មានសិស្សជាច្រើនចេញពីសាលានេះ ក្លាយទៅជាគ្រូប្រដាល់ឡើងខ្សែក្រវាត់ខ្មៅអស់ហើយ។ សិស្សរៀនការ៉ាតេមានចាប់ពីខ្សែរក្រវ៉ាត់ស លឿង ទឹកក្រូច បៃតង ខៀវ ត្នោតរហូតដល់ខ្សែក្រវ៉ាត់ខ្មៅ និងខ្សែក្រវ៉ាត់ដាន់៕ ល