កីឡាករបាល់ទាត់អន្តោប្រវេសន៍ ឈ្មោះ ហាឃីម អាល់អារ៉ៃប៊ី បានចាកចេញពីប្រទេសថៃកាលពីថ្ងៃអង្គារទី១២កុម្ភៈបន្ទាប់ពីរដ្ឋាភិបាលក្រុងបាងកកបានទម្លាក់ចោលករណីធ្វើបត្យាប័នប្រឆាំងនឹងរូបគេតាមការស្នើសុំរបស់បារ៉ែន ដោយបញ្ចប់ការឃុំឃាំងរយៈពេលពីរខែដែលធ្វើឱ្យមានការខឹងសម្បារជាសកល។
អារ៉ៃប៊ីអាយុ ២៥ ឆ្នាំ អតីតកីឡាករយុវជនជម្រើសជាតិបារ៉ែន ត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួននៅអូស្ត្រាលី បន្ទាប់ពីរត់គេចពីការចោទប្រកាន់ក្នុងប្រទេសសម្បូរប្រេងនេះដោយជាប់ទៅទងនឹងការតវ៉ាបដិវត្តន៍អារ៉ាប់។
ប៉ុន្តែគាត់ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងបាងកកតាមការស្នើសុំរបស់បារ៉ែនកាលពីនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅពេលគាត់បានមកដល់ប្រទេសថៃសម្រាប់ការក្រេបទឹកឃ្មុំរបស់គាត់។
គាត់ត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារនៅទីក្រុងបាងកករង់ចាំសាលក្រមរបស់តុលាការលើសំណើសុំធ្វើបត្យាប័នពីប្រទេសបារ៉ែន ជាចំណាត់ការមួយដែលកីឡាករបាល់ទាត់រូបនេះជំទាស់ប្រឆាំង ដោយនិយាយថា គាត់បារម្ភអំពីការធ្វើទារុណកម្ម ប្រសិនបើត្រឡប់ទៅស្រុកវិញ។
លោកចាត់ជុម អាកាពីន អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិនៃការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ថ្ងៃចន្ទបាននាំឱ្យមកនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរដ្ឋាភិបាលបារ៉ែន ដែលបានទម្លាក់ចោលសំណើសុំធ្វើបត្យាប័ននេះ។
លោកអាកាពីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងត្រូវបានជូនដំណឹងថាបារ៉ែនចង់ដកសំណើធ្វើបត្យាប័ន…ប្រសិនបើពួកគេមិនចង់បានគាត់ទេ យើងគ្មានហេតុផលអ្វីដើម្បីរក្សាទុកគាត់នៅទីនេះទេ”។
បន្ទាប់ពីផុតពាក់កណ្តាលអាធ្រាត្រឆ្លងចូលថ្ងៃអង្គារ កីឡាករបាល់ទាត់រូបនេះបានឡើងជិះយន្តហោះ Thai Airways ឆ្ពោះទៅកាន់ក្រុងមែលប៊ន៕ ដោយ៖ កញ្ញាដាលីស