កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​ពីររូប ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់​នៅ​ថៃ​

1673
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា​ដែលមាន​ទេពកោសល្យ​ពីររូប​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់ MILO Camp រយៈពេល​បួន​ថ្ងៃ​។​ពួកគាត់​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ដោយ​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ និង​មកពី​ក្លឹប​អេ​ស្ប៉ា​ញ​FC Barcelona ដែ​លេ​ជា​ក្លឹប​បាល់ទាត់​មួយ​មានការ​ប្តេជ្ញាចិត្ត ចូលរួម​អភិវឌ្ឍ​យុវជន តាមរយៈ វិស័យ​កីឡា​។​

​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា ពីររូប បាន​ត្រូវ​ជ្រើសរើស​ឱ្យចូល​រួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់ មី​ឡូ​ខេ​ម នៅ​ថៃ​

​ផ្តើមចេញពី​ការបង្កើត​ភាពជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ការ​បោះជំរំ​ហ្វឹកហាត់​នេះ គឺជា​ឱកាស​ថ្មី​និង​វិសេសវិសាល​មួយទៀត​សម្រាប់​កីឡាករ​វ័យក្មេង​ចំនួន​៥២​នាក់ ដើម្បី​មានឱកាស​បាន​រៀនសូត្រ​ពី​គ្រូបង្វឹក​ក្លឹប Barcelona លំដាប់ថ្នាក់​ពិភពលោក ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅឯ​កម្មវិធី​បោះជំរំ MILO Camp ដែល​ការ​បោះជំរំ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ក្លឹប PTT Bluewave Chonburi Futsal Club ក្នុង​ខេត្ត ឈុន​ប៊ុ​រី ប្រទេស​ថៃ​។​

​ដោយមាន​ការគាំទ្រ​ពី ម៉ៃ​ឡូ អត្ត​ព​លិ​ក​កម្ពុជា​ទាំងពីរ​រូបនេះ នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​តំណាង​ចូលរួម​មកពី​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា​។ ម៉ៃ​ឡូ គឺជា​ស្ថាប័ន​ដ៏​សកម្ម​មួយ​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តែងតែបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការឧបត្ថម្ភ​ជា​សម្ភារ និង​សម្លៀកបំពាក់​កីឡា គ្រឿង​បរិក្ខារ​កីឡា និង​សម្ភារ​សិក្សា​ជាច្រើន​ទៀត​។​

​លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ឲ្យ​ដឹងថា​លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បានឃើញ​អត្ត​ព​លិ​ក​កម្ពុជា ត្រូវបាន​ផ្តល់ឱកាស​ឱ្យចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​លើកដំបូង​។

​លោក​បាន​បន្តថា “​បាល់ទាត់ ជា​កីឡា​មួយ​ប្រភេទ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​និង​ត្រូវបាន​ជ្រើសរើស​ជា​ប្រភេទ​កីឡា​ម្យ៉ាង​សម្រាប់​បង្រៀន​ក្មេងៗ​នូវ​បំ​និ​ន​ជីវិត​សំខាន់ៗ​ជាច្រើន​។ យើង​មានបំណង​លើកទឹកចិត្ត​គ្រប់ការ​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​វិស័យនេះ ហើយក៏​ចង់ឃើញ​កីឡាករ​កម្ពុជា ត្រូវបាន​ផ្តល់ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ ក្រោម​ការបង្ហាត់បង្រៀន​កម្រិត​ខ្ពស់បំផុត​បែបនេះ​ផងដែរ​។ យើង​សង្ឃឹមថា​តាមរយៈ​ការចូលរួម​គាំទ្រ​អត្ត​ព​លិ​ក​វ័យក្មេង​ទាំងនេះ ដោយសារតែ​ជំនាញ និង​អត្ត​ច​រិ​ក​របស់​ពួកគេ​បាន​ផង​នោះ នឹងធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ភាព​រីកចម្រើន និង​ជោគជ័យ​ជា​បន្តទៀត នេះ​ក៏​ដោយសារ​ការគាំទ្រ​រប​ស់ ម៉ៃ​ឡូ ផងដែរ សូម​អរគុណ ម៉ៃ​ឡូ “​។​

​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៧​ដើម្បី​ផ្តល់ឱកាស​និង​បណ្តុះបណ្តាល​ដល់​កុមារ​រាប់ពាន់នាក់​ដែល​មកពី​បណ្តា​ប្រទេស​នាៗ​នៅ​ទូទាំង​ពិភពលោក​ដែល​ត្រូវបាន​បង្កើត​យ៉ាង​សម្រិតសម្រាំង​បំផុត​ដោយ ម៉ៃ​ឡូ ដើម្បី​ជួយ​សម្រួច​នូវ​របៀប​នៃ​ការលេង​កីឡា​សម្រាប់​កុមារភាព ដែល​វា​ជំរុញ​កុមារ​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ និង​មាន​ភាពរហ័សរហួន​តា​មរយៈ​ការផ្តល់ឱ្យ​ពួកគេ​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​រីករាយ​ទទួលយក​ការហ្វឹកហ្វឺន​កម្រិត​ពិភពលោក​ដ៏​ស្រួចស្រាល់​មួយ​នេះ​។​

​លោក Mang Kunno នាយក​គ្រប់គ្រង​ការអភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន​Nestlé ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​ម៉ៃ​ឡូ បាន​នឹង​កំពុង​គាំទ្រ​ចំពោះ​សុខភាព និង​ជា​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៧​មកម្ល៉េះ ហើយ​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្លឹប FC Barcelona នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលដៅ​នេះ​។ ការជំរុញ ការលើកទឹកចិត្ត និង​ការគាំទ្រ​កុមារ​កម្ពុជា​ឱ្យទទួល​បាន​ភាព​រីកចម្រើន​តាមរយៈ​វិស័យ​កីឡា បាន​ឆ្លុះបញ្ចាំង​ពី​គោលបំណង​របស់​ក្រុមហ៊ុន Nestlé ក្នុង​ការជួយ​ប្រជាជន​ឱ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់ជូន​នូវ​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ សុខភាព​កាន់តែ​ល្អ និង​សេចក្តីសុខសាន្ត​”​។​

​កីឡាករ​វ័យក្មេង​ទាំងពីរ​រូបនេះ ដែលមាន​អាយុ ១០​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​ក្មេងៗ​ដែលមាន​ទេពកោសល្យ​ទាត់​បាល់​ល្អ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ មានការ​សង្ឃឹមទុក​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ហើយ​ពួកគេ​អាច​ចែករំលែក​នូវ​ចំណេះដឹង ជំនាញ​ដែល​ទទួលបាន​នេះ​ទៅដល់​មិត្តភក្តិ និង​មិត្ត​រួម​ក្រុម​ក្រោយ​ពេលដែល​ពួកគេ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។​

​សម្រាប់​កម្មវិធី​បោះជំរំ MILO Camp នេះ ពួកគេ​នឹងចូលរួម​ជាមួយ​ក្រុមកីឡា​ករ​វ័យក្មេង​ចំនួន ៥២ នាក់​ទៀត ដែល​សុទ្ធសឹងតែ​ជា​កីឡាករ​ឆ្នើមៗ​ដែល​ត្រូវបាន​ចម្រាញ់​មកពី​ការប្រកួត MILO Futsal 2018​ក្នុងឆ្នាំនេះ​។​ក្នុង​កម្មវិធី​«​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ក្លឹប​Barcelona»​ឬ​The Road to Barcelona កីឡាករ​ចំនួន​៨​នាក់​ក្នុងចំណោម​កីឡាករ ៥២ នាក់​ក្នុង​ជំរំ MILO Camp ដែលមាន​អាយុ​ចន្លោះ​ពី ៧-១២ ឆ្នាំ នឹងត្រូវ​បានជ្រើសរើស ដើម្បី​មានឱកាស​ធ្វើដំណើរ​ទៅកាន់ Barcelona​នា​ខែតុលា ខាងមុខនេះ​សម្រាប់​វគ្គ​ហ្វឹកហាត់​ដែល​ធ្វើឡើង​ដោយ​គ្រូបង្វឹក​លំដាប់​កំពូលៗ​របស់​ក្លឹប​មួយ​នេះ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើម​ឆ្នាំនេះ លោក Xavier Closas ដែលជា​ប្រធាន​គ្រូបង្វឹក​ក្លិប​បាល់ទាត់ Barcelona បានបញ្ជាក់​ឲ្យ​ដឹងថា “​នៅ​ក្លឹប​បាល់ទាត់ Barcelona យើង​ជឿថា កុមារ​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​តាមរយៈ​ការរៀនសូត្រ​ពី​តម្លៃ​នៃ​កីឡា រួមមាន​៖ កិច្ចខិតខំ​ប្រឹងប្រែង ការគោរព​ខ្លួនឯង ការគោរព​ដល់ដៃ​គូប្រកួត​ប្រជែង និង​ការគោរពវិន័យ​ការងារ ឬ​ការប្រកួត ការចេះ​ធ្វើ​ការងារ​ជា​ក្រុម ការចេះ​បន្ទាបខ្លួន និង​ការជឿជាក់​ក្នុងការ​សម្រេច​ឲ្យ​បាន​បាន​នូវ​មហិច្ឆតា​របស់​ពួកគេ​។

​គួរ​ជម្រាប​ថា​ក្រុម​អត្ត​ព​លិ​ក និង​តំណាង​ក្រសួង​អប់រំ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែសីហា ដើម្បី​ទៅ​ចូលរួម​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ខេត្ត Chonburi ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែសីហា តទៅ​។ ការហ្វឹកហាត់​ផ្លូវការ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣១ ខែសីហា ដោយមាន​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ រួម​ជាមួយនឹង​គ្រូបង្វឹក​នាំមុខគេ​មកពី​ក្លឹប FC Barcelona៕ ល​