កីឡាករ​គុន​ដាវ ឃីម សា​មាន មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​ជើងឯក​ពិភពលោក នៅ​អាល្លឺម៉ង់​

941
ចែករម្លែក

(​ភ្នំពេញ​)៖​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បានផ្តល់​ដំណឹង​ឱ្យដឹងថា កម្ពុ​ជាមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក នៅ ក្រុង Leipzig ប្រទេស​អាល្លឺម៉ង់ ដោយ​កីឡាករ ឃីម សា​មាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​រក​ចំណាត់ថ្នាក់​។

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​មានប្រសាសន៍​នា ថា ការហ្វឹកហាត់​បោះជំរុំ​នេះ​គឺ​ទទួល​បានការ​ឧ​ប​ត្ត​ម្ភ​ពី សហព័ន្ធ​កីឡា​គុន​ដាវ​អន្ដរជាតិ ដែលជា​ការហ្វឹកហាត់​ត្រៀមខ្លួន ចូលរួម​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ពិភពលោក ពីថ្ងៃ​ទី ១៩ ដល់​ថ្ងៃទី ២៦​ខែកក្កដា ២០១៧ ។ នេះ​មិន​ត្រឹមតែ​ជាការ​ប្រកួត​កម្ដៅ​សាច់ដុំ ត្រៀម​ស៊ី​ហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ខែក្រោយ​នេះ ប៉ុណ្ណោះ​ទេ វា​ក៏​ជាការ​ប្រកួត​ដ៍​ធំ​មួយ ដែល​យើង ត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់ ឬ​រក្សា​ចំណាត់ថ្នាក់ ក្នុង​តារាង​ពិភពលោក​ដើម្បី​បាន​សិទ្ធិ ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ ២០២០​ផងដែរ​។

​លោក​បន្តថា “​វា​ជាការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់ ដើម្បី​ចូលរួម​អូឡាំពិក​និង​រក្សា ចំណាត់ថ្នាក់​ព្រោះ​សហព័ន្ធ​អន្ដរជាតិ បាន​បង្កើត ចំណាត់ថ្នាក់​ផ្លូវការ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​គេហទំព័រ​របស់គេ​ជាគោលការណ៍​អ្នក​ដែល​អាច​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​បាន​លុះត្រាតែ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ដែល​គេ​បានកំណត់​”​។

​នា​ឆ្នាំ​អូឡាំពិក ២០២០ គេ​នឹង​ផ្ដល់ឱកាស​ម្ដងទៀត​សម្រាប់​អ្នក​ដែល​មិន​ជាប់ ទៅ​ប្រកួត​ដណ្ដើម​សិទ្ធិ ដោយ​ចំនួន​នៃ​ការចូលរួម​នឹងត្រូវ ផ្លាស់ប្ដូរ​តាម​ឆ្នាំ​ដូចជា​ឆ្នាំ​២០១២​និង​២០១៦​ចំនួន​កីឡាករ​-​ការិនី​គុន​ដាវ​ដែល​អាច​ចូលរួម​អូឡាំពិក​បាន​សរុប​មានតែ​២១២​នាក់​តែប៉ុណ្ណោះ​ប្រុស ១០២ ស្រី​១០២ ម្ចាស់ផ្ទះ​៨​នាក់​។​

​លោក​បាន​បញ្ជាក់ថា តាម​តារាង​ចំណាត់ថ្នាក់​របស់​ពិភពលោក ក្នុង​ដើម​ឆ្នាំនេះ គឹ​កីឡាករ ឃឹម សា​មាន នៅ​ឈរ​ក្នុង លេខ​រៀង​ទី​៦៤៧ ដូច្នេះ​ជា​គោលដៅ​របស់​ពួកយើង​គឺត្រូវធ្វើ​ឱ្យបាន​ល្អ​ជាង​នេះ ដោយ​យើង​ចង់បាន​លេខ​រៀង​នេះ​មក​ត្រឹម​ចន្លោះ​ពី ១៥០ ដល់ ៣០០​នេះ​ជា​គោលដៅ​ទីមួយ ។​

​គោលដៅ​ទី​២ សម្រាប់​ការចូលរួម​លើក​នេះ យើង​ចង់ឃើញ​ពី​ភាពប្រែប្រួល ឬ​ការរីកចំរើន​របស់​កីឡាករ​រូបនេះ​ដើម្បី​កែប្រែ​កម្មវិធី​ហ្វឹក​​ហាត់​ចុងក្រោយ​សម្រាប់​មុន​ការប្រកួត​ស៊ី​ហ្គេម​។​

​គោលដៅ​ទី​៣ យើង​នឹងសិក្សា​អំពី​ការរៀបចំ​ខ្លួន​របស់​កីឡាករ​រូបនេះ​និង​ការត្រៀម​ហ្វឹកហាត់​សម្រាប់​ក្ដី​សុ​បិ​ន្ដ​របស់​សហព័ន្ធ​កីឡា​គុន​​ដាវ​កម្ពុជា គឺ​ការចូលរួម​កីឡា​អូឡាំពិក​២០២០​យ៉ាង​អន់​ណាស់​ក៏​យើង​សង្ឃឹមថា​ពួកយើង​នឹង​ទទួលបាន​សិទ្ធិ​ចូលរួម​ផ្លូវការ​ព្រោះ​​សម្រាប់​គុន​ដាវ គ្មាន​សិទ្ធិ​ពិសេស ឬ​ភាសា​អង់គ្លេស​ហៅថា WildCard សម្រាប់​ចូលរួម​អូឡាំពិក​ហ្គេម​។ ​បច្ចុប្បន្ន​យើង​មិនទាន់​អាចសន្និដ្ឋាន​បានទេ ព្រោះនេះ​ជា ក្នុងដំណាក់កាល​ត្រៀម តែ​ទោះបីយ៉ាងណា យើង​នៅមាន​សង្ឃឹម​ក្នុង​ការទទួល​​សិទ្ធិ​ទៅ​ប្រកួត​នៅ​អូឡាំពិក​ឆ្នាំ ២០២០៕

កីឡាករ ឃីម សា​មាន

​ដោយ បូ​រិ​ន

#