កីឡាករ​វាយ​សី​ថ្នាល ៤ រូប នឹង​ចេញទៅ​ប្រកួត​នៅ​កូរ៉េ​

131
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កីឡាករ​វាយ​សី​ថ្នាល ៤ រូប នឹង​ចេញទៅ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Woncheon YONEX Korea junior Open International Challenge 2019 នៅ​ទីក្រុង Miryang City នៃ​សាធារណរដ្ឋ​កូរ៉េ ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការ​ស្ដីទី សហព័ន្ធ បាន​ឲ្យ​ដឹងថា ការប្រកួត នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៥ តុលា ដល់​ថ្ងៃទី​២ វិច្ឆិកា ។ លោក​មិនបាន​ដឹងថា មាន​ប្រទេស​ប៉ុន្មាន ចូលរួម​ឡើយ តែ​ការប្រកួត​បើកទូលាយ (Open) ជា​លក្ខណៈ​បែបនេះ នឹងមាន​ប្រទេស​ច្រើន ចូលរួម​មិន​ខាន​។​

ទិដ្ឋភាព​ប្រកួត កន្លងមក​

​ម្យ៉ាងវិញទៀត ការប្រកួត សម្រាប់​កម្រិត​ថ្នាល​បែបនេះ ប្រទេស​នានា នៅលើ​ពិភពលោក នឹង​បញ្ជូន​កីឡាករ​របស់គេ ទៅ​ចូលរួម​ច្រើន ព្រោះ​គេច​ង់​ឲ្យ​កីឡាករ វ័យក្មេង​របស់គេ ទទួលបាន​នូវ​បទពិសោធន៍ នៃ​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ ។​

​ការ​ចេញទៅ​ប្រកួត​នេះ ភាគី​ម្ចាស់ផ្ទះ រ៉ាប់រង​លើ​ការ​ស្នាក់នៅ និង​ហូបចុក ។ ចំពោះ​ទិដ្ឋាការ សំបុត្រ​យន្ដហោះ ទៅវិញទៅមក ព្រមទាំង​ប្រាក់​ហោប៉ៅ គឺ​គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (Camsoc) ជា​អ្នករ៉ាប់រង​។ ការ​ចេញទៅ​ប្រកួត​នេះ បានទទួល​ការយល់ព្រម ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​លោក​ឩ​ត្ត​ម​សេនីយ៍ កែវ រស់ ដែលជា​សមាជិក​ប្រតិបត្តិ របស់​សហព័ន្ធ គឺជា​ប្រធាន​ប្រតិភូ លោក ព្រំ សា​រ៉ាវុធ ជា​គ្រូបង្វឹក ចំពោះ​កីឡាករ ៤ រូបនោះ មាន​កីឡាករ ភា សុ​ថៃ កីឡាករ វ៉ា​ត់ វណ្ណ​ធុន កីឡាករ ហេង ម៉េង​លាភ និង​កីឡាករ យ៉ាំ សំណាង ៕v

ទិដ្ឋភាព​ប្រកួត កន្លងមក​