កីឡាករ​កីឡាការិនី​បរទេស​សម្ដែង​ការពេញចិត្ត​ចំពោះ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥

609

ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​ដែល​កម្ពុជា​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ ឆ្នាំ​២០១៨ នៅ​អង្គរវត្ត នា​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ សុទ្ធតែ​បាន​សម្ដែង​ការពេញចិត្ត​ជាខ្លាំង ដោយ​ពួកគាត់​បាន​អ​អះអាងថា កម្ពុ​ជាមាន​សុខសន្តិភាព មាន​សេចក្តីសុខ​សប្បាយ និង មានការ​អភិវឌ្ឍន៍ ។​

​លោកស្រី Jenny ជនជាតិ​សិង្ហ​បុរី បាន​និយាយថា លោកស្រី​ពេញចិត្ត​ណាស់​ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ព្រោះ​កា​រៀបចំ​នេះ បាន​ស្ថិត​លើ​ទីតាំង​មួយ​ដ៏​អស្ចារ្យ​របស់​កម្ពុជា ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ពិសេស​គឺ​សុខសន្ដិភាព​របស់​កម្ពុ​ជា​តែម្ដង ហើយ​លោកស្រី​គិតថា ប្រទេស​កម្ពុជា ទោះបី​មុន ឬ​ក្រោយ​បោះឆ្នោត ក៏មាន​សុខសន្ដិភាព សុវត្ថិភាព​ដែរ អញ្ចឹង​ហើយ ទើប​លោកស្រី​បានមក​ចូលរួម ពិសេស​គឺ​លោកស្រី​ចង់​ថតរូប​ស្អាតៗ​ពេល​រត់ ដោយ​មិន​ផ្ដោត​តែ​លើ​លទ្ធផល​ឈ្នះ ឬ​ចាញ់​នោះទេ​។​

​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ទៀត ក្នុង​វ័យ​ប្រមាណ​៤០​ឆ្នាំ​ប្លាយ បាន​សម្ដែង​ការសប្បាយ​ចិត្តខ្លាំង​ណាស់​ដែល ព្រោះ​លោក​បាន​ចូលរួម​ជា​លើក​ទី​២ ខណៈដែល​រូបលោក​បាន​ចុះឈ្មោះ​តាំងពី ៦​ខែ​មុន​មក​ម្លេះ ព្រោះ​ខ្ញុំ​អត់​ខ្វល់​រឿង​បោះឆ្នោត ឬ​ស្ថានភាព​នយោបាយ​អី​ទេ ដោយសារ​ខ្ញុំ​ឃើញ​កម្ពុជា មាន​សន្ដិភាព​ពេញលេញ ហើយ​លោក​ក៏បាន​ត្រៀម​ចិ​ត្ដ​ត្រៀម​កាយ​ចូលរួម​ជាស្រេច ដោយ​មិន​ខ្វល់​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​ឡើយ ព្រោះថា លោក​សប្បាយចិត្ត លោក​មកជា​លក្ខណៈ​គ្រួសារ ហើយ​បាន​មើលឃើញ​ភាព​រីកចម្រើន និង​ភាពសប្បាយ​រីករាយ​នៅ​កម្ពុជា ។​

​សូមបញ្ជាក់ថា គោលបំណង​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​រដូវភ្លៀង​ធ្លាក់ ដែលជា​រដូវ​ភ្ញៀវទេសចរ​ធ្លាក់ចុះ និង​ជួយ​ដល់​ផលិករ​ទេសចរ បាន​រក្សា​នូវ​ចំណូល​ប្រចាំថ្ងៃ ពិសេស គឺ​ការរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ដោយ​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​សប្បុរសធម៌​មួយចំនួន​ផងដែរ​៕ ល​