កីឡាករ​បាល់បោះ​ជប៉ុន ៤ នាក់ ត្រូវបាន​បញ្ឈរជើង​១​ឆ្នាំ បន្ទាប់ពី​ទិញ​សេវា​ផ្លូវភេទ​នៅ​ឥណ្ឌូនេស៊ី​

818
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា​ថា កីឡាករ​បាល់បោះ​ជប៉ុន ៤ នាក់​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​កីឡា​អាស៊ី​សម្រាប់​ការទិញ​សេវា​ពេស្យាចារ​ដើម្បី​រួមភេទ នឹងត្រូវ​ផ្អាក​១​ឆ្នាំ​។​

​ប្រធាន​សមាគម​បាល់បោះ​ជប៉ុន​លោក យូ​កូ មី​តស៊ូ​យ៉ា បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា កីឡាករ​ទាំង​៤​នឹង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូលរួម​ប្រកួត​ជា​ផ្លូវការ​ក្នុង​រយៈពេល​១​ឆ្នាំ ដោយ​បន្ថែមថា សកម្មភាព​របស់​ពួកគេ “​ធ្វើឱ្យ​ខូច​កិត្តិយស​និង​ការជឿទុកចិត្ត​លើ​ពិភព​កីឡា​របស់​ជប៉ុន​”​។​

​ទោះយ៉ាងណា លោក​មី​តស៊ូ​យ៉ា​បាន​បន្ថែមថា ពួកគេ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ហ្វឹកហាត់​។​

​កីឡាករ​ទាំង​៤​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​តំបន់​ភ្លើង​ក្រហម​ដ៏​ល្បីល្បាញ​នៃ​រដ្ឋធានី​ហ្សា​ការ​តា​របស់​ឥណ្ឌូនេស៊ី​ដោយ​ស្លៀកពាក់​ឈុត​ជម្រើសជាតិ ហើយ​ត្រូវបាន​បញ្ជូនទៅ​ស្រុក​វិញ​យ៉ាង​អាម៉ាស់​បំផុត​។​

​ការបណ្តេញ​កីឡាករ យូ​យ៉ា ណាហ្គា​យ៉ូ​ស៊ី​, តា​គូ​យ៉ា ហា​ស៊ី​ម៉ូតូ​, តា​គូ​ម៉ា សា​តូ និង ឃី​តា អ៊ី​ម៉ា​មូរ៉ា បានធ្វើឱ្យ​អាម៉ាស់​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​ជប៉ុន ដែល​កំពុង​ត្រៀម​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

កីឡាករ យូ​យ៉ា ណាហ្គា​យ៉ូ​ស៊ី​, តា​គូ​យ៉ា ហា​ស៊ី​ម៉ូតូ​, តា​គូ​ម៉ា សា​តូ និង ឃី​តា អ៊ី​ម៉ា​មូរ៉ា សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​របស់​ពួកគេ​នាពេល​ថ្មីៗ​នេះ