ទាហានថៃ ពួលអ្នកស្ម័គ្រចិត្តនិងសមាជិកកងទ័ពជើងទឹករួមទាំងក្រុមអ្នកមុជទឹកបានធ្វើការទាំងយប់ដើម្បីព្យាយាមស្វែងរកកីឡាករបាល់ទាត់វ័យក្មេងមួយក្រុមដែលជាប់នៅក្នុងរូងភ្នំមួយ ខណៈដែលការស្វែងរកបានឈានចូលថ្ងៃទី៤ គិតត្រឹមថ្ងៃពុធ ទី២៧ មិថុនានេះ។
ក្រុមអ្នកជួយសង្គ្រោះបានប្តូរវេនគ្នាបូមទឹកចេញពីក្នុងរូងភ្នំ ចំពេលកំពុងមានអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ខ្លាំងអំឡុងពេលរាត្រី ដែលបណ្តាលឱ្យកម្ពស់ទឹកកើនឡើងនៅក្នុងរូងភ្នំថាំហ្លួង (Tham Luang) នៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសនេះ។
លោកវរសេនីយ៍ត្រី ប៊ុនឆា ទូរីយ៉ាផន មេបញ្ជាការយោធាភូមិភាគ ៣៧ នៅខេត្តឈៀងរ៉ៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “កាលពីយប់មិញ យើងបានធ្វើការមិនឈប់នោះឡើយដើម្បីបង្ហូរទឹកចេញពីរូងភ្នំតាមដែលអាចធ្វើទៅបាន” ។
ក្មេងប្រុសអាយុពី ១១ ទៅ ១៦ ឆ្នាំនិងជំនួយការគ្រូបង្វឹកវ័យ ២៥ ឆ្នាំរបស់ពួកគេបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការហ្វឹកហាត់បាល់ទាត់។
សារផ្តោះផ្តងគ្នារវាងសមាជិកក្រុមបានបង្ហាញថា ពួកគេមានគម្រោងរុករកក្នុងរូងភ្នំនេះ ហើយបានយកពិលនិងអាហារមួយចំនួនទៅជាមួយ។
លោកណុបផារ៉ាត់ កាន់តាវង់ គ្រូបង្គោលរបស់ក្រុម ដែលមិនបានចូលរួមការហ្វឹកហាត់កាលពីថ្ងៃសៅរ៍ បាននិយាយថា គាត់ជឿថា កីឡាករទាំងនោះនៅមានជីវិតនៅឡើយទេ ដោយបន្ថែមថា សារផ្តោះផ្តងក្នុងគ្រុបឆាត បានបង្ហាញថា ក្មេងប្រុសទាំងនោះបានយកពិល និងអាហារមួយចំនួនជាមួយពួកគេចូលទៅក្នុងរូងភ្នំ។
ឧបនាយករដ្ឋមន្ត្រី វង់សុវ៉ាន់ ប្រាប់អ្នកកាសែតក្នុងក្រុងបាងកកនៅថ្ងៃពុធនេះថា មេទ័ពរបស់ប្រទេសនេះនឹងធ្វើដំណើរទៅកាន់តំបន់នេះ៕ ដោយ៖ កញ្ញាដាលីស