កីឡាករ​បាល់ទាត់​កូ​ឡុំ​ប៊ី ជាប់​បម្រាម​តែ ៥ ប្រកួត​ប៉ុណ្ណោះ​ចំពោះ​កាយវិការ​រើសអើង​ជាតិ​សាសន៍​

705

​ខ្សែបម្រើ​ដ៏​ចម្រូងចម្រាស់​របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ឈ្មោះ អេ​ដ​វីន ខា​ដូ​ណា (Edwin Cardona) បាន​ជាប់​បម្រាម​ចំនួន ៥ ប្រកួត ជាការ​ដាក់ពិន័យ​ចំពោះ​កាយវិការ “​ភ្នែក​តឹង​” ដែល​គាត់​បានធ្វើ​អំឡុង​ការប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​កាលពីដើម​ខែវិច្ឆិកា​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី ១៩ ធ្នូ​បានឱ្យដឹងថា ក្រៅពី​បម្រាម ៥ ប្រកួត កីឡាករ​ខា​ដូ​ណា​ក៏ត្រូវ​បង់ប្រាក់​ផាកពិន័យ​ចំនួន ២០.២០១ ដុល្លារ​អាមេរិក​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយទៀតថា “​កីឡាករ​កូ​ឡុំ​ប៊ី អេ​ដ​វីន ខា​ដូ​ណា ត្រូវបាន​ដាក់ទណ្ឌកម្ម​សម្រាប់​ការធ្វើ​កាយវិការ​រើសអើង​ចំពោះ​គូប្រកួត​ក្នុងអំឡុងពេល​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​កូរ៉េ​និង​ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា​ឆ្នាំ ២០១៧”​។​

​ខា​ដូ​ណា ដែល​លេង​ឱ្យ​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីន Boca Juniors ដែរនោះ បានធ្វើ​កាយវិការ​រើសអើង​ជាតិ​សាសន៍​ដើម្បី​ចម្អក​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្នុងអំឡុង​ការប្រកួត​មិត្តភាព​កាលពី​ខែ​មុន​នៅពេល​កូរ៉េខាងត្បូង​ឈ្នះ ២-១ ។ រូបគេ​រំពឹង​វិលត្រឡប់​មកវិញ​ពី​ការផ្អាក នៅ​មុនពេល​ការប្រកួត​បាល់ទាត់​ពិភពលោក ២០១៨ នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ខែមិថុនា​។ នេះ​បើតាម​វេ​ប​សាយ Channel NewsAsia​។​

​ពោល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ កីឡាករ​អាយុ ២៥ ឆ្នាំ​រូបនេះ​បាន​ចូលទៅ​ធ្វី​ត​ធើ​ដើម្បី​សុំទោស​ចំពោះ​កាយវិការ​រើសអើង​ជាតិ​សាសន៍​នេះ​។

​រូបគេ​បាន​បង្ហោះ​វីដេអូ​លើ​ធ្វី​ត​ធើ​របស់​ជម្រើសជាតិ​កូ​ឡុំ​ប៊ីយ៉ា​ង​ដូច្នេះ “​ខ្ញុំ​មិនមាន​បំណង​មើលងាយ​នរណាម្នាក់ ប្រទេស​ណាមួយ ឬ ជាតិ​សាសន៍​ណាមួយ​ទេ ប៉ុន្តែ​ប្រសិនបើ​នរណាម្នាក់​មាន​អារម្មណ៍​ថា​រង​ការប្រមាថ ឬ បកស្រាយ​កាយវិការ​នេះ​តាម​របៀបនេះ ឱ្យ​ខ្ញុំ​សុំទោស​ផង​”៕ ដោយ៖ កញ្ញាដាលីស

អេ​ដ​វីន ខា​ដូ​ណា ជាប់​បម្រាម​តែ ៥ ប្រកួត​ប៉ុណ្ណោះ ពីបទ​រើសអើង​ជាតិ​សាសន៍